កែវ គូនីឡា ល្...

កែវ គូនីឡា ល្បី​ឈ្មោះ​ក្នុង​គ្រួសារ​ Blogger

កញ្ញា កែវ គូនីឡា នៅប្រទេសអាហ្រ្វិច

ចូលទៅកាន់គេហទំព័រ Google វាយពាក្យថា KEO ដកឃ្លា KOUNILA នោះគេនឹងឃើញនូវ Link ជាច្រើន នឹង​បង្ហាញជា​ក់ជា​មិនខាន។ ជាទូទៅ ឈ្មោះ​ដែល​បាន​បង្ហាញនៅ​លើគេ​ហទំព័រ Google ច្រើនជាអ្នកដែលមានឈ្មោះ​ស្រដៀង​នឹង​មនុស្ស​ល្បីៗ​ដូចជា ប្រធានាធិបតី មនុស្សអច្ឆរិយៈ តារា តន្ត្រីករ ឬអ្នក​បា្រជ្ញ​ល្បីៗ​ដែល​បាន​រក​ឃើញនូវ​របក​គំហើញ​អ្វី​មួយ។

កញ្ញា កែវ គូនីឡា

យ៉ាងណា​មិញ​ពាក្យ​ថា Keo Kounila មួយនេះ គឺនិយាយ​សំដៅ​ទៅ​លើ​យុវតី​មួយ​រូប​ដែល​មាន​វ័យ​ប្រមាណ​ជា​២៤​ឆ្នាំ​ម្នាក់ ឈ្មោះ​ថា កែវ គូនីឡា​ដែល​បាន​កែ​ប្រែ​ជីវិត​របស់​នាង​ពី​ក្មេង​ស្រី​ដែល​ធ្វើ​ការងារ​ចម្ការ រហូត​បាន​ក្លាយ​ទៅ​ជា​អ្នក​កាសែត និង​ជា​អ្នកសរសេរ Blog ស្រី​វ័យ​ក្មេង​ដ៏​ល្បី​ឈ្មោះ​ម្នាក់​នៅ​ប្រទេស​កម្ពុជា។

នីឡា បាននិយាយ​ថា ៖ “​ខ្ញុំមិន​ដែល​គិតថា ខ្ញុំគឺ​ជា​Blogger ល្បី​អីនោះ​ទេ គឺ​មាន​មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត​ដែល​មាន​លក្ខណៈ​ពិសេស និង​ពូកែ​ជាង​ខ្ញុំ​រាប់​រយ​ដង​ឯណោះ។ ការ​ពិត​ទៅខ្ញុំ​គ្រាន់​តែ​សរសេរ​នូវអ្វី​ដែល​ខ្ញុំ​បាន​មើល​ឃើញ​នៅ​ក្នុង​សង្គម និង​នៅជុំវិញ​ខ្លួន​ខ្ញុំ​តែ​ប៉ុណ្ណោះ”។

ថ្វិត្បិត​តែ​យុវតី​មួយរូប​នេះ​មាន​វ័យ​មិន​ច្រើន​ប៉ុន្មាន ប៉ុន្តែ​កញ្ញា​មាន​បទ​ពិសោធ និង​ចំណេះដឹង​យ៉ាង​ច្រើន​ពាក់​ព័ន្ធ​នឹងប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាបទយកការណ៍ ការ​ស្រាវ​ជ្រាវ និង​ការ​សរសេរ​អត្ថបទ​ជា​ច្រើន​។

សព្វ​ថ្ងៃនេះ នីឡា គឺជា Freelance News Media Consultant របស់ស្ថាប័ន និង អង្គការ​មួយ​ចំនួន ព្រម​ទាំង​ជា Correspondent for Cambodia Section នៅ Asia 360 News។ ជាងនេះទៅទៀត កញ្ញា​ក៏​ជា​អតីត Freelance senior writer ឱ្យ​ទស្សនា​វដ្តី LIFT នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍  ជា Freelance journalist នៅ Associated Press (AP) និង Agence France Presse (AFP) ដែលជាស្ថាប័នកាសែតអន្តរជាតិ។ កញ្ញាក៏ជា អ្នកបកប្រែ អ្នកស្រាវជ្រាវ និងអ្នកយកការណ៍ Freelance នៅ Christian Science Monitor IRIN, UN news agency, ABC Australia Unleashed, Los Angeles Times, www.scidev.com, UNICEF Cambodia, Australian Red Cross, និង Global Voices ។ល។

កញ្ញា នីឡា និងអតីតនាយករដ្ឋមន្រ្តីទី៤នៃប្រទេសម៉ាឡេស៊ី លោក Mohathir Mohamad និងភរិយា

កញ្ញា បានលើកឡើងថា កញ្ញាបាន​ចាប់ផ្តើម​ការងារ​ជាFreelancer ដំបូងគឺនៅ AFP ដោយសារ​តែ​ពេលនោះ​កញ្ញា​ត្រូវ​ធ្វើការ​ចុះ​កម្ម​សិក្សា​នៅ​ទីនោះ​រយៈបីខែ បន្ទាប់​​មក​​ទៀត​ ដោយសារតែទីនោះ​ត្រូវការ​បុគ្គលិក​បន្ថែម ហើយ​កញ្ញា​ផ្ទាល់​មាន​ការ​ចូលចិត្ត​ផ្នែក​សរសេរ​ផង​នោះ កញ្ញា​ក៏​ធ្វើ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​នៅ​ទីនោះ​តែ​ម្តង។

ក្រោយមកទៀត ដោយទឹក​ចិត្ត​ស្រឡាញ់​ផ្នែក​សារព័ត៌មាន និងចំណង់​ចង់​អភិវឌ្ឍ​ខ្លួនឯង​ឱ្យកាន់​តែ​រីក​ចម្រើន​ផង​នោះ នីឡា​បាន​ខិតខំ​ពង្រឹង​ខ្លួន​ឯង​ពាក់ព័ន្ធ​នឹង​ការ​សរសេរ និង​ផ្សព្វផ្សាយ​ដោយ​ការ​ធ្វើការ​នៅតាម​បណ្តា​អង្គការ និងស្ថាប័ន​សារព័ត៌មាន​ជា​ច្រើន​ផ្សេង​ទៀត​បែបនោះ​តែម្តង។

នីឡាបាន​និយាយ​ទៀត​ថា ៖ “វាប្​រហែល​មក​ពី​ការងារ​នោះ​ជា​ការងារ​ដែល​ខ្ញុំ​ស្រឡាញ់​ផង ចង់ពង្រឹង សមត្ថភាព​ខ្លួនឯង​ផង ហើយ​ណាមួយ​ទៀត​ខ្ញុំចង់ពឹង​លើ​ខ្លួនឯង​ដើម្បី​ផ្គត់ផ្គង់​ការ​សិក្សា និងចង់​ជួយ​បន្ធូរ​បន្ទុក​គ្រួសារ​របស់​ខ្ញុំផង​នោះ ដែលជា​ហេតុធ្វើ​ឱ្យខ្ញុំ​ធ្វើការ​យ៉ាងច្រើន​បែបនេះ”។

កញ្ញា នីឡា និងមិត្តភក្តិជនជាតិវៀតណាម និង ឥណ្ឌូណេស៊ី

ពាក់ព័ន្ធ​នឹង​ប្រវត្តិ​នៃ​ការ​សិក្សា​របស់​កញ្ញា នីឡាក៏បាន​និយាយ​បក​ទៅក្រោយប​ន្តិច​ថា ៖ នៅពេល​ដែល​កញ្ញាបាន​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ភ្លាម​នោះ គឺ​កញ្ញា​បាន​ទៅ​សិក្សា​វគ្គ​ខ្លី​ស្តី​ពី​ភាសាអង់គ្លេស​សម្រាប់​ជំនួញ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និងវិទ្យាសាស្រ្ត​សេដ្ឋកិច្ច។ នាឆ្នាំបន្ទាប់ កញ្ញាបានទទួលអាហាររូបករណ៍ នៅ​ដេប៉ា​តឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍ ដែល​ហៅកាត់​ថា DMC នៅ​សាកល​វិទ្យាល័យ​ភូមិ​ន្ទ​ភ្នំពេញ។

កញ្ញា បាន​រៀបរាប់​បន្ត​ថា ៖ “នៅ​ពេល​ដែល​រៀន​បាន​ឆ្នាំ​ទីពីរ​នៅ DMC ពេលនោះ​ខ្ញុំ​ចង់​ពង្រឹង​សមត្ថភាព​នៃ​ការ​សរសេរ​របស់​ខ្ញុំ​ណាស់ ហើយ​ពេល​នោះ​មិន​ដឹង​ថា​ធ្វើ​យ៉ាងម៉េច ក៏ចេះ​តែ​ជិះ​ដើរ​រក ដើរ​សុំ​គេ​សរសេរ​នៅតាម​ស្ថាប័ន​កាសែត និង​ទស្សនា​វដ្តី​ណា​ក៏ដោយ​ឱ្យ​តែគេ​ឱ្យសរសេរ​ចេះ​តែ​ទៅ​ហើយ។ ក្រៅ​ពីនោះ​ទៅ ខ្ញុំ​តែងតែ​ខំ​សរសេរ Blog ព្រោះ​វា​ជា​មធ្យោបាយ​មួយ​ដែល​ឱ្យខ្ញុំ​អាច​មាន​ឱកាស​សរសេរ​បាន”​។

ដោយសារ​តែ​កញ្ញា​បាន​ចំណាយ​ពេល និង​កម្លាំងកាយ ចិត្ត​ជា​ច្រើន​ក្នុង​ការ​សរសេរ​អត្ថបទ​ទាំង​នៅតាម​ស្ថាប័​ន​នានា និង​នៅ​ក្នុង​គេហទំព័រ Blog របស់​កញ្ញា​ផ្ទាល់ ដែល​ជា​ហេតុធ្វើ​ឱ្យ​កញ្ញា​ទទួល​បាន​បទ​ពិសោធ និងឱកាស​ទៅចូល​រួម​សន្និសីទ ក៏​ដូចជា​វគ្គ​សិក្សា​ខ្លី​ៗ​នៅ​បរទេស​ដូច​ជា អាល្លឺម៉ង់ រូស្ស៊ី អាហ្សង់ទីន សិង្ហបុរី ឥណ្ឌូ​ណេស៊ី អ៊ីតាលី គ័រតារ ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិច និងអាហ្វ្រិកខាងត្បូង ។ល។

ការ​ចេញ​ទៅ​បរទេស​ជា​ញឹកញាប់​ដើម្បី​ចូលរួម​កម្មវិធី វគ្គសិក្សា និងសន្និសីទ​ជាច្រើន​បែបនេះ បូករួម​នឹង​អត្ថបទ​ដែល​កញ្ញា​បាន​សរសេរ ភាគ​ច្រើន​ជា​អត្ថបទ​ជា​ភាសា​អង់គ្លេស​ផង​នោះ គឺ​តម្រូវ​ឱ្យ​កញ្ញា​ត្រូវ​ចេះ​ភាសា​អង់គ្លេស​យ៉ាង​ស្ទាត់​គ្រាន់​បើ​ដែរ ប៉ុន្តែ​ចំពោះ​នីឡា​វិញ កញ្ញា​ពុំបាន​ទទួល​ការ​សិក្សា​ភាសា​អង់គ្លេស​នៅ​សាលា​អន្តរជាតិ​ណា​មួយ​នោះ​ឡើយ។

កញ្ញា នីឡា និងអ្នកអង្គម្ចាស់ នរោត្តម សោម៉ា

កញ្ញា​បាន​បន្ថែម​ទៀត​ថា ៖ “នៅពេល​ដែល​ខ្ញុំ​នៅ​រៀន​នោះ ធ្លាប់មាន​មិត្តភក្តិ​របស់​ខ្ញុំ​ម្នាក់​សួរ​ខ្ញុំថា​តើខ្ញុំ​ធ្លាប់​ចង់​ទៅ​រៀន​នៅ​សហរដ្ឋ​អាមេរិច​ដែរ​ឬទេ​ ពេល​នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា ភ្ញាក់​តែ​ម្តង ព្រោះថា​ខ្ញុំ​មិន​ដែល​ធ្លាប់​គិត​ស្រមៃ​ថា​ខ្លួនឯង​អាច​មាន​ឱកាស និង​លទ្ធភាព​អាច​ទៅ​បរទេស​បាន​នោះ​ឡើយ​”​។​

សព្វថ្ងៃនេះ កញ្ញា នីឡា​កំពុង​តែ​ធ្វើ​គម្រោង​រួមគ្នា​ជាមួយ​នឹង​អ្នក​សរសេរ Blog នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​រៀបចំ​នូវ​កម្មវិធី Blog Fest Asia នៅ​ទឹក​ដី​អង្គរ ខេត្ត​សៀមរាប នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ជា​លើក​ដំបូង​បង្អស់ ដែល​កម្មវិធី​នេះនឹង​ចួលរួម​ដោយ​អ្នក​សរសេរ Blog ជាង​ពីរ​រយនាក់​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

បន្ថែមពីនេះទៅទៀត កញ្ញា​ នីឡាក៏​ជា​បុគ្គល​ដែល​សំខាន់ មួយរូប​ដែល​មាន​គំនិត​ផ្តួចផ្តើម បង្កើត​ជា​ក្រុម​យុវជន​កុនខ្មែរ​កូនខ្មែរ បាន​រៀចំ​កម្មវិធី និង ព្រឹតិ្តការណ៍​ផ្សេង​ៗ​ជា​ច្រើន​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង​ដែរ ដែលមាន​ពេលខ្លះ​ធ្វើឱ្យ​កញ្ញា​ផ្ទាល់មាន​សម្ពាធ និង នឿយហត់​នឹង​ការងារ​ជា​ខ្លាំង​។

កញ្ញា កែវ គូនីឡា នៅប្រទេសអាហ្រ្វិច

កញ្ញា បាន​ប្រាប់ពី​បទពិសោធ​ផ្ទាល់​របស់​កញ្ញា​ នៅពេល​ដែល​កញ្ញា​រង​នូវ​សម្ពាធ​ការងារ​ថា ៖ “មាន​ពេលខ្លះ​អស់​កម្លាំង​ពេក ខ្ញុំ​តែង​តែ​គេង​មួយ​ស្របក់​ហើយ​ក្រឡេក​មើល​អ្នក​ដ៏ទៃ ហើយ​ខ្ញុំ​តែង​តែ​ប្រាប់​ខ្លួន​ឯង​ថា បើ​ខ្ញុំ​បោះបង់​ចោល​នៅ​ពេល​ឥឡូវ​នេះ ខ្ញុំ​នឹង​បាត់​បង់អ្វីៗ​ដែល​​យើង​បាន​ខំប្រឹង​ពីបាត​ដៃ​ទទេរ​នោះ​ទាំង​អស់” ។

ជា​ចុងក្រោយ កញ្ញា​បាន​និយាយ​បន្ថែម​ថា ៖ “ប្រសិន​បើ​ យើងបាន​ធ្វើអ្វី​មួយ ហើយ​គិត​ថា​វា​ស្ថិត​នៅ​ក្នុង​តំបន់​មួយ​ដ៏​ជោគ​ជ័យ​រហូត​ដល់​យើង​មិន​ព្រម​មើល​ទៅ​មុខ​បន្ត​ទៀត​នោះ យើង​ប្រហែល​ជា​ពុំមាន​ឱកាស​ដឹងថា​ តើ​ខ្លួន​យើង​អាច​នឹង​មាន​សមត្ថភាព​ធ្វើអ្វី​បាន​ខ្លះ​ទៀត​នោះ​ឡើយ” ៕

Blogfest

អត្ថបទដោយ មែរ ច័ន្ទប៉ូលីដេត