ការ៉េមដែលមានត...

ការ៉េមដែលមានតម្លៃថ្លៃរាងដូចនំប៉ាវ Kane Mochi មានទីផ្សារនៅកម្ពុជា

នៅ​ពេល​ដែល​អាកាស​ធាតុ​កាន់​តែ​ក្ដៅ អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​គិត​ទៅ​ដល់​ភេសជ្ជៈឬ​ក៏បង្អែម​ត្រជាក់ៗ​ដើម្បី​បន្ថយ​កំដៅ​និង​អាការៈ​ស្រ្ដេសបន្ទាប់​ពី​ការ​នឿយហត់​ក្នុង​ការ​សិក្សារ និងការងារ។

នៅ​ថ្ងៃ​ចុង​សប្ដាហ៍​បន្ទាប់​ពី​បញ្ចប់​ការ​ប្រលង​ដ៏តានតឹង​អស់​រយៈពេល​មួយ​សប្តាហ៍ ខ្ញុំ​បាន​ទៅ​ភ្លក់​ការ៉េម​នៅ​ហាង Kane Mochi ដែល​ខ្ញុំ​ស្គាល់​តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក។ ហាង​ការ៉េម​នេះ​មាន​ចំនួន​៤ទីតាំងហើយ​ទីតាំង​ដែល​ខ្ញុំ​ទៅ​នោះ​គឺ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ៣០២ សង្កាត់​បឹងកេងកង១ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ។ ខ្ញុំ​នឹង​ប្រាប់​ដល់​អ្នក​ទាំងអស់​គ្នាពីការយល់​ឃើញ​របស់​ខ្ញុំ​ចំពោះ​ទីនេះ។

“សួស្ដី!” គឺជា​ពាក្យ​ដែល​ខ្ញុំ​ទទួល​បាន​ពី​បុគ្គលិក​ទាំង​ស្រី​ទាំង​ប្រុសបន្ទាប់​ពី​ខ្ញុំ​បើក​ទ្វារ​ហាង​ភ្លាម។ អតិថិជន​ដែល​ចូល​មក​ទីនេះអាច​ជ្រើសរើស​យក​ការ៉េម​ប្រភេទ​ថ្មី​នេះ តាម​ចំនូលចិត្ត​របស់​គេ។ការ៉េម​មាន​រាង​ដូច​ជា​នំប៉ាវ​តូច​មាន​ច្រើន​រសជាតិ​។គេ​បាន​ដាក់​តម្រៀប​គ្នា​ជាជួរ​ស្វាគមន៍​ការ​កម៉្មង់​ទិញ​ពី​អតិថិជន។ ខ្ញុំ​បាន​រើស​យក​នំប៉ាវ​តូច​ទាំងនោះ២ដុំ ពណ៌​ខៀវ រសជាតិ​ទឹកដោះគោ​ និង ពណ៌លឿង​រសជាតិ​វ៉ាន់នីឡាដែល​ពណ៌​ទាំង២​នេះ​ជា​ពណ៌​តំណាង​របស់​សាលារៀន​ខ្ញុំ។បន្ទាប់​ពី​រើស​បាន​ការ៉េម​ដែល​ត្រូវការ​ហើយខ្ញុំ​សុំ​ឲ្យ​បុគ្គលិក​នៅ​ទីនេះ​ជួយ​​សរសេរ​ពាក្យ​ថា DMCpost សម្រាប់​ជា​កាដូ​ជូន​ដល់​សាលា​ខ្ញុំ និង​វេបសាយ​របស់​ពួកយើង។ខ្ញុំ​ចូលចិត្ត​ការ​តុបតែង​នៅ​លើ​ចាន​ការ៉េម​នេះ​ណាស់ វា​មើល​ទៅ​សាមញ្ញ ប៉ុន្តែ​ទាក់​ទាញ។

ទាំង​រសជាតិ​ទឹកដោះគោ និង​រសជាតិ​វ៉ាន់នីឡា​គឺឆ្ងាញ់​សម្រាប់​ខ្ញុំ។ ការ៉េម​នេះ​នាំ​ចូល​ពី​ប្រទេស​ថៃ ដែលមាន​សំបក​ធ្វើពី​ចាហួយ​ស្វិត។ ក្រៅ​ពី​ការ៉េម​ហាង​នេះ​ក៏​មាន​ភេសជ្ជៈ​ផ្សេងៗ​ផងដែរ។ បរិយាកាស​នៅ​ទីនេះល្អ​គួរសម តាម​ជញ្ជាំង​ពណ៌ស​មាន​សរសេរ​ពាក្យ​ផ្សេងៗ ​លំអរ​​ទៅ​ដោយ​អំពូលភ្លើង​ពណ៌​ស្រទន់​។ ជាពិសេសខ្ញុំ​ចូលចិត្ត​សម្លេងចម្រៀង​លឺតិចៗ។ តុ​និង​កៅអី​ឈើ សុទ្ធ​តែ​លាប​ពណ៌សលំអរ​ដោយ​ខ្នើយ​ពណ៌លឿង និងខ្មៅ​ដែល​ជា​ពណ៌​តំណាង​ហាង Kane Mochi។

តាមការ​ឲ្យ​ដឹង​ពី​ម្ចាស់ហាងឈ្មោះ​ហាង​នេះ​ជា​ភាសា​ជប៉ុន មាន​ន័យ​បក​​ប្រែ​ជា​ភាសាខ្មែរ​ថា “មានទ្រព្យ និងរុងរឿង”។ ហាង​នេះ មាន​ដើម​កំនើត​មក​ពី​ប្រទេស​ថៃ ហើយ​សព្វ​ថ្ងៃ​នេះ ហាងនេះ​មាន​នៅក្នុង​ប្រទេស​ថៃឡាវ និង​ប្រទេស​កម្ពុជា។ ជា​រៀង​រាល់​ថ្ងៃ ហាង​នេះ​បើក​បំរើ​ការ ពី​ម៉ោង​៩ព្រឹកដល់​ម៉ោង​៩យប់។

អតិថិជន​ហាងនេះ ភាគ​ច្រើន​ជា​ក្រុម​យុវវ័យ ខ្លះ​ទៀត​មក​ទទួលទាន​ជា​លក្ខណៈ​ក្រុម​គ្រួសារ​ក៏មាន។ ខ្ញុំ​យល់​ថាអតិថិជន​នៅ​ក្នុង​ហាង​នេះ ជា​អ្នក​ដែល​មាន​ជីវភាព​ធូរធារព្រោះថា​គ្រាន់តែ​នំប៉ាវ​ការ៉េម​តូច​មួយ ក៏​មាន​តម្លៃ​១ដុល្លារ​ដែរ។ វា​ដូចជា​មាន​តម្លៃ​ថ្លៃ​បន្តិច​ហើយ សម្រាប់​សិស្ស​ដូច​ជា​រូប​ខ្ញុំ។​

ទាំង​អស់​នេះ​គ្រាន់តែ​ជា​ការ​យល់ឃើញ​របស់​ខ្ញុំចំពោះ​ហាង Kane Mochi នេះ ចំពោះ​ចំនូល​ចិត្ត​របស់​អស់​លោកអ្នក​ប្រហែល​ជា​ខុសៗ​គ្នា។ យ៉ាងណាម៉ិញ លោក​អ្នក​អាច​ជ្រើសរើស​ទីតាំង​ណា​មួយ​ដែល​លោកអ្នក​គិតថា​សាកសម។

សរសេរ​ដោយ ហេង ហ៊ុយហ៊ួង

កែ​សម្រួល​ដោយ ហ៊ាង ស្រីជា