ចំណាប់​អារម្ម...

ចំណាប់​អារម្មណ៍​ចំពោះ​ទស្សនាវដ្តី​ថ្មី​ “ក្រលេកមើល​កម្ពុជា​ ២០១៣”​​

អត្ថបទដោយ៖ ស៊ឹម យុទ្ធី និង ម៉ិច សេរីរ័ត្ត

ខណៈ​ទស្សនា​វ​ដ្តី​​ភាគ​ច្រើន​ក្នុងប្រទេស​កម្ពុជា​ផ្តោត​សំខាន់​ទៅលើ​ការកម្សាន្ត និង​ព័ត៌មាននៅក្នុងរង្វង់សិល្បៈ “ក្រឡេក​មើល​កម្ពុជា ២០១៣” គឺជា​ទស្សនា​វ​ដ្តី​មួយ​ក្បាល​ដែល​មាន​កម្រាស់​ស្តើង​ល្មម ប៉ុន្តែ​បាន​ប្រមូលផ្តុំ​នូវ​ទឹក​ដៃ​របស់​អ្នក​សារពត៌មាន​វ័យក្មេង​មួយក្រុម ។

ក្រុម​អ្នក​សារពត៌មាន​វ័យក្មេង​ទាំងនោះ គឺជា​និស្សិត​ជំនាន់​ទី​១១នៃដេ​ប៉ា​តឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍​ ។ ចំណែកអត្ថបទដែលមាននៅក្នុងទស្សនាវដ្តីនេះ ទាក់ទងទៅ​នឹងនយោបាយ សេដ្ឋកិច្ច អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា សិល្បៈ និង​បែបផែន​ជីវិត​នានា​ដែល​បានកើត​មាន ​ខណៈដែល​កម្ពុជា​កំពុង​បន្តអភិវឌ្ឍន៍​លើគ្រប់​វិស័យ​។​

1779527_651777928212295_2105182038_nនៅក្នុងកម្មវិធីសម្ពោធទស្សនាវដ្តី “ក្រលេកមើលកម្ពុជា ២០១៣” និស្សិត សាស្ត្រាចារ្យ បុគ្គលិក​មន្ត្រីរាជការ ​និងបុគ្គលិកមក​ពី​ស្ថាប័ន​ផ្សេងៗបានបង្ហាញនូវចំណាប់អារម្មណ៍ និងការកោតសរសើរផ្សេងៗពីគ្នា ចំពោះសមិទ្ធផលថ្មីមួយទៀតនេះ របស់ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ​ និងសារគមនាគមន៍ ។​

ចំនុច​ពិសេស​របស់​ទស្សនា​វ​ដ្តី​នេះ គឺវាបាន​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ទាំងអស់​ក្នុង​សង្គម ហើយ​ទស្សនា​វ​ដ្តី​នេះ ​កើត​ចេញ​ពី​ការយល់ឃើញ​របស់​និស្សិត ជាជាង​ការយល់ឃើញ​របស់​អ្នកការ​សែត ឫ​ក៏​អ្នកស្រាវជ្រាវ​ដទៃទៀត​” ។ នេះ​បើ​តាម​ប្រសាសន៍របស់​លោក សោម រតនា នាយកនៃ​ដេ​ប៉ាតឺ​ម៉ង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង សារគមនាគមន៍។​

លោក សោម រតនា ក៏បាន​បញ្ជាក់​​ផងដែរ​ថា ទស្សនាវដ្តី “ក្រលេក​មើល​កម្ពុជា ២០១៣” ​ទទួលបាន​ការកោតសរសើ​រ​យ៉ាងច្រើន ហើយ​ការសរសើរ​ទាំងនោះ មិនមែន​ចេះតែ​សរសើរ​នោះ​ទេ​។ លោកបន្តថា បើសិនជា​ពិនិត្យ​មើល​ទាំងការជ្រើសរើសមុំ​របស់​រឿង ទាំងការសរសេរអត្ថបទនីមូយៗ គឺ​​សុទ្ធតែ​មាន​ន័យ និង​ផ្ដល់​ចំនេះដឹង​ថ្មីៗសម្រាប់​យុវជន​ដទៃទៀត​។

បន្ទាប់ពី​បានមើល​ទស្សនាវដ្តី​ “ក្រលេកមើលកម្ពុជា ២០១៣” លោក ស ច័ន្ទដារ៉ា ដែលជាការី​និពន្ធ​ទស្សនាវដ្ដីLift បាន​ប្រាប់​ឲ្យដឹង​ផងដែរ​ថា​៖ “​​ទស្សនា​វ​ដ្តី​មួយនេះ​គួរឲ្យចាប់​អារម្មណ៏មែនទែន រូបភាព​ក៏​ល្អ អត្ថ​ន័យ​ក៏​ល្អ ដែល​​និស្សិតជំនាន់ក្រោយគួរ​យក​គម្រូតាម ​ហើយនិស្សិតខ្លួនឯងផ្ទាល់គួរតែ​មាន​មោទនភាពនូវអ្វីដែលខ្លួនបានធ្វើ​​” ។

តំណាង​អង្គការKonrad ប្រចាំ​នៅ​កម្ពុជា លោក Denis Schrey បានមានប្រសាសន៍ថា​៖​ “​ទស្សនាវដ្តីនេះ ពិតជា​ផលិតផល​មួយ​យ៉ាង​ល្អ ដោយ​ក្នុងនោះបាន​ផ្តល់​នូវ​ព័ត៌មាន​ដែល​មកពី​ប្រភព​ផ្សេងៗ ក្នុង​សង្គម​កម្ពុជា រួមមាន​ទាំងបញ្ហានយោបាយ សង្គម និង សេដ្ឋកិច្ច​​” ។

លោកDenis Schrey បន្តថា លោក​ពិតជា​មាន​មោទនា​ភាព​ណាស់ ដែល​​DMCអាច​បង្កើន​នូវ​ផលិតផល​ដូចនេះ​ ហើយលោក​សង្ឃឹមថាអ្នក​ទាំងអស់​គ្នា​នឹងនិយាយ​អំពីបញ្ហា​នយោបាយ​ច្រើន​ជាង​នេះ​នា​ថ្ងៃ​អនាគត​

លោក​ហ៊ុន ម៉ានី បានមានប្រសាសន៍នៅក្នុងពេលមកចូលរួមពិធីដាក់បង្ហាញទស្សនាវដ្តី “ក្រលេកមើលកម្ពុជា ២០១៣” ថា៖ “​អ្វី​ដែល​បាន​សម្រេច​ដោយ​សិស្ស​ជំនាន់​ទី​១១នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និង សារគមនាគមន៍នេះ​ គឺ​មាន​សារៈសំខាន់ណាស់ ដោយ​បង្ហាញ​យ៉ាង​ជាក់លាក់ នូវ​សមត្ថភាព ហើយ​និង​វិជ្ជា​ជី​វៈ ក៏​ដូចជា​គំនិត​ច្នៃប្រឌិត​របស់​សិស្ស ក្រោម​ស្មារតី​តែ​មួយ​នេះ​” ។

គួរ​បញ្ជាក់​ផង​ដែរថា​ទស្សនា​វ​ដ្តី​ “ក្រលេកមើលកម្ពុជា ២០១៣” ទើប​តែ​​សម្ពោ​ធកាលពី​ថ្ងៃ សៅរ៍ ទី០៨ ខែ​កុម្ភៈ កន្លងទៅ នៅ​ឯ​ដេ​ប៉ាតឺ​ម៉​ង់ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ ​។ ក្រៅពី​ទស្សនា​វ​ដ្តី “ក្រលេក​មើល​កម្ពុជា​ ២០១៣” និស្សិតនៃដេប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ ក៏ធ្លាប់បាន​ផលិត​​នូវ​ទស្សនា​វ​ដ្តី​​ផ្សេងៗទៀត រួមមាន ទស្សនាវដ្តី​ “កុន​” “​តន្ត្រី​” និង​ ​“ស្ថាបត្យកម្ម​” ជាដើម ៕