“កម្ពុជាមិនបញ...

“កម្ពុជាមិនបញ្ចេញយោបល់ ភាគ​៣” ភាព​យន្ត​ឯកសារ​ខ្លី ស្នាដៃ​និស្សិត

គណៈអធិបតីកំពុងបើកប្រអប់ កម្រងវីដេអូឯកសារ កម្ពុជាមិនបញ្ចេញយោបល់ (រូបភាព៖ ទំព័រDMC)

ខ្សែ​ភាពយន្ត​ឯកសារ​ខ្នាត​ខ្លី​ចំនួន ៨​រឿង ស្តីពីបញ្ហានៅក្នុងសង្គម ត្រូវបានដាក់បញ្ចាំងលើកដំបូងជាសាធារណៈ​ នៅល្ងាចថ្ងៃសុក្រ ទី២៨ នាបរិវេណដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កម្រងវីដេអូឯកសារនេះ ជាស្នាដៃនិស្សិត ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ជំនាន់ទី១១ ។

dmc2នៅក្នុងពិធីសម្ភោធវីដេអូឯកសារនេះ មានការអញ្ជើញចូលរួមពី លោកស្រីសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាយកដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ លោកគ្រូអ្នកគ្រូសាស្រ្ដចារ្យខ្មែរ និងបរទេស និងអ្នកចូលរួមទស្សនាប្រមាណជា៣០០នាក់។ អ្នកចូលរួមទាំងអស់ បានទស្សនាវីដេអូឯកសារ ការសំដែងខ្សែដៀវរបស់សិល្បៈករខ្មែរ ព្រមទាំងសួរសំនួរទៅកាន់ផលិតករដោយផ្ទាល់។

វីដេអូ​ឯកសារ​ខ្លីទាំងនេះ ឆ្លុះបញ្ចាំងពីតថភាពនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ដោយផលិតករមិនបានបញ្ចូលសម្លេងខ្លួនទៅក្នុងវីដេអូនោះទេ។ វីដេអូទាំងនោះស្តីពីការ​វិនិយោគ​នៅ​តំបន់​អារ៉ែង ជីវិតអ្នកប្រមូលសំរាមស៊ិនទ្រី កង្វះ​ទឹក​ស្អាត​នៅភូមិ​បណ្ដែត​ទឹក បញ្ហាកង្វះអាហារូបត្ថម្ភ ការប្រឈមនឹងការបាត់បង់ឧបករណ៍សាដៀវ ការអភិរក្សសំណង់បុរាណ តុលារប្រជាជន និងសមាគមចាស់ជរានៅកម្ពុជា។

តំណាងឲ្យផលិតករវ័យក្មេងទាំង ២៦ រូប និងជាម្ចាស់វីដែអូឯកសារ “កូរទឹកទន្លេ” កញ្ញា ម៉ៅ ច័ន្ទដាលី បាននិយាយថា ៖“គោលបំណងនៃការចាក់បញ្ចាំងវីដេអូឯកសារកម្ពុជាមិនបញ្ចេញយោបល់ភាគ៣នេះ ដើម្បីផ្ដល់ព័ត៌មានដល់ទស្សនិកដែលពួកគាត់មិនធ្លាប់បានដឹងពីមុន តួយ៉ាងដូចជា រឿង កូរទឹកទន្លេ ដែលរៀបរាប់ពីការរស់នៅរបស់អ្នកភូមិអណ្ដែតទឹក ដែលក្រុមខ្ញុំបានចុះទៅថតផ្ទាល់។”

លោក សោមរតនា ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បាននិយាយថា៖ “យើងចង់និស្សិតរបស់យើងយកទ្រឹស្ដីយកមកភ្ជាប់ជាមួយនឹងការអនុវត្ត ព្រោះតែការរៀនផ្នែកប្រព័ន្ធផ្សព្វផ្សាយនេះ បើយើងគ្រាន់តែរៀនទ្រឹស្ដី គឺមិនអាចទៅរួចនោះទេ”។

dmcលោក គ្រី លីធួ និស្សិតឆ្នាំទី២ នៃវិទ្យាស្ថានភាសាបរទេស បាននិយាយថា “ខ្ញុំសូមសរសើរពួកគាត់ដែលខំផលិត និងបញ្ចាំងរឿងរ៉ាវនៅក្នុងសង្គមពិតៗ។ រឿងខ្លះធ្វើឲ្យខ្ញុំមានអារម្មណ៍ក្តុកក្តួលនៅក្នុងចិត្តណាស់ ពេលដែលមើលវា”។ លីធួ បានបន្ថែមថា លោកស្នើសុំឲ្យផលិតករជំនាន់ក្រោយៗ ខិតខំផលិតវីដេអូឯកសារដែលឆ្លុះបញ្ចាំងពីសង្គមបន្ថែមទៀត។

គំរោងផលិតវីដេអូឯកសារនេះ ត្រូវបានគំាទ្រពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ និងទទួលជំនួយផ្នែកហិរញ្ញវត្ថុពីអង្គការGIZ។

សរសេរ​ដោយ ហេង ហ៊ុយហ៊ួង

កែ​សម្រួល​ដោយ ហ៊ាង ស្រីជា