នៅព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៩ នេះ ដេប៉ាតឺម៉ង់ប្រពន្ធ័ផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់បន្ទប់កុំព្យូទ័រ ស្ទូឌីយោវិទ្យុ និងស្ទូឌីយោទូរទស្សន៍ ដែលបានទើបតែបញ្ចប់ការជួសជុលកែលំអនៅចុងឆ្នាំ២០១៨។
ការជួសជុលលើបន្ទប់ និងស្ទូដីយោនេះ ធ្វើឡើងក្រោមជំនួយឧបត្ថម្ភរបស់អង្គការខុនរ៉ាដអាដិនណៅអ៊ែរ (Konrad Adenauer Stiftung) ប្រចាំប្រទេសកម្ពុជា ក្នុងគោលបំណងជំរុញការបណ្តុះបណ្តាលផ្នែកសារព័ត៌មានក្នុងប្រទេសកម្ពុជាឲ្យមានភាពសម្បូរបែប និងសមស្របតាមស្តង់ដារសិក្សាអប់រំ។
លោក អ៊ុង ប៊ុនអ៊ី ប្រធានស្តីទីដេប៉ាតឺម៉ង់ប្រពន្ធ័ផ្សព្វផ្សាយ និងសារគមនាគមន៍ បានមានប្រសាសន៍ថា បន្ទប់កុំព្យូទ័រ ស្ទូឌីយោវិទ្យុ និងស្ទូឌីយោទូរទស្សន៍ ពិតជាមានសារសំខាន់ណាស់ទៅការសិក្សារបស់និសិ្សត និងការបង្រៀនរបស់សាស្រ្តាចារ្យផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ដូចជា ការសិក្សាផ្នែកវិទ្យុ ផ្នែកទូរទស្សន៍ និងការកាត់តវីដេអូ។
លោក បានរំលឹកផងដែរថា បន្ទប់កុំព្យូទ័រ ស្ទូឌីយោវិទ្យុ និងស្ទូឌីយោទូរទស្សន៍នេះ បានកសាងឡើងមានរយៈពេលយូរមកហើយ ហើយសម្ភារៈសិក្សាដូចជាកុំព្យូទ័រ តុ កៅអី និងបន្ទប់សិក្សាក៏មានសភាពចាស់ និងបានបង្ករជាផលលំបាកក្នុងការបង្រៀន និងសិក្សាផងដែរ។ ដោយបានឃើញបញ្ហាទាំងនេះ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ក៏បានស្នើទៅដល់អង្គការខុនរ៉ាដអាដិនណៅអ៊ែរ (Konrad Adenauer Stiftung) សុំជាជំនួយក្នុងការជួសជុល និងបំពាក់សម្ភារៈសិក្សាថ្មីទាន់សម័យដើម្បីងាយស្រួលដល់ការបង្រៀន និងសិក្សា។
ក្នុងពិធីនេះផងដែរ លោកបណ្ឌិត Daniel Schmuecking តំណាងអង្គការខុនរ៉ាដអាដិនណៅអ៊ែរ ប្រចាំប្រទេសកម្ពុជា បានបង្ហាញនូវភាពត្រេយអរក្នុងនាមជាម្ចាស់ជំនួយ។ លោកបណ្ឌិត បានមានប្រសាសន៍ថា អង្គការរបស់លោកពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំងដែលបានសហការជាមួយដេប៉ាតឺម៉ង់ប្រពន្ធ័ផ្សព្វផ្សាយ និងសារគមនាគមន៍មួយនេះ។ ដេប៉ាតឺម៉ង់នេះ ជាដៃគូដ៏ចំបងមួយរបស់អង្គការខុនរ៉ាដអាដិនណៅអ៊ែរ ហើយលោកនៅតែរីករាយគាំទ្រដេប៉ាតឺម៉ង់មួយនេះ ដើម្បីលើកស្ទួយវិស័យអប់រំផ្នែកសារព័ត៌មានក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសនេះ លោក សោម រតនា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានបង្ហាញនូវសេចក្តីរីករាយដែលបានឃើញដេប៉ាតឺម៉ង់ប្រពន្ធ័ផ្សព្វផ្សាយ និងសារគមនាគមន៍ មានការរីកចម្រើន និងបានបំពាក់នូវសម្ភារៈសិក្សា ដែលមានស្តង់ដារទាន់សម័យ។ លោកសង្ឃឹមថា ជាមួយនឹងការជួសជុលបន្ទប់ និងការបំពាក់ឧបករណ៍ទាន់សម័យទាំងនេះ នឹងជួយសម្រួលទៅដល់និសិ្សតក្នុងការសិក្សាឲ្យកាន់តែប្រសើរ។
លោក ក៏បានផ្តាំផ្ញើទៅដល់និសិ្សតនៃដេប៉ាតឺម៉ង់ប្រពន្ធ័ផ្សព្វផ្សាយ និងសារគមនាគមន៍ ឲ្យខិតខំប្រឹងប្រែង សិក្សា និងជួយថែរក្សាសម្ភារៈសិក្សាទាំងនេះដើម្បីការប្រើប្រាស់បានយូរអង្វែង។ ក្នុងនោះ លោក សោម រតនា ក៏បានសូមឲ្យដេបាតឺម៉ង់យកចិត្តទុកដាក់ក្នុងការពង្រឹងគុណភាពសិក្សាឲ្យកាន់តែប្រសើរទៅមុនបន្តទៀត។
ដេប៉ាតឺម៉ង់ប្រពន្ធ័ផ្សព្វផ្សាយ និងសារគមនាគមន៍ ជាដេប៉ាតឺម៉ង់ដំបូងគេបង្អស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានបណ្តុះបណ្តាលនិសិ្សតផ្នែកបរិញ្ញាបត្រផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០១។ មកដល់ពេលនេះ មាននិសិ្សត ជាច្រើននាក់បានបញ្ចប់ការសិក្សានៅទីនេះ និងកំពុងធ្វើការក្នុងស្ថាប័នសារព័ត៌មានជាច្រើន។
ឆ្លៀតក្នុងឱកាសនេះ លោក អ៊ុង ប៊ុនអ៊ី បានថ្លែងអំណរគុណទៅដល់អង្គការខុនរ៉ាដអាដិនណៅអ៊ែរ ដែលតែងតែគាំទ្រដល់ដេប៉ាតឺម៉ងមួយនេះ ឲ្យដើរទៅរកការអប់រំលើផ្នែកប្រព័ន្ធផ្សព្វផ្សាយមួយដែលមានវិជ្ជាជីវៈ និងស្តង់ដារអប់រំខ្ពស់។
គួរបញ្ជក់ផងដែរថា គម្រោងជួសជុល បន្ទប់កុំព្យូទ័រ ស្ទូឌីយោវិទ្យុ និងស្ទូឌីយោទូរទស្សន៍ នេះ បានធ្វើឡើងក្នុងខែតុលា និងបញ្ចប់ក្នុងខែធ្នូ ក្រោមថវិការប្រមាណ ៧០, ០៥៦ ដុល្លាអាមេរិក ដោយវិវត្តន៍កុំព្យូទ័រពី PC ទៅ iMac ទាំងអស់មានចំនួន ៣០ គ្រឿង៕
អត្ថបទ ដោយ DMC PR TEAM
Leave a Reply