កម្មវិធី​ចែក​...

កម្មវិធី​ចែក​រំលែក​ព័ត៌មានអំ​ពី​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍ ​

កម្មវិធី ថ្ងៃ​ព័ត៌មាន​ឌីអឹមស៊ី​​(DMC Information Day) ត្រូវបាន​ប្រព្រឹត្តឡើងជា​លើកដំបូង​​​ សម្រាប់​ផ្តល់​ជូន​ព័ត៌មាន​​និង​គន្លឹះ​សំខាន់ៗ​ក្នុង​ការ​ប្រលង​ជាប់​ជា​និស្សិត​អាហា​រូបករណ៍នៃដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​និង​សារគមនាគមន៏។ កម្មវិធីនេះ​ប្រព្រឹត្ត​នៅ​ព្រឹក​ថ្ងៃសៅរ៏​ ទី២៦​ ខែកក្កដា​ កន្លងទៅនេះ។​​

កម្មវិធី​នេះ​​ រៀបចំ​ឡើង​ដោយ​​អតីត​និស្សិត​អាហា​រូបករណ៍​​របស់​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍ ហើយកម្មវិធីនេះក៏បាន​ផ្តល់​ឱកាស​ឲ្យ​សាធាណជន​​ចូលរួម​​ទទួលយក​​នូវ​វិធីសាស្ត្រ​ក្នុង​ការ​ត្រៀម​រៀបចំ​ខ្លួន​ដើម្បី​បាន​អាហាររូបករណ៍​ពី​ស្ថាប័ន​អប់រំ​មួយ​នេះ​។ ​​
លោក​ អាន ​ដាញ់​ស៊ីប៉ូ ដែលជា​អ្នក​រៀបចំ​កម្មវិធី​មួយ​រូប​​​និង​ជា​និស្សិត​ទើប​តែ​បញ្ចប់​ការ​សិក្សា​ពី​ដេប៉ាតឺម៉ង់​នេះ ​​បាន​​ឲ្យ​ដឹង​ថា​កម្មវិធី​​​​ DMC Information Day នឹង​ជំរុញ​ឲ្យ​មាន​ការ​ស្គាល់​កាន់តែ​ច្រើន​ពី​សំណាក់​មហាជន​​ ក៏ដូចជា​ស្ថាប័ន​នានា​ជា​ពិសេស​សិស្ស​និស្សិត​ អំពី​ស្ថាប័ន​អប់រំ​ DMC​ ( Department of Media and Communication)។​​​ លោក​សង្ឃឹម​ថា​​នឹង​មាន​កម្មវិធី​ចែក​រំលែក​បែប​នេះ​ទៀត​នៅ​ឆ្នាំ​ក្រោយ​។​

លោក​បាន​បន្ថែម​ឲ្យ​ដឹង​ថា ​ប្រសិន​បើ​សាធារណជន​ខកខាន​ការ​ចូលរួម​កម្មវិធី​ចែក​រំលែក​នេះ ​ ពួកគាត់​អាច​ចូល​ទៅ​កាន់​វ៉េបសាយ​​ http://dmc-cci.edu.kh/  និង​គេហទំព័រ​ហ្វេសប៊ុក​ https://www.facebook.com/DMC.CCI សម្រាប់​ព័ត៌មាន​បន្ថែម​។

dmc informatin

ជា​អតីត​និស្សិត​អាហារូបករណ៍​​ជំនាន់​ទី៩​​ ដែល​ធ្លាប់​ទទួល​បាន​អាហារូបករណ៍​ទៅ​សហរដ្ឋ​អាមេរិក​ផងនោះ​​ កញ្ញា ឪកអេលីតា​ដែល​ជា​វាគ្មិន​មួយ​រូប ​​បាន​បង្ហាញ​ចំនាប់​អារម្មណ៏​ថា ព្រឹត្តិការណ៏​នេះ​ពិតជា​មាន​អត្ថប្រយោជន៍​ណាស់​។​​ កញ្ញាបន្តថា ការ​អប់រំ​នៅ​DMC មាន​គុណភាព​ដែល​ធ្វើ​ឲ្យ​គាត់​យល់ដឹង​ច្រើន​ពី​ទ្រឹស្តី​ ការ​អនុវត្ត​និង​មាន​សមត្ថភាព​ចេញ​ធ្វើការ​នៅ​ស្ថាប័ន​​សារពត៌មាន​ PHNOM PENH POST​ តាំង​ពី​គាត់រៀន​ឆ្នាំ​ទីមួយ​មក​ម្ល៉េះ។ កញ្ញា​ផ្តល់​ជា​មតិ​យោបល់​ថា​វិធីសាស្រ្ត​ក្នុងការ​ប្រលង​ជាប់​អាហារូបករណ៍​ជាស្ថាពរ​និស្សិត​គួរអាន​ឲ្យ​បាន​ច្រើន។​ លើស​ពីនេះ​ទៅទៀតនិស្សិត​គួរតែ​ពូកែ​ខាង​អក្សរសាស្រ្ត​អង់គ្លេស​​ និង​ដឹង​ពី​គោលបំណង​របស់​ខ្លួន​ក្នុងការ​សិក្សា​នៅ​DMC។

លោក​ មាន រតនា សព្វថ្ងៃ​ជា​និស្សិត​ផ្នែក​ពត៌មានវិទ្យា​ ​នៃ​វិទ្យាស្ថាន​សហប្រតិបត្តិការ​កម្ពុជា បានលើក​ឡើង​ថា តាមរយៈ​ការចូលរួម​ក្នុង​ព្រឹត្តិការណ៏​នេះគាត់​ទទួល​បាន​បទ​ពិសោធន៏​ជាច្រើន​ ពិសេស​វិធីសាស្រ្ត​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ពេល​សម្ភាសន៏។ លោក​បាន​បន្ត​ថា៖ “ខ្ញុំ​ធ្លាប់បាន​ប្រលង​ឆ្នាំមុន​តែ​មិន​បាន​ជោគជ័យ​ក្នុង​ពេល​សម្ភាសន៏ តែ​ឆ្នាំ​នេះខ្ញុំ​នឹង​ប្រលង​ម្តង​ទៀត​ដោយ​មាន​ក្តីសង្ឃឹម​៩០ភាគរយ​។”

យុវតី កុនវុទ្ធមុនីកញ្ចនា ជាសិស្ស​ថ្នាក់ទី១២​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ បាន​និយាយថា​៖ “ព្រឹត្តិការណ៏​ព្រឹកនេះ​គឺល្អ​ហួស​ពីការ​រំពឹងទុក​របស់​ខ្ញុំ​ទៅទៀត​។ ខ្ញុំ​ដឹង​ពត៌មាន​នេះ​តាមរយៈ​មិត្ត​របស់ខ្ញុំ​ម្នាក់​ដែល​សិក្សា​នៅទីនេះ​។” កញ្ញា​បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា  ការ​បង្ហាញ​ព័ត៌មាន​ពីការ​ប្រលង​ចូល ​និងវីដេអូ​មួយ​ចំនួន​ដែល​ជា​ស្នាដៃ​របស់​និស្សិត​DMC បាន​ធ្វើឲ្យ​កញ្ញា​រិតតែ​ចង់​បន្តការ​សិក្សា​នៅ​ទីនេះ ។»​

គួររំលឹក​ផង​ដែរ​ថាកម្មវិធី​ DMC Information Day និង​មាន​វគ្តបន្ត​ទៀត​នៅ​ថ្ងៃទី២៣​ ខែសីហា​ ខាងមុខ​នេះ​ មុន​នឹង​ឈាន​ដល់​ថ្ងៃ​ប្រលង​ចូលរៀន​​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១០​ ខែ​កញ្ញា ឆ្នាំ២០១៤នេះ​៕

សរសេរ​ដោយ​​ ម៉ិច​ សេរីរ័ត្ន
កែ​សម្រួល​ដោយ ហ៊ាង​ ស្រីជា