ពិព័​រណ៍​ស្នា...

ពិព័​រណ៍​ស្នាដៃ​​ និង​​អនា​គត​​ លើក​​ទី​២​​

ភ្នំពេញ៖ និ​ស្សិត​​សាក​លវិទ្យា​ល័យ​​ភូមិន្ទ​​វិចិត្រ​​សិល្បៈ​​ បាន​រួមគ្នា​បង្កើត​ជា​កម្ម​វិធី​តាំ​ង​ពិព័​រណ៍​ស្នាដៃ​​ និង​​អនា​គត​​ លើក​​ទី​២​​របស់​​ខ្លួន​ ​ដែល​មាន​​រយៈ​ពេល​​៤ថ្ងៃ​ គឺ​ចាប់​​ពី​ថ្ងៃ​​ទី​​៤​​ ដល់​​ថ្ងៃ​​ទី៧​​ ខែ​​មេ​សា​ ​នៅក្នុង​​បរិវេណ​​សាក​ល​វិទ្យា​​ល័យ​​ភូមិន្ទ​វិចិត្រ​​សិល្បៈ​ ​។​

លោក​ ព្រុំ​ ជិន​វិចិត្រ​ ប្រធាន​ដឹកនាំ​កម្មវិធី​ពិព័រណ៍​ និងក៏​ជា​និស្សិត​ឆ្នាំ​ទី២​ផ្នែក​ស្ថាបត្យ​កម្ម​ បាន​ឱ្យដឹងថា​៖ “កម្មវិធី​នេះ​បង្កើតឡើង​ក្នុងគោលបំណង​លើកស្ទួយ​វិស័យសិល្បៈ​ឱ្យបាន​ថ្គុំថ្កើន ​ មួយវិញទៀត​គឺ​ចង់ឱ្យ​និសិ្សត​បង្កើត​ការច្នៃប្រឌិត​ និង​បង្កើត​ស្នាដៃ​ឱ្យ​បាន​ច្រើន​ ដើម្បី​ជាការ​ប្រកួត​ប្រជែង​គ្នា​ក្នុង​ន័យ​ច្នៃ​ប្រឌិត​។​”​ គាត់​បាន​បន្ត​ទៀត​ថា​ គោល​បំណង​ធំ​របស់កម្មវិធី​នេះ​គឺ ​ការ​ផ្សារ​ភ្ជាប់​ និង​រឹត​បន្តឹង​ចំណង​មិត្តភាព​រវាង​និស្សិត​ទាំងអស់​ក្នុង​សាកល​វិទ្យាល័យ​ ។

RUFA exhibition event posterក្នុង​​កម្ម​វិធី​ពិព័រណ៍​​នេះ​​ មាន​ការ​​ដាក់​តាំង​​ស្នា​ដៃ​ក្នុង​ថ្នាក់​​របស់​​និសិ្សត​​ និង​​វត្ថុ​បុរាណ​​មួយ​​ចំនួន​ផងដែរ ។​ លើស​ពីនេះ​​ទៀត​​ ក៏​មាន​​ការ​​ដាក់​លក់​​វត្ថុ​​អនុស្សាវ​រីយ៍​​ ដែលផលិត​ឡើង​ដោយការ​ច្នៃប្រឌិត​របស់និស្សិត​ផ្ទាល់ ។​ ចំណែក​ពេល​ល្ងាចវិញ​​ មាន​​ការ​​សម្តែ​ង​សិ​​ល្បៈ​​បុ​រា​ណ​ ​និង​​សម័​យ​ ​ដោយ​​និស្សិត​​ភូមិន្ទ​វិ​ចិត្រ​​សិល្បៈ​​គ្រប់​ជំនាន់​​ ទាំង​​៥​ម​ហា​​វិទ្យា​ល័យ​​ ក្រោមការ​​គាំទ្រ​​ពី​សាក​លវិ​ទ្យា​ល័យ​​ភូមិ​ន្ទ​វិចិ​ត្រ​​សិល្បៈ​​ និង​​បណ្តា​​ក្រុម​ហ៊ុន​​មួយ​ចំនួ​ន​ផ​ងដែ​រ​ ​។​

យោង​តាម ​​កញ្ញា​ រេត​ មុនី​រ័ត្ន​ ដែល​ជាសិស្សឆ្នាំ​ទី​៤​ ​នៃ​មហាាវិទ្យាល័យ​ស្ថាបត្យកម្ម​​ ស្នាដៃ​រូបសំណាក​គំរូ​ដែល​ត្រូវ​បាន​ដាក់​តាំង​ទាំង​នោះ​ បាន​មកពី​ការ​សហការ​ពី​សិស្ស​ច្បង​ និង​សិស្ស​ប្អូន​ ដែល​សិស្ស​ច្បង​ជាអ្នក​គូរ​ប្លង់​ ហើយ​សិស្ស​ប្អូន​ ជា​អ្នក​ធ្វើ​ឲ្យ​ចេញ​ជា​រូប​គំរូ​សំណាក​នោះឡើង​ ។

កញ្ញា​​ ឈៀ ដាណែត​ ជា​សិស្ស​ឆ្នាំ​មូលដ្ឋាន​ នៃ​មហាវិទ្យាល័យ​ស្ថាបត្យ​កម្ម​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​​ហើយ​ក៏​ជា​អ្នក​តាំង​ស្នាដៃ​មួយ​រូប​ បាន​សម្តែ​ង​ចំណាប់​អារម្មណ៍ថា​៖ “នាង​ខ្ញុំ​ពិត​ជា​មា​ន​អារម្មណ៍​សប្បាយ​ចិត្ត​ជាខ្លាំង​ ដែល​បាន​ឃើញ​ស្នាដៃ​របស់​ក្រុម​នាង​ខ្ញុំ​ត្រូវ​បានយក​​មក​ដាក់​​តាំង​ ហើយ​ពេល​ឃើញ​មនុស្ស​មក​ទស្សនា​ច្រើន​ដូច្នេះ​ ខ្ញុំ​កាន់​តែ​សប្បាយ​ចិត្ត​ទៀត​”​ ។

ព្រះតេជគុណ​ និម​ ឈុន​នូវ​ ដែល​គង់​នៅ​វត្ត​ឧណា្ណលោម​ និង​ជា​និសិ្ស​ត​នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្ត​បាន​បញ្ជាក់​ថា​ ពេល​ព្រះតេជគុណ​បាន​ជ្រាប​នូវ​កម្មវិធី​នេះ​ភ្លាម​ ក៏​មាន​ចំណាប់​អារម្មរណ៍​ចូល​រួម​ទស្សនា​តែម្តង​ ។​ ព្រះតេជគុណ​​មាន​សង្ឃ​ដីកាថា​៖ ​“អាត្មា​ពិត​ជា​គាំ​ទ្រ​ការ​ដាក់​តាំង​ពិព័រណ៍​ស្នាដៃ​និស្សិត​នេះ​ណាស់​ ព្រោះ​ថា​បាន​បង្ហាញ​ពី​ភាព​ច្នៃប្រឌិត​ និង​សាមគ្គីភាព​ដែល​កូន​ខ្មែរ​មាន​។”

គួរបញ្ជាក់​ផងដែរ​ថា​ ​កម្មវិធី​ពិព័រណ៍​នេះ​ បាន​គ្រោង​រៀបចំ​អស់រយៈ​ពេល​ជាង​កន្លះ​ឆ្នាំ​ ដែល​ជា​គម្រោង​លើក​ទី​២​ ដោយ​ធ្វើ​បន្ត​កម្មវិធី​កាលពី​ឆ្នាំ​មុន​​ ដែល​​កាលណោះ​ត្រូវបានដឹកនាំ​ដោយ​និស្សិត​ឆ្នាំ​ទី៤​របស់​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ។​ ​បើ​តាម​ការ​ឲ្យ​ដឹ​ង​ពី​អ្នក​រៀប​ចំ​កម្មវិធី​ ថវិកា​ដែល​រក​បាន​ពីការ​ដាក់លក់​ក្នុង​ពិព័រណ៍​ នឹង​យកទៅ​ចូល​ជាមូល​និធិ​សម្បុរសធម៌​ជួយ​និសិ្សត​ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ​ និងខ្វះខាត ។

សរសេរដោយ៖ ជា សឹង្ហតារាឬទ្ធិ និង វិញ សុជាតា

រូបថតដោយ៖ ហ៊ាង ស្រីជា