ពួកយើងត្រូវបានបញ្ជូនឱ្យមកចុះកម្មសិក្សានៅស្ថាប័នសារព័ត៌មានបាងកកប៉ុស្តិ៍ (Bangkok Post) ក្នុងប្រទេសថៃ។ ស្ថាប័នមួយនេះ គឺជាស្ថាប័នកាសែតចំណាស់ និងធំជាងគេនៅទីក្រុងបាងកក។ ក្នុងអាយុកាល៧២ឆ្នាំ បាងកកប៉ុស្តិ៍ (Bangkok Post) មានភាពចម្រុះនៃអត្ថបទព័ត៌មាន ដូចជាព័ត៌មានជាតិទូទៅ (National) ព័ត៌មានទាក់ទងនឹងជីវិតប្រចាំថ្ងៃ (Life) ព័ត៌មានកីឡា (Sport)ព័ត៌មានក្នុងតំបន់អាស៊ី (Asia Focus) ព័ត៌មានសេដ្ឋកិច្ច (Business)ជាដើម ដែលចេញផ្សាយពីពីរភាសា គឺថៃ និងអង់គ្លេស។ ក្រៅពីបោះពុម្ពចេញជាក្រដាសកាសែតជាពីរភាសា បច្ចុប្បន្នស្ថាប័នចំណាស់មួយនេះ ក៏បានវិវឌ្ឍន៍ខ្លួនតាមសម័យកាលអ៊ីនធឺណិត ដោយមានចែកចាយអត្ថបទ និងវីដេអូ លើបណ្ដាញសង្គមផងដែរ។
ភាពសំបូរបែបនៃព័ត៌មាន ធ្វើឱ្យពួកយើងពិបាកសម្រេចចិត្តថា គួរតែរៀនសូត្រនៅក្នុងផ្នែកមួយណា ព្រោះគ្រប់ផ្នែកគឺសុទ្ធសឹងតែមានចំណុចល្អៗឱ្យពួកយើងបំប៉នបន្ថែម។ ទីបំផុត ពួកយើង ក៏ជ្រើសរើសចូលផ្នែកព័ត៌មានក្នុងតំបន់អាស៊ី (Asia Focus) ព្រោះពួកយើងចង់ស្វែងយល់ ក៏ដូចជាលើកឡើងពីបញ្ហាក្នុងតំបន់មួយនេះ ពិសេសគឺទាក់ទងនឹងប្រទេសកម្ពុជាតែម្ដង ដើម្បីឱ្យអ្នកអានបានដឹង និងគិតគូរពិចារណា។
ពិតជាមិនខកបំណងមែន ការចុះកម្មសិក្សាក្នុងផ្នែកតំបន់អាស៊ី (Asia Focus) ពួកយើងទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរៀមច្បងអ្នកកាសែត។ ពួកគាត់តែងតែមជួយណែនាំ និងផ្ដល់ជាគំនិតល្អៗ លើប្រធានបទដែលពួកយើងលើកឡើងថាចង់ធ្វើ។ ពួកយើងបានរៀនសូត្រច្រើនខ្លាំងពីការចុះធ្វើការផ្ទាល់ក្នុងផ្នែកនេះ។
ក្រៅពីនេះ ស្ថាប័នបាងកកប៉ុស្តិ៍ (Bangkok Post) បានយកចិត្តទុកដាក់យ៉ាងម៉ត់ចត់លើសុវត្ថិភាពរបស់បុគ្គលិក ក៏ដូចជាអ្នកចុះកម្មសិក្សាផងដែរ។ ជាក់ស្ដែង ដោយពុំមានមធ្យោបាយធ្វើដំណើរសាធារណៈណាមួយអាចទៅដល់ស្ថាប័នបាងកកប៉ុស្តិ៍ (Bangkok Post) ព្រោះទីតាំងស្ថាប័ននេះ ស្ថិតនៅជិតតំបន់អនាធិបតេយ្យធំជាងគេក្នុងទីក្រុងបាងកក ដូចនេះ បាងកកប៉ុស្តិ៍គ្រុប មានផ្ដល់ជាសេវាដឹកជញ្ជូនបុគ្គលិកពីក្រុមហ៊ុន ទៅកាន់ផ្សារក្លងតឺយ (Klong Toey) ដែលមានចម្ងាយប្រមាណ ២គីឡូម៉ែត្រ និងជាបណ្ដុំចំណតរថយន្តក្រុងសាធារណៈផងដែរ។
ជីវិតក្នុងទីក្រុងបាងកក
កម្ពុជា និងថៃ មានវប្បធម៌ ការរស់នៅស្រដៀងគ្នា ដូច្នេះពួកយើងមានភាពងាយស្រួលក្នុងការរស់នៅ ។ រសជាតិ និងតម្លៃម្ហូបអាហារ ការស្លៀកពាក់ តុបតែងខ្លួន គឺសឹងតែដូចគ្នានឹងប្រទេសកម្ពុជា។ ដូចនេះ ពុំមាននរណាមើលមកពួកយើងជាជនបរទេសឡើយ បើពួកយើងមិននិយាយស្ដី។
យ៉ាងណាមិញ ពួកយើងក៏ជួបបញ្ហាប្រឈមចំនួនដែរ ទាក់ទងការធ្វើដំណើរ។ ដូចដែលបានដឹងស្រាប់ហើយ ចរាចរណ៍នៅទីក្រុងបាងកក មានភាពមមាញឹក និងកកស្ទះខ្លាំង។ ម្យ៉ាងវិញទៀត ផ្លូវច្រើនជាន់ និងខ្វាត់ខ្វែង។ ដូចនេះ ភ្លាមៗ ពួកយើងពិបាកនឹងចំណាំផ្លូវ ពោលគឺពួកយើងកាន់ Google Map ជាប់ជាមួយជានិច្ច។
សូមអរគុណដល់ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ (DMC) និង Konrad-adenauer-stiftung Cambodia ដែលបានផ្ដល់ឱកាសដ៏ល្អមួយ សម្រាប់ឱ្យយើងដកពិសោធភាពខ្លាំង និងភាពខ្សោយរបស់ខ្លួនឯង និងក្រេបជញ្ជក់ចំណេះដឹងថ្មីៗជាច្រើនទាក់ទងនឹងការធ្វើការងារប្រកបដោយវិជ្ជាជីវៈពីរៀមច្បងអ្នកកាសែតអាជីពនៅស្ថាប័នកាសែតបាងកកប៉ុស្តិ៍ (Bangkok Post)។ ការមកស្នាក់នៅទីក្រុងបាងកក បានបង្រៀនពួកយើងច្រើនពីរបៀបរស់នៅឯករាជ្យ។ ពួកយើងរៀនធ្វើដំណើរដោយមធ្យោបាយសាធារណៈដោយខ្លួនឯង ដោះស្រាយបញ្ហាដោយខ្លួនឯង មើលថែខ្លួនឯង។ និយាយរួម ការមកចុះកម្មសិក្សានេះ គឺជាពេលវេលាមួយដ៏ល្អ ដែលលត់ដំ និងបង្រៀនពួកយើងឱ្យរឹងមាំ និងឯករាជ្យ៕
អត្ថបទដោយ៖ ម៉េង សុខហ៊ួយ និងម៉ៅ ធានី
Leave a Reply