ករុណា ​ពេជ្រ​...

ករុណា ​ពេជ្រ​៖ ពី​និស្សិត​ផ្នែក​កសិកម្ម​ ក្លាយ​ជា​អ្នក​​ចម្រៀង​ល្បី​ឈ្មោះម្នាក់​

អត្ថបទដោយ ៖ ហេង ហ្គិចលី
កែសម្រួលដោយ ៖ ទី សម្ផស្សវិច្ចិកា

តារាចម្រៀងវ័យក្មេង សំឡេងស្រទន់ ដែលកំពុងមានភាពល្បីល្បាញក្នុងស្រទាប់យុវវ័យនោះ លោក ករុណា ពេជ្យ បានមកលាតត្រដាង ពីដំណើរជីវីតជោគជ័យរបស់លោកក្នុងអាជីពជាអ្នកសិល្បៈ។

លោក ករុណា ពេជ្រ បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងឆ្នាំ២០០៤។ ពីនិស្សិតផ្នែកកសិកម្មម្នាក់ក្លាយទៅជាតារាចម្រៀងល្បីល្បាញមួយរូប ក្នុងផលិតកម្ម TOWN នេះជាចំណុចដែលគួរឱ្យចាប់អារម្មណ៍ ។

ក្នុងវ័យ ២៩ឆ្នាំ លោក ពេជ្រ បានប្រាប់ពីមូលហេតុ ដែលលោកបានសម្រេចចិត្តឈានជើងចូលក្នុងវិស័យសិល្បៈនេះថា « គឺព្រោះតែខ្ញុំមានចិត្តស្រឡាញ់វិស័យសិល្បៈនេះស្រាប់ ក៏ដូចជាមានការជំរុញទឹកចិត្តពីមិត្តភក្តិមួយចំនួនដែលរៀនជាមួយគ្នានៅសាកលវិទ្យាល័យភូមិន្ទកសិកម្មផងដែរ »។

ក្នុងឆ្នាំ២០០៤ លោកបានចូលរួមប្រឡងចម្រៀង ក្នុងកម្មវីធី Nestle ហើយទទួលបាន ចំណាត់ថ្នាក់លេខ១ នេះគឺជាចំណុចចាប់ផ្តើមរបស់លោក ក្នុងវិស័យសិល្បៈ។ លោកបន្តថា អាជីពជាអ្នកចម្រៀងគ្រាន់តែជាផ្នែកមួយសម្រាប់កម្សាន្តបន្ទាប់ពីការសិក្សាតែប៉ុណ្ណោះ ហើយលោកក៏ធ្លាប់មានបំណងចង់ចាប់យកការងារដែលត្រូវជំនាញរបស់លោកវិញផងដែរ។

ទោះបីជាយ៉ាងនេះក្តី លោកសង្កេតឃើញថាសិល្បៈដូចជាមានភាពអំណោយផលខ្លាំងសម្រាប់លោក បន្ទាប់ពីបានចូលប្រឡូកក្នុងវិស័យនេះ។ លោកបាននិយាយថា «ការងារនេះរកចំណូលបានច្រើន ហើយចេះតែមានការងាររវល់ជាប់រហូត ដែលធ្វើឱ្យខ្ញុំគ្មានពេលទៅចាប់យកជំនាញកសិកម្មរបស់ខ្ញុំវិញ»។

ជំហានជោគជ័យរបស់លោក ករុណា ពេជ្រ គឺចាប់ផ្តើមពីការជាប់ចំណាត់ថ្នាក់លេខមួយ បន្ទាប់មកចូលប្រឡូកក្នុងផលិតកម្មរស្មីស្ទឹងសង្កែ ក្នុងឆ្នាំ២០០៤ ហើយបានផ្តូរទៅផលិតកម្ម Classic ក្នុងឆ្នាំ២០០៩។

ឆ្លងកាត់នូវបទពិសោធជាច្រើន បានធ្វើឱ្យលោកយល់កាន់តែច្បាស់ពីអាជីពនេះ។ លោកក៏បាននិយាយឱ្យដឹងទៀតថា ពេលមិនទាន់ល្បី លោកមានការពិបាកក្នុងការរកឱកាសដើម្បីបង្ហាញខ្លួន ហើយនៅពេលដែលលោកបានមានឈ្មោះល្បីហើយនោះ គឺលោកពិតជាពិបាកក្នុងការបែងចែកពេលវេលាជាខ្លាំង។

លោក ពេជ្រ បានលើកឡើងថា៖ “ពេលខ្លះខ្ញុំពិតជារវល់ខ្លាំងណាស់ ជួនកាលពេលយប់ត្រូវទៅបាត់ដំបង រីឯពេលព្រឹកត្រូវទៅខេត្តផ្សេងទៀត តែនេះមិនមែនជាឧបសគ្គរបស់ខ្ញុំនោះទេ ខ្ញុំពិតជាពេញចិត្តនឹងការរវល់របស់ខ្លួន ព្រោះថានៅក្នុងវិស័យសិល្បៈទាល់តែរវល់ទើបល្បី។»

ក្រៅពីភាពជោគជ័យក្នុងវិស័យសិល្បៈនេះ លោក ករុណា ពេជ្រ ក៏មានប្រវត្តិដ៏ជូរចត់មួយចំនួនក្នុងជីវភាពគ្រួសារផងដែរ លោក រស់នៅបែកពីម្តាយរបស់លោក តាំងពីអាយុ១៤ឆ្នាំមកម៉្លេះ។

លោកបានបន្តទៀតថា ម្តាយរបស់លោកបានចាកចេញទៅនៅប្រទេសអាមេរិច ដោយគាត់មានគ្រួសារថ្មីទៀត ហើយបន្សល់ទុកនូវរូបលោក និងប្អូនស្រី ឱ្យរស់នៅជាមួយឪពុក តែមិនយូរប៉ុន្មានឪពុករបស់លោកក៏មានគ្រួសារថ្មីមួយទៀត។ នេះបានជំរុញឱ្យលោកកាន់តែមានការតស៊ូក្នុងជីវិតថែមទៀត។