វត្តមាន​កម្ពុ...

វត្តមាន​កម្ពុជា​ក្នុង​ខ្សែ​ភាព​យន្ត​បរទេស

សកម្មភាពរបស់ លោកឆាយ បូរ៉ា ពេលលោកកំពុងដឹកនាំសម្តែងក្នុងរឿង 3:50

អត្ថបទដោយ៖ ម៉ៅ ច័ន្ទដាលី និង យ៉ង ចាន់តារា
កែសម្រួលអត្ថបទដោយ៖ ទី សម្ផស្សវិច្ឆិកា

នាពេលថ្មីៗកន្លងមកនេះ ក្រុមផលិតករនៃសាធារណរដ្ឋកូរ៉េ បានបង្ហាញវត្តមានរបស់ខ្លួននៅតំបន់ប្រាសាទអង្គរវត្ត ប្រទេសកម្ពុជា ដើម្បីថតខ្សែភាពយន្តមួយដែលមានចំណងជើងថា “IRIS 2” ។ តាមរយៈការមកដល់របស់ផលិតករបរទេស កម្ពុជាត្រូវបានរំពឹងថានឹងទទួលបានផលប្រយោជន៍ជាច្រើន បន្ទាប់ពីខ្សែភាពយន្តនេះចាក់បញ្ចាំង។

លោក ជៀប សុវិជ្ជា ដែលជានាយកគណៈកម្មការភាពយន្តកម្ពុជា ដែលហៅកាត់ថាCFC បានប្រាប់ពីមូលហេតុដែលក្រុមផលិតករភាពយន្តបរទេស ចាប់អារម្មណ៍ទឹកដីកម្ពុជាដើម្បីផលិតខ្សែភាពយន្តថា ៖ «គេ [ផលិតករបរទេស] ចូលមកថតនៅកម្ពុជាអាស្រ័យទៅលើកត្តាធំ 3។ ទីមួយគឺ ស្ថិរភាពនយោបាយ ទីពីរ សន្តិសុខប្រទេស និងទីបី ទីផ្សារ [ពលកម្ម] ក្នុងស្រុកខ្មែរមានតម្លៃទាប»។

លោកបានបន្តថា វត្តមានរបស់ក្រុមភាពយន្តបរទេស បានផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់កម្ពុជា។ លោកបានបញ្ជាក់ថា ការទទួលប្រយោជន៍ដោយផ្ទាល់ សំដៅទៅលើការចំណេញខាងវិស័យសេដ្ឋកិច្ច ដោយផលិតករបរទេសទាំងនោះ បានចំណាយទៅលើសណ្ឋាគារ ការដឹកជញ្ជូន ភោជនីយដ្ឋាន ពលករ ក៏ដូចជាមានការជួលអ្នកសម្តែងខ្មែរ និងសម្ភារៈផ្សេងៗ។

សកម្មភាពរបស់លោក ឆាយ បូរ៉ា ពេលលោកកំពុងដឹកនាំសម្តែងក្នុងរឿង 3:50

ចំណែកអត្ថប្រយោជន៍ដោយប្រយោលវិញ លោក សុវិជ្ជា បានឱ្យដឹងថា នៅពេលខ្សែភាពយន្តត្រូវបានចាក់បញ្ចាំង វានឹងអាចជួយផ្សព្វផ្សាយពីរមណីយដ្ឋានទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ដែលនឹងធ្វើឱ្យជនបរទេសកាន់តែស្គាល់ និងចង់ធ្វើដំណើរកម្សាន្តមកកាន់តំបន់នោះ ដែលនេះនឹងជួយដល់កំណើននៃវិស័យទេសចរណ៍នៅកម្ពុជា និងចូលរួមកាត់បន្ថយភាពក្រីក្រ។

ក្នុងការថតខ្សែភាពយន្ត IRIS 2 នេះ គេឃើញមានការចូលរួមរបស់តារាសម្តែង ដូចជា លោក លី ប៊ុមស៊ូ (Lee Bum Soo) និងកញ្ញា អ៊ិម ស៊ូហ្យាង (Im Soo Hyang) និងតារាចម្រៀងក្នុងក្រុមប៊ីស (Beast) លោក យូន ដូជូន (Yoon Do Joon) របស់កូរ៉េខាងត្បូង។

យោងតាមគេហទំព័រស៊ូមពី (soompi.com) បានឱ្យដឹងថា កម្ពុជា ជាទីតាំងដ៏សំខាន់នៅក្នុងដំណើររឿង «IRIS 2» ដែលនឹងផ្តិតយកសកម្មភាពតួអង្គ រួមនឹងទេសភាពពីលើអាកាសដ៏ស្រស់ត្រកាលនៃតំបន់អង្គរ។

លោក ឆាយ បូរ៉ា ផលិតករភាពយន្តខ្មែរមួយរូប ក៏មានយោបល់ប្រហាក់ប្រហែលនឹងលោកសុវិជ្ជាដែរ។ ថ្មីនេះៗលោកទើបតែ​បញ្ចប់​ការថតខ្សែភាគយន្តអប់រំមួយដែលមានចំណងជើងថា 3:50 ដោយមានការចូលរួម​សហការជាមួយក្រុមផលិតករមកពីប្រទេសសិង្ហបុរី។

លោក ឆាយ បូរ៉ា បានមានប្រសាសន៍ថា ផលិតករបរទេស បានសម្លឹងឃើញពីសម្បត្តិវប្បធម៌ធម្មជាតិរបស់កម្ពុជា ហើយអ្វីដែលខ្មែរទទួលបានពីវត្តមានរបស់ផលិតករបរទេស គឺការចំណេញខាងសេដ្ឋកិច្ច និងចំណេះដឹងក្នុងការថតខ្សែភាពយន្ត។

លោកបានបញ្ជាក់ថា៖  «យើងទទួលបានផលចំណេញពីការថតខ្សែភាពយន្តតាមរយៈការនាំចេញទំនិញ និងការបង់លុយរបស់ផលិតករបរទេសទៅដល់អាជ្ញាធរក្នុងការសុំសិទ្ធិថត ហើយមួយវិញទៀត ក្រុមខ្មែរយើងអាចយល់ដឹងបន្ថែមពីបច្ចេកវិទ្យាថ្មី ដែលផលិតករបរទេសបាននាំមកជាមួយ»។

ក្រៅពីរឿង “IRIS 2” និង រឿង 3:50 ដែលបានមកថតនៅកម្ពុជាថ្មីៗនេះ ក៏នៅភាពយន្តបរទេសល្បីៗជាច្រើនទៀត ដែលធ្លាប់ត្រូវបានថតនៅកម្ពុជា ដូចជា៖ Transformer 3: Dark side of the moon, Almayer’s Folly, Same Same But Different, The Sea Wall, Lara Croft: Tomb Raider, City of Ghosts, Holy Lola, Two Brothers, និង R Point ។