ទិវា​សេរីភាព​...

ទិវា​សេរីភាព​សារ​ព័ត៌មាន៖ សុវត្ថិភាព​ក្នុង​ការ​និយាយ

អត្ថបទ និងរូបភាពដោយ៖ សាន សែល

ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន អ្នកតំណាងស្ថានទូតអង់គ្លេស អ្នកកាសែត អ្នកច្បាប់ និស្សិត​សារព័ត៌មាន និងដៃ​គូជំនួយខាងសេរីភាព​សារព័ត៌មាន ប្រមាណ១២០នាក់ បាន​ជួបជុំ​គ្នា​នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី កាលពី​ថ្ងៃទី​០៣ ឧសភា ដើម្បី​ប្រារព្ធ​ទិវា​សេរីភាពសារព័ត៌មាន​ពិភពលោក ក្រោម​ប្រធាន​បទ «សុវត្ថិភាព​ក្នុង​ការ​និយាយ»។

ព្រឹត្តិការណ៍នេះ មានការ​រៀបចំ​វេទិកា​ពិភាក្សា ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​អ្នក​សារព័ត៌​មាន​អាជីព និងបណ្តា​អង្គការ​សង្គម​ស៊ីវិល ក្នុង​គោល​បំណង​ពិភាក្សា​ពី​ផល​លំបាក​ និង​បញ្ហា​នានា​ដែល​អ្នក​កាសែត​បាន​ និង​កំពុង​ជួប​ប្រទះ។​

កិច្ចពិភាក្សា​គ្នា​នេះ ក៏បា​ន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើតួ​នាទី​របស់រាជ​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល អង្គការ​ជាតិ អន្តរជាតិ បណ្តាញផ្សព្វ​ផ្សាយ ក្នុង​ការ​ធានា​នូវ​សុវត្ថិភាព​សម្រាប់​ការ​និយាយ​ស្តី​ផង​ដែរ​។

លោក ប៉ែន បូណា និពន្ធ​នាយក​វិទ្យុ​បារាំង​អន្តរជាតិ បាន​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ជួយ​ធានា​នូវ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ដោយការ «ទទួល​យក​វប្បធម៌​ថ្មី​មួយ គឺ​វប្បធម៌​ប្រជាធិប​តេយ្យ និង​វប្បធម៌​ពហុ​គំនិត​ក្នុង​ការ​រិះគន់ និង​ការ​ទទួល​យក​ការ​រិះគន់»។

ឯកឧត្តម ខៀវ កាញ៉ារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

ឯកឧត្តម ខៀវ កាញ៉ារិទ្ធិ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន បាន​ទទួល​ស្គាល់​នូវ​ភាព​សំខាន់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុងការ​ពង្រឹង​លទិ្ធ​ប្រជាធិប​តេយ្យ ដោយ​ឯកឧត្តម មាន​ប្រសាសន៍​ថា សង្គម​កម្ពុជា​ មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​លុះ​ត្រា​តែ​សេរីភាព​សារព័ត៌មាន​ត្រូវ​បាន​ការពារ​ត្រឹម​ត្រូវ​និង​ត្រូវ​បាន​ទទួល​ស្គាល់​ថា​មាន​ឯករាជ្យ​ពេញ​លេញ។

លោក ជេមស៍ ហ៊ីណាន (James Heenan) តំណាង​ស្ដី​ទី​កា​រិយាល័យ​ឧត្ដម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា បាន​និយាយ​ឱ្យ​ដឹង​ផង​ដែរ​ថា​៖​ «[យើង]​ត្រូវ​ធានា​ថា​ច្បាប់​ជា​ពិសេស​ក្រម​ព្រហ្មទណ្ឌ​បាន​ការពារ ​និង​ផ្ដល់​តម្លៃ​ដល់​អ្នក​សារព័ត៌​មាន​ក៏​ដូចជា​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ទៅដល់​មនុស្ស​គ្រប់គ្នា​និង​មិន​ត្រូវ​ឱ្យបទ​ដ្ឋាន​ច្បាប់​ទាំង​នោះ​អនុវត្ត​ផ្ទុយ​ពី​បទដ្ឋាន​ច្បាប់​អន្តរជាតិ​ ដែល​ការពារ​សេរីភាព​បញ្ចេញ​មតិ​»។

នៅក្នុង​សុន្ទរកថា​ដែល​ផ្សាយ​នៅលើ​គេហទំព័រ អង្គការ​យូណេស្កូ ក្នុង​ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក​លើក​ទី​២០ ឆ្នាំ​នេះ លោកស្រី អ៊ីរ៉ីណា ប៊ូកូវ៉ា (Irina Bokova) អគ្គ​នាយក​នៃ​អង្គការ​នេះ បាន​បញ្ជាក់​ថា នេះ​គឺ​ជា​ឱកាស​មួយ​សម្រាប់​មនុស្ស​ជាតិ​ក្នុង​ការ​លើកឡើង​នូវ​ទង់​ជ័យ​សេរីភាព​ដើម្បី​សុវត្ថិភាព​របស់​អ្នក​កាសែត​។​

លោកស្រី​បាន​សង្កត់​ធ្ងន់​ថា៖ «យើង​ទាំងអស់​គ្នា​មាន​សំឡេង​ម្នាក់​មួយ ពោល​គឺ​គ្រប់គ្នា​ត្រូវ​តែ​មាន​លទ្ធភាព​ក្នុង​ការ​និយាយ​ដោយ​សេរី និងសុវត្ថិភាព​»។

យោងតា​ម​មាត្រា​១៩ នៃ​សេចក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស​សរសេរ​ថា សេរីភាព​នៃ​ការ​បញ្ចេញ​មតិ តម្រូវ​ឱ្យ​មាន​បរិយាកាស​សុ​វត្ថិភាព ដែល​អាច​ឱ្យ​មនុស្ស​ទាំងអស់ និយាយ​ដោយ​សេរី​ និង​គ្មាន​ការ​ភ័យ​ខ្លាច​។​

សូមជម្រាប​ផ​ង​ដែរ​ថា រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​នេះ មាន​អ្នក​កាសែត​ប្រមាណ​៦០០ នាក់​នៅ​ទូទាំង​ពិភពលោក ត្រូវបាន​គេ​ធ្វើ​ឃាត ដែល​​ជន​ល្មើស​ប្រាំបួន ក្នុង​ចំណោម​ដប់​ករណី មិន​ត្រូវ​បាន​គេ​យក​មក​ផ្តន្ទាទោស។ ចំណែក​នៅ​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​១​៩៩៣​មក មាន​អ្នក​សារព័ត៌មាន​ជាង ១០នាក់​ត្រូវ​សម្លាប់​៕​

លោក Dennis Schrey, តំណាងមូលនិធិ KAS ប្រចាំកម្ពុជា​