ទិវាសេរីភាពសា...

ទិវាសេរីភាពសារព័ត៌មានពិភព​លោក​ឆ្នាំ​២​០​១​៤​

រូបភាពដោយ UNESCO Cambodia

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែឧសភា ខាង​មុខ​នេះ​ កម្ពុជា​នឹង​ប្រា​រព្ធ​ទិវា​សេរី​ភាព​សារ​ព័ត៌​មាន​ពិភព​លោក​ប្រចាំ​ឆ្នាំ​២០​១៤​ ក្រោមប្រធានបទ៣ដែលត្រូវនឹងយកមកពិភាក្សា ប្រធានបទទាំងនោះរួមមាន៖ សារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយក្នុងការអភិវឌ្ឍន៍ សុវត្ថិភាពរបស់អ្នកការសែត និងវិធាននៃច្បាប់ ហើយទី៣គឺនិរន្តភាព និងសុចរឹតភាពនៃសារព័ត៌មាន។

ទិវានេះនឹងប្រារព្ធឡើងក្រោមការចូលរួមពី រដ្ឋមន្ត្រីក្រសួងព័ត៌មាន អគ្គរាជទូតស៊ុយអែត អ្នកតំណាងអង្គការUNESCOប្រចាំកម្ពុជា អ្នកសារព័ត៌មានអាជីព អ្នកច្បាប់ និស្សិតសារព័ត៌មាន និងដៃគូជំនួយខាងសេរីភាពសារព័ត៌មាន ក៏ដូចជាបណ្តាអង្គការសង្គមស៊ីវិល នៅសណ្ឋាគារអ៊ីនធើខនធីនិនថល (Intercontinental Hotel) ចាប់ពីម៉ោង៨ព្រឹកតទៅ។

ទិវាសេរីភាពសារពត៍មានពិភពលោកនេះ គឺត្រូវបានធ្វើឡើងជាប្រចាំឆ្នាំនៅថ្ងៃទី៣ ខែ ឧសភា ដើម្បីប្រាប់ដល់មហាជនទាំងឡាយថា សេរីភាពសារពត៍មាន និងសេរីភាពក្នុងការបញ្ចេញមតិ គឺជាសិទ្ធិដ៏សំខាន់របស់មនុស្សគ្រប់រូប។ បន្ថែមពីនេះទៀត ទិវានេះក៏បានរំលឹកមហាជនពីការស្លាប់របស់អ្នកសារពត៏មានដ៏ក្លាហានជាច្រើន ក៏ដូចជាការប្រឈមមុខនឹងការជាប់ទោសក្នុងការពំានាំពត៍មានជូនសារធារណៈ។

គួរបញ្ជាក់ផងដែរថា កិច្ចពិភាក្សាកាលពីឆ្នាំ២០១៣កន្លងទៅគឺ ផ្តោតសំខាន់ទៅលើតួនាទី របស់រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អង្គការជាតិនិងអន្តរជាតិ បណ្តាញផ្សព្វផ្សាយក្នុងការធានានូវសុវត្ថិភាពសម្រាប់ការបញ្ចេញមតិ។

សរសេរដោយ៖ ជាសឹង្ហតារាឬទ្ធិ និង ស៊ឹមយុទ្ធី