ពន្លកនៃអ្នកផល...

ពន្លកនៃអ្នកផលិតកុនចាប់ផ្តើមរីកលូតលាស់

ភាពយន្តខ្លីដែលឈ្នះរង្វាន់ពីគណកម្មការ

កុនខ្នាតតូច​ចំនួន​៦រឿង​ ត្រូវបានចាក់​បញ្ចាំងនៅឯរោងភាពយន្តPlatinium Cineplex កាលពីល្ងាចថ្ងៃសុក្រ ទី១១ ខែកក្កដា។ រឿងទាំងនេះត្រូវបានផលិតឡើងក្នុងកម្មវិធីប្រកួតរឿងភាគខ្លីៗ ដែលសហការរៀបចំឡើងដោយក្រុមកុនខ្មែរកូនខ្មែរ និង៣៩១​ Production។

លោក​ ស៊ុម​ ស៊ី​ថែន ជាអ្នក​សម្រប​សម្រួល​​ក្នុង​កម្មវិធី​ បាន​ប្រាប់​ឲ្យ​ដឹង​ថា រឿង​ភាគ​ខ្លី​ៗទាំង​នោះ មាន​ចំនួន៦​រឿង ដែលទាក់ទងនឹង​ប្រធាន​បទ​ផ្សេង​ៗពីគ្នា រួមមានរឿង​ខ្មោច កំប្លែង ស្នេហា ដំណើរ​ផ្សង​ព្រេង​  និងរឿងល្ខោន។

លោកបន្តថា៖ “​កម្មវិធី​នេះ ធ្វើ​ឡើង​ក្នុង​បំណង​ចង់​បង្ហាញ​ស្នាដៃ របស់​យុវជន​ដែល​បាន​ទៅ​ចូលរួមថត​នៅ​លើ​កោះ​រ៉ុង។ បើទោះ​​ជា​វា​ខ្លី​ក៏​ដោយ​ តែ​យើង​ចង់​លើ​ក​ទឹក​ចិត្ត​ពួក​គាត់​”។​

កញ្ញា រាជ ចំប៉ារ័ត្ន ដែលជាអ្នកដឹកនាំរឿង “The Last Page” បាននិយាយថា កញ្ញាសប្បាយរីករាយដែលបានចូលរួមក្នុងកម្មវិធីនេះ ហើយប្រសិនបើមានឱកាស កញ្ញានឹងចូលរួមទៀតនៅថ្ងៃមុខ ព្រោះកម្មវិធីនេះបានធ្វើឲ្យកញ្ញាយល់ដឹងកាន់តែច្រើនទាក់ទងនឹងការផលិតខ្សែភាពយន្ត។

នៅក្នុងដំណើរការផលិតខ្សែរភាពយន្តទាំងនេះ យុវជន​ចំនួន២៤​រូប ដែលមិនបានរៀនអំពីការផលិតខ្សែភាពយន្តពីមុនមក បានបែងចែកគ្នា​ជា​៦​ក្រុម ហើយ​ចំណាយ​ពេល​​ថត​នៅទីតាំងកោះ​រ៉ុង ចំនួន​៣​យប់​ ៤​ថ្ងៃ ។ ការចុះថតនោះចាប់​ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា កន្លងទៅនេះ ដែលមានក្រុមការងារកុន​ខ្មែរ កូ​នខ្មែរ 391 Film Production និងក្រុម Klapyahand ជាការបង្ហាត់បង្រៀន និងផ្តល់ជាឧបករណ៍បច្ចេកទេស​។

ក្នុងចំណោមស្នាដៃភាពយន្តទាំង៦នោះ រឿង”The Girl and the Grandma”  ​ជា​រឿង​ដែលបានទទួលជ័យលាភី ជ្រើសរើសដោយគណៈកម្មការ។ រីឯរឿង “Crush”ដែល​ជារឿង​ស្នេហា​​ ទទួលបានជ័យលាភីជ្រើសរើសដោយទស្សនិកជន។

ដើម្បីជ្រើសរើសជ័យលាភី២ ក្នុងចំណោមរឿងទាំង​៦នេះ ​គណៈកម្មការ ចំនួន​៣​រូប ​បានធ្វើការពិនិត្យទៅ​លើប្រធាន​បទ សាច់​រឿង បច្ចេកទេសកាត់​ត​ ជា​ដើម របស់រឿងនីមួយៗ រីឯរឿងភាគមួយទៀតត្រូវបានជ្រើសរើសដោយទស្សនិកជនចំនួនមួយរយនាក់ជាងដែលបានចូលរួមទស្សនាផ្ទាល់តែម្តង។

ដោយសារតែកៅអីនៅក្នុងរោងកុនមានកំណត់ ទស្សនិកជនខ្លះសុខចិត្តអង្គុយនៅតាមជណ្តើរសាលបញ្ចាំងកុន ឬអង្គុយកៅអីមួយពីរនាក់។

កញ្ញា ទេស រ័ត្ននីរ៉ា ទស្សនិកជនម្នាក់ដែលបានចូលរួមពិធីនេះ បានថ្លែងនូវចំណាប់អារម្មណ៍ខ្លួនថា៖ “ខ្ញុំពិតជាសរសើរស្នាដៃរបស់អ្នកផលិតកុនទាំងនេះណាស់។ ខ្ញុំជឿថាពួកគាត់នឹងអាចផលិតកុនល្អៗ និងមានគុណភាពតទៅមុនទៀត។ ហើយកម្មវិធីនេះក៏បានជួយដល់យុវវ័យជំនាន់ក្រោយដែលចូលចិត្តខាងខ្សែភាពយន្តបញ្ចេញ​ទេពកោសល្យរបស់ពួកគាត់ដែរ។”

ថ្លែងនៅក្នុងពិធី លោក ស៊ុម​ ស៊ី​ថែន បាននិយាយថា៖ “នេះក៏នឹងចូលរួមចំណែកនៅក្នុងការជំរុញឲ្យរោងកុនPlaitnium Cineplex ក៏ដូចជាវិស័យរោងភាពយន្តទាំងមូលនៅក្នុងស្រុកខ្មែរមានការរីកចំរើនតទៅមុខ។”

នេះ​លើ​ក​ទី​មួយហើយដែល កុន​ខ្មែរ​ កូន​ខ្មែរ បង្កើត​កម្ម​វិធី​នេះ​ឡើង ដើម្បីបណ្តុះបណ្តាលអ្នកផលិតខ្សែភាពយន្តវ័យក្មេង។​​ បន្ទាប់​ពី​ថ្ងៃ​ ប្រកួត​នេះ​ទៅ រឿង​ទាំង​៦​នេះ នឹង​ត្រូវ​ដាក់​ផ្សាយ​ជា​សារធារណៈ នៅ​ឯ​ Meta House និងមជ្ឃមណ្ឌលបុប្ជាណា ។

សរសេរដោយ ឆាយ គីមហ៊ង និងវិញ សុជាតា