យុវជនខ្មែរជាច...

យុវជនខ្មែរជាច្រើនរួញរាក្នុង​វិស័យនយោបាយ

0 502

អត្ថបទ​ និង​ រូបភាពដោយ៖​ យ៉ង ចាន់តារា
កែសម្រួល​អត្ថបទដោយ៖ ខៀវ ចរិយា

ភ្នំពេញ៖ ​យុវជន​ខ្មែរ​ភាគ​​ច្រើន​​មិន​​មាន​​ចំណាប់​​អារម្មណ៍​​ចូល​​រួម​ក្នុង​វិស័យ​នយោបាយ​ ដោយ​ពួក​គេ​រមែង​គិត​ថា​ វា​ជា​រឿង​បោក​ប្រាស់​ និង​ មិន​បាន​ផល​ប្រយោជន៍​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​បណ្តុះ​បណ្តាល​ស្តី​ពី​នយោបាយ​បាន​បំ​ភ្លឺ​ថា​ ការ​លើក​​ឡើង​បែប​នេះ​ បណ្តាល​មក​ពី​ពួក​គេ​មិន​បាន​យល់​ច្បាស់​ពី​ខ្លឹម​សារ​នៃ​ពាក្យ​នយោបាយ​​​។
លោក​ ឡុង​ គឹមឃន​ អគ្គលេខាធិការ​អង្គការ​សម្ព័ន្ធ​ខ្មែរ​ដើម្បី​ការ​អប់រំ​ និង​ ជា​អ្នក​បង្រៀន​វគ្គ​ខ្លី​ស្តី​ពី​នយោបាយ​ បាន​មាន​ប្រសាសន៍​ថា​៖ “នយោបាយ​ ជា​ការ​គិត​ និង​ សម្រេច​ចិត្ត​រួម​គ្នា​។ ពេល​ដែល​នយោបាយ​ដំណើរ​ការ​ វា​មិន​មែន​សម្រាប់​បុគ្គល​ណា​ម្នាក់​នោះ​ទេ​ តែ​សម្រាប់​មនុស្ស​ទាំង​អស់​គ្នា​”​។

ជា​​មួយគ្នា​នេះ​ដែរ លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ បានឲ្យ​ដឹង​ដែរ​ថា​៖ ​“សង្គម​ ត្រូវ​ការ​យុវជន​ជា​ចាំ​បាច់​នៅ​ក្នុង​កិច្ច​ការ​សាធារណៈ​ មាន​ដូចជា​នយោបាយ​ សេដ្ឋកិច្ច​ និង​ វប្បធម៌​ជា​ដើម​”។ លោក​បាន​បន្ថែម​ទៀត​ថា​ សង្គម​នឹង​មាន​ការ​អភិវឌ្ឍ​តាម​រយៈ​ការ​គ្រប់គ្រង​របស់​យុវជន​ដែល​នឹង​ក្លាយ​ជា​អ្នក​ដឹកនាំ​នយោបាយ​ទៅ​ថ្ងៃ​មុខ​ ពី​ព្រោះ​យុវជន​​អាច​មាន​គំនិត​ថ្មីៗ​ស្រប​តាម​កាលៈទេសៈ​ ហើយ​អនុវត្ត​វា​ដោយ​មាន​ប្រសិទ្ធភាព​ជាង​មនុស្ស​ចាស់​”។​

ទោះ​បី​ជាយ៉ាង​នេះ​ក្តី​ យោង​តាម​របាយការណ៍​របស់​កម្មវិធី​អភិវឌ្ឍ​អង្គការ​សហប្រជាជាតិ​ (UNDP) បាន​ឱ្យ​ដឹង​ថា​ នៅ​ក្នុង​កិច្ចសម្ភាសន៏​ជាមួយ​យុវជន​២០០០​ នាក់​ ដែល​មាន​អាយុ​ចន្លោះ​ពី១៥​ ដល់២៤​ ឆ្នាំ​ ស្តី​ពី​តួនាទី​ ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ និង​ ការ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​បាន​បង្ហាញា​ថា​ ​ពួក​គេ​ភាគ​ច្រើន​ មាន​ចំណេះ​ដឹង​តិច​តួច​នៅ​ឡើយ​ទាក់ទង​នឹង​បញ្ហា​ទាំង​នេះ​ ជា​ពិសេស​មិន​បាន​យល់​ដឹង​ពី​រចនា​សម្ព័ន្ធ​ដែល​ពួក​គេ​បាន​បោះឆ្នោត​ឱ្យ​ មាន​ដូចជា​ សភា​ និង​ ក្រុម​ប្រឹក្សាឃុំ-​សង្កាត់​ជាដើម​។​

​របាយការណ៍​​ដដែល​​ក៏​​បាន​​ឱ្យ​​ដឹង​​ទៀត​​ថា​​ យុវជន​កម្ពុជា​ មាន​គំនិត​សុទិដ្ឋិនិយម​ចំពោះ​ទិសដៅ​ដែល​ប្រទេស​កំពុង​ឆ្ពោះ​ទៅ​មុខ​ ប៉ុន្តែ​ពួក​គេ​ប្រឈម​នឹង​បញ្ហា​ចូល​រួម​ឱ្យ​បាន​ស៊ីជ​ម្រៅ​នៅ​ក្នុង​ជីវិត​នយោបាយ​ និង​ សេដ្ឋកិច្ច​សង្គម​ ដោយ​សារ​តែ​ការ​ខ្វះ​ចំណេះ​ដឹង​ និង​ ខ្វះ​ការ​ស្វែង​យល់​ពី​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​។​

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ លោក​ ឡុង គឹម​ឃន​ បាន​ឱ្យ​ដឹង​ថា​ យុវជន​ខ្មែរ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ ដែល​ធ្វើ​ឱ្យ​ពួក​គេ​មិន​សូវ​ខ្វល់​ខា្វយ​ពី​រឿង​នយោបាយ​។​ លោក​បាន​មាន​ប្រសាន៍ថា​៖ “យុវជន​ខ្មែរ​ភាគ​ច្រើន​ ខ្លាច​រអា​នឹង​វប្បធម៌​នយោបាយ​ ហើយ​សង្គម​កម្ពុជា​ជា​ពិសេស​គ្រួសារ​របស់​គេ​ មិន​បាន​ជំរុញ​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​នោះ​ទេ​។​ ចំណែក​ប្រព័ន្ធ​អប់រំ​ ក៏​មិន​បាន​បញ្ចូល​មុខ​វិជ្ជា​នយោបាយ​ទៅ​ក្នុង​កម្មវិធី​សិក្សា​ ដែល​ធ្វើ​ឱ្យ​យុវជន​ ពិសេស​អ្នក​ដែល​មិន​បាន​ឆ្លង​កាត់​វគ្គ​បណ្តុះបណ្តាល​ នឹង​មិន​អាច​យល់​ពី​វា​បាន​នោះ​ទេ​​”។

លោក​ក៏​បាន​សង្កត់​ធ្ងន់​ទៅ​លើ​កម្រឹត​ជីវភាព​ផង​ដែរ​ថា​៖ “ប្រជាជន​កម្ពុជា​ជា​ច្រើន​ រស់​ក្នុង​ជីវ​ភាព​ក្រីក្រ​ ដូច្នេះ​ពួក​គេ​មិន​អាច​ចំណាយ​ពេល​ទៅ​លើ​រឿង​នយោបាយ​ទេ​ មាន​តែ​អ្នក​មាន​ធនធាន​គ្រប់​គ្រាន់​ប៉ុណ្ណោះ​”។​

លោកស្រី ជា វណ្ណាត​ អ្នក​វិភាគ​សង្គម​ និង​ ជា​អតីត​ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​​បាន​ថ្លែង​ថា​ យុវជន​មាន​ចំណាប់​អារម្មណ៍​នឹង​រឿង​នយោបាយ​ ដោយ​សារ​ពួក​គេ​មាន​សាច់ញាតិ​ជា​អ្នក​នយោបាយ​។ លោក​ស្រី​​បាន​​មាន​​ប្រសាសន៍​​ថា​​៖ “ក្នុង​​រង្វង់​​ក្រុម​​គ្រួសារ​​សាច់​ញាតិ​ជា​អ្នក​នយោបាយ​ ជា​គម្រូវ​ធ្វើ​ឱ្យ​កូន​ចៅ​មាន​ចិត្ត​ចង់​ធ្វើ​នយោបាយ​ ហើយ​អ្នក​ខ្លះ​ទៀត​ឃើញ​ធ្វើ​ការ​នៅ​ក្នុង​ភូមិ​ឃុំ​ ក៏​មាន​ចិត្តចង់ធ្វើមេភូមិ មេឃុំអីអញ្ចឹង។” លោក​ស្រី​បាន​បន្ត​ថា​ ការ​ចូល​រួម​ក្នុង​នយោបាយ​ តម្រូវ​ឱ្យ​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ មិន​មាន​ការ​ភ័យ​ខា្លច​ ហើយ​ត្រូវ​គិត​ថា​ នឹង​សម្រេច​បាន​ផល​ពេល​ដែល​ធ្វើ​។ លោក​ស្រី​សង្កត់​ធ្ងន់​ថា​៖ “អ្នក​ដែល​តែង​តែ​ខ្លាច​ មិន​ដឹង​ថា​ខ្លួន​ឯង​ខា្លច​អ្វី​ឱ្យ​ពិត​ប្រាកដ​នោះ​ទេ​ គ្រាន់​តែ​ខា្លច​ដើម្បី​ខ្លាច​ប៉ុណ្ណោះ​”។

កញ្ញា​ ហេង ដានី និស្សិត​ឆ្នាំ​ទី៤​ ផ្នែក​គណនេយ្យ​ បាន​ឱ្យ​ដឹង​ថា​ កញ្ញា​ចាប់​អារម្មណ៍​ ប៉ុន្តែ​មិន​មាន​បំណង​ចូល​រួម​ក្នុង​រឿង​នយោបាយ​ឡើយ​ ពី​ព្រោះ​ “វា​ជា​ការ​បោកប្រាស់​ និង​ អាច​ប៉ះពាល់​ដល់​សន្តិសុខ​ផ្ទាល់​ខ្លួន​”។ កញ្ញា​គិត​ថាវា​​ជា​ការ​បោកប្រាស់​ ដោយ​បាន​លើក​ឧទាហរណ៍​ថា​៖ “ដូច​ជា​ខាង​អ្នក​ឈ្នះ​ឆ្នោត​ គេ​សន្យា​ថា​នឹង​លើក​កំពស់​សេដ្ឋកិច្ច​ប្រទេស​ ធ្វើ​ឱ្យ​ប្រទេស​កាត់​បន្ថយ​ភាព​ក្រីក្រ​ ប៉ុន្តែ​ពេល​ដែល​លទ្ធផល​ចេញ​មក​ វា​មិន​អាច​ធ្វើទៅរួច គឺ​នៅ​តែ​មាន​អ្នក​ក្រី​ក្រ​ច្រើន​ដដែល​។”​