ទីផ្សារអគារស្...

ទីផ្សារអគារស្នាក់នៅ ឬ អាផាតមិន នឹងបន្តរីកលូតលាស់ បើទោះជាអត្រាភ្ញៀវស្នាក់នៅថយចុះ

Photo supplied by VTrust

បើទោះ​ជា​មាន​ការ​​ធ្លាក់​ចុះ​​ភ្ញៀវ​​ស្នាក់នៅ​​អាផាតមិន​ ពី ៩០% ទៅ​ ៩៥% ក្នុង​​ឆ្នាំ​​២០១៣ មក​​សល់​ត្រឹម​ ៨៤%​ក្នុង​ពាក់​កណ្តាល​​ឆមាស​ទី១នៃ​ឆ្នាំ​​​២០១៤ក្តី ​ក៍​ចំនួន​​គម្រោង​​​អាផាតមិន​​សរុប​ ​កើន​​ឡើង​ជា​​លំដាប់ ​ក្នុង​កំរិត​៣% ។ នេះ​ជា​តួរ​លេខ​យោង​តាម​របាយការណ៍​បង្ហាញ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​​ស្តី​​អំពី​របាយ​ការណ៍​អាផាតមិន​ ២០១៤ ដែល​​ប្រព្រឹត្ត​ឡើង​​នៅ​​ព្រឹក​​ថ្ងៃទី ២៨ ខែ​ កក្កដា ឆ្នាំ​២០១៤​ នៅ​ឯ​​សណ្ឋាគារ​ Raffle Hotel Le Royal។

ទីផ្សា​រ​​អគារ​ស្នាក់នៅ ឬ អាផាតមិន​​នៅ​​ក្នុង​ទីក្រុង​ភ្នំពេញ​​កើន​​ឡើង​​​យ៉ាង​ឆាប់​​រហ័ស​​ក្នុង​​រយៈពេល​​៣ឆ្នាំ​​ចុង​​ក្រោយ​​នេះ​ ពោល​​គឺ​មាន​​ចំនួន​​អាផាតមិន​​ប្រមាណ​ ​៤៧% ត្រូវ​​បាន​​សាង​សង់​​ឡើង​​ក្នុង​​កំឡុង​​ពេល​​នេះ។ ស្ថាន​ភាព​​ដែល​​គួរ​​ឲ្យ​​កត់​សម្គាល់​នេះ​​កើត​មាន​​ឡើង​​ក្រោយ​​​វិបត្តិ​​ហិរញ្ញ​វត្ថុ​សាកល​ ដែល​​សេដ្ឋកិច្ច​​ទាំង​​មូល​​ចាប់ផ្តើម​​ហក់​​ឡើង​វិញ។ នេះ​​បើ​​តាម​​របាយ​ការ​ណ៍ “​​អាផាតមិន​២០១៤”​ ដែល​សិក្សា​រ​ដោយ​​ក្រុម​ហ៊ុន​​វីត្រាស់។​

​បច្ចុប្បន្ន ក្រុង​​ភ្នំពេញ​​មាន​​ចំនួន​​អគារ​សរុប​​ដល់​ទៅ ៣៧៤អគារ ដោយ​ក្នុង​នោះ​៣% នៃ​​​អាផាតមិន​​សរុបកំពុង​ធ្វើ​ការ​សាង​សង់ ២%បញ្ចប់​ការសាងសង់​តែ​មិន​ទាន់​ដាក់​បម្រើ​សេវាកម្ម និង២%ទៀត​មិន​មាន​ប្រតិបត្តិការទាល់តែ​សោះ។ ដោយឡែក​ ៩២​%នៃអគារទាំងនេះកំពុង​បម្រើ​សេវាកម្មក្នុង​ត្រីមាស​ទី២នៃ​ឆ្នាំ២០១៤នេះ។

បើតាម​ប្រសាសន៍ លោក​ច្រឹក​ សុខនីម​ អគ្គ​នាយក​ក្រុម​ហ៊ុន​ Century 21 VTRUSTអគារស្នាក់នៅ ឬ​អាផាតមិន​ទាំងនោះ​ភាគច្រើន​មាននៅខណ្ឌចំការមន ទួល​គោក ដូនពេញ និងខណ្ឌឬស្សីកែវ។ អគារ​ដែល​មាន​តម្លៃថ្លៃជាងគេ​នោះ គឺនៅម្តុំ​បឹងកេងកង។

Photo supplied by VTrust

ការ​កើន​ឡើង​ចំនួនអាផាតមិននេះ​ នៅតែ​ជា​សញ្ញាល្អសម្រាប់អនាគតវិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ដោយ​គេ​រំពឹងថានឹង​មាន​កំណើន​នៃ​ការហូរ​ចូល​ជនជាតិបរទេស នៅពេល​មាន​​សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។​ ថ្មី​ៗនេះ​ ជន​បរទេស​ប្រមាណ ៦៨% ពោល​គឺ​ ៤៧.០០០នាក់ ទៅ ៥០.០០០​នាក់ កំពុង​តែធ្វើ​ការ​ និង​មាន​ទីលំនៅក្នុង​​ទីក្រុង​ភ្នំពេញ។

បើ​តាម​ប្រសាសន៍លោក​ច្រឹក​ សុខនីម វិនិយោគិន​លើផ្នែក​អាផាតមិន​នៅ​ប្រទេស​កម្ពុជា​ភាគច្រើន​ជាជន​ជាតិ ជប៉ុន ចិន វៀតណាម​ និង​សាំងហ្កាពួរ។

អគ្គ​នាយក​ក្រុម​ហ៊ុន​ វីត្រាស​ លោក​គុយ វ៉ាត​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃលោក​នៅ​មិន​ទាន់​ឃើញមាន​ក្រុមហ៊ុន​គ្រប់គ្រង​​ចាត់ចែង​ និងផ្តល់សេវា​កម្ម​អចលនទ្រព្យច្បាស់លាស់ណា​មួយ​នៅកម្ពុជាឡើយ។

ជាលទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ខាង​លើ អគ្គ​នាយក​ក្រុម​ហ៊ុនVRTUST Appraisal​ លោក​ ឈីត អ៊ុស្ទីវីសូ មាន​ប្រសាសន៍ថា ទិន្នន័យនៃ​របាយ​ការ​ណ៍នេះ ជាជំនួយ​ដល់វិនិយោគិន​ក្នុង​ការប្រើប្រាស់ដើម្បីគណនា តម្លៃ​អចលនទ្រព្យ មុន​​សម្រេចចិត្ត​​ក្នុង​ការ​ទិញដូរ  ហើយ​វា​ក៍ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការស្វែង​ដៃគូវិនិយោក្នុង​វិស័យនេះ។ ឯ​ខាង​ធនាគារ អាច​សម្រេចចិត្ត​កំណត់នូវ​ចំនួន​ណាមួយដែល​អាច​ឲ្យ​វិនិយោគិន​ខ្ចីប្រាក់។

គួរបញ្ជាក់​ផង​ដែរ ថាក្រុម​ហ៊ុន​ វីត្រាស​ បាន​ចេញ​ផ្សាយរបាយ​ការណ៍ស្រាវជា្រវនេះជា​លើកទី៣ហើយ​  ដែល​លើកទី១ និង​ទី២ ក្នុង​ឆ្នាំ​ ២០១៣ និង​ ដើមឆ្នាំ២០១៤ សិក្សាលើ​តម្លៃទីផ្សារ​ អាផាតមិន​។

សរសេរដោយ ខាន់ សុគុំមនោ

កែសម្រួលដោយ ហ៊ាង ស្រីជា