• Skip to primary navigation
  • Skip to content
  • Skip to primary sidebar

DMC Post

ការផ្សាយរបស់និស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍

Main navigation

  • ទំព័រដើម
  • ព័ត៌មាន
    • កម្រងរូបភាព
    • វីដេអូ
    • ​បទយកការណ៍
    • គន្លឹះផ្សេងៗ
  • ព័ត៌មានអន្តរជាតិ
  • Campus News
    • អាហារូបករណ៍/ កម្មវិធីផ្លាស់ប្តរការសិក្សា
    • ព័ត៌មានទាក់ទងនឹងដេប៉ាតឺម៉ង់
      • ព័ត៌មានទាក់ទងនឹងសាកលវិទ្យាល័យ
  • Book Reviews
  • អំពីយើង
  • ស្វែងរក
  • Show Search
Hide Search

ការវិវត្តនៃមហន្តរាយបរិយាកាសក្នុងទីក្រុងបាងកក

February 17, 2019

បរិយាកាសខ្យល់អាកាសនៅក្នុងទីក្រុងបាងកក បានរំកិលទៅរកសភាពធូរស្រាលបន្តិចបើធៀបនឹងខែមករា ក្រោយពីអាជ្ញាធរ និងរដ្ឋាភិបាលប្រទេសថៃ បាននិងកំពុងចាត់វិធានការដើម្បីដោះស្រាយបញ្ហានេះ។

និស្សិតខ្មែរកំពុងបន្តការសិក្សាអនុបណ្ឌិតផ្នែកសិល្បៈទំនាក់ទំនង នៅក្នុងទីក្រុងបាងកក លោក បាន ចន្ទី បានឱ្យ​ដឹងតាម​ការសង្កេត​របស់ខ្លួនថា៖ “ស្ថានភាពខ្យល់កខ្វក់នៅទីក្រុងបាងកកហ្នឹង ឥលូវប្រសើរឡើងហើយ តែក៏នៅតែមានអ័ព្ទឬ​ខ្យល់កខ្វក់​មិនទាន់អស់។ គ្រាន់តែបរិមាណរបស់វាធ្លាក់ចុះ ហើយក៏អត់សូវជាបញ្ហាប៉ុន្មានដែរ”។

”ឥលូវគ្រាន់បើជាងមុន។ បញ្ហាដកដង្ហើមអត់សូវមានទេ។ តែបើនៅចុងខែមករា និងដើមខែកុម្ភៈនេះវិញ ខ្ញុំផ្ដាសាយធំ មានកំហាកនៅក ហើយឈឺក្បាលរងីរងើ ព្រោះតែបញ្ហាខ្យល់នេះ។” នេះជាការឲ្យដឹងពីចន្ទី។

ស្របគ្នានេះដែរ កញ្ញា អ៊ាង ឡៃធីម ដែលជានិស្សិតខ្មែរកំពុងបន្តការសិក្សានៅសកលវិទ្យាល័យ Thammasat ក្នុងទីក្រុងបាងកក ប្រាប់ថា៖ “បច្ចុប្បន្ននេះ គុណភាពខ្យល់គឺមានភាពល្អបន្តិចហើយ បើប្រៀបធៀបទៅនឹងខែមករា។ កាលពីខែមករាកន្លងទៅនេះ មានមនុស្សជាច្រើនឈឺក្អក ផ្ដាសាយ ព្រោះតែខ្យល់មិនល្អនេះ ហើយខ្ញុំក៏ជាម្នាក់នៅក្នុងនោះដែរ”។


ទោះបីជាយ៉ាងណា ឡៃធីម ក៏គូសបញ្ជាក់ផងដែរថា បញ្ហាខ្យល់កខ្វក់នៅតែជាបញ្ហាសម្រាប់អ្នកមានសុខភាពទន់ខ្សោយ។

យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក(WHO) នៅចុងឆ្នាំ២០១៨នេះ បានបង្ហាញថា​ខ្យល់ដែលយើង​ដកដង្ហើមគឺមានផ្ទុកសារធាតុបំពុលយ៉ាងធ្ងន់ធ្ងរ ហើយបច្ចុប្បន្ននេះ មានមនុស្ស៩ក្នុង​ចំណោម១០នាក់កំពុង​ដកដង្ហើមខ្យល់បំពុលនេះ។

ក្នុងរបាយការណ៍នេះ បានគូសបញ្ជាក់ថា ខ្យល់កខ្វក់នេះសម្លាប់មនុស្ស៧លាននាក់ជារៀងរាល់ឆ្នាំ ដោយវា​បង្ក​ជាជំងឺ​ដាច់សរសៃឈាមខួរក្បាល ជំងឺមហារីកសួត និងជំងឺបេះដូង។

ដើម្បីដោះស្រាយមហន្តរាយបរិយាកាសនេះ ចន្ទីរៀបរាប់តាមអ្វីដែលខ្លួនបានដឹងថា៖​“តាមការសង្កេតរបស់ខ្ញុំដែល​រស់នៅទីនេះផ្ទាល់ ខ្ញុំឃើញរដ្ឋាភិបាលថៃបានចេញនូវចំណាត់ការចំនួន២ ដើម្បីដោះស្រាយបញ្ហាខ្យល់កខ្វក់នេះ។ ទី១ គឺ៖ រដ្ឋាភិបាលបានផ្សព្វផ្សាយឲ្យប្រជាជនប្រើឡានរួមគ្នា ដូចជាប្រើឡានក្រុងសាធារណៈ ឬរថភ្លើងលើអាកាស BTS ជាដើម”។

ចំពោះចំណាត់ការទី១នេះ តាមការសង្កេតរបស់ចន្ទីផ្ទាល់ ឃើញមានប្រជាជនធ្វើតាមបានប្រមាណជា ៦០% ទៅ ៧០%។

ចំណែកចំណាត់ការទី២ គឺរដ្ឋាភិបាលថៃទើបតែចាប់ផ្ដើមធ្វើប្រមាណជាបានមួយសប្ដាហ៍ហើយនោះគឺ៖  “រដ្ឋាភិបាល​មាន​វិធានការណ៍ចុះបាញ់ទឹកតាមផ្លូវនៅក្នុងទីក្រុងបាងកក គឺគ្រប់ផ្លូវតែម្ដង។គេបាញ់ឡើងទៅលើ ហើយឱ្យ​ទម្លាក់ទឹកពេញ​ទៅលើថ្នល់។ ហើយគេបាញ់ជារៀងរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃ គេបាញ់បីដង”ពេលព្រឹក ពេលថ្ងៃ ពេលល្ងាច”។  នេះបើយោងតាមការអះអាងរបស់ចន្ទី។

វិធានការណ៍បាញ់ទឹកនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីបង្ក្រាបកុំឲ្យហ៊ុយ កុំឲ្យមានខ្យល់កខ្វក់ផ្សេងៗហ៊ុយពាសពេញ នៅតាមផ្លូវនីមួយៗ។

នាយកដ្ឋានគ្រប់គ្រងការបំពុលរបស់ប្រទេសថៃបានឲ្យដឹងថា កម្រិតខ្យល់សុវត្ថិភាពមិនប៉ះពាល់ដល់សុខភាព គឺមានកម្រិតអតិបរមា៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់។

យ៉ាងណាមិញ តាមការវាស់ស្ទង់គុណភាពខ្យល់លើភាគល្អិតនិចលPM២.៥នៅរសៀលថ្ងៃទី១៣កុម្ភៈនេះ បានឱ្យដឹងថា មានតំបន់ចំនួន២៨ ក្នុងចំណោមតំបន់ទាំង៤៣ ក្នុងទីក្រុងបាងកក កំពុងស្ថិតក្នុងកម្រិតគ្រោះថ្នាក់ ។ ជាក់ស្ដែង នៅតំបន់ Charoenkrung-Bang Kho Laem នៃក្រុងបាងកក កម្រិតគុណភាពខ្យល់ឡើងដល់ ៦៤ មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ នៅវេលាម៉ោង ៣ រសៀល ថ្ងៃទី១៣កុម្ភៈនេះ។ យោងតាមសារព័ត៌មានថៃ The Nation។

ទោះជាមានចំណាត់ការសង្គ្រោះពីរដ្ឋាភិបាលថៃយ៉ាងណា ក៏ការបំពុលបរិយាកាសនៅក្នុងទីក្រុងបាងកកនេះ ត្រូវបានគេប៉ាន់ប្រមាណថានឹងបន្តកើនឡើងទៀត។នេះជាការឲ្យដឹងពីសារព័ត៌មានថៃដដែលនេះ។

គួររំលឹកផងដែរ កាលពីចុងខែមករាកន្លងទៅនេះ សាលាមួយចំនួនក្នុងទីក្រុងបាងកក បានបិទទ្វារ ព្រោះតែសន្ទស្សន៍គុណភាពខ្យល់ (The Air Quality Index ឬ AQI) ឡើងដល់ទៅកម្រិត១៧៥ ដែលយោងតាមអង្គការសុខភាពពិភពលោក (WHO) បង្ហាញថាសន្ទស្សន៍គុណភាពខ្យល់ (The Air Quality Index ឬ AQI) មានសុវត្ថិភាពមិនប៉ះពាល់ដល់សុខភាព គឺកម្រិតអតិបរមាត្រឹមតែ២៥ ប៉ុណ្ណោះ៕

អត្ថបទដោយ៖ ម៉េង សុខហ៊ួយ 

February 17, 2019

Reader Interactions

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Primary Sidebar

អត្តបទថ្មីៗ

  • ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ចាប់ផ្តើមប្រើប្រាស់កម្មវិធី Office 365 សម្រាប់ជាជំនួយដល់ការរៀន និងការបង្រៀន
  • កង់មួយជួយក្មេងឱ្យបានចូលរៀនវិញ
  • គន្លឹះនៅក្នុងការប្រើប្រាស់កាម៉េរ៉ា DSLR ថ្នាក់មូលដ្ឋាន
  • សង្ខេបព្រឹត្តិការណ៍សំខាន់ៗក្នុងសប្តាហ៏នេះ ជាមួយនឹងបណ្តាលកាសែតក្នុងស្រុក
  • បណ្តុំកម្មវិធីផ្លាស់ប្តូរកម្មវិធីសិក្សាសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ
  • បណ្តុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត
  • ការប្រែប្រួលអាកាសធាតុ ចាប់ផ្តើមជះឥទ្ធិលដល់ជីវិតលើភពផែនដី
  • ពិព័រណ៍រូបថត ឆ្លុះបញ្ចាំងទិដ្ឋភាពក្នុងសង្គម បន្តតាំងបង្ហាញ រហូតដល់ពាក់កណ្តាលខែក្រោយ
  • មេដឹកនាំរបបសឹកថៃលោកប្រាយុទ្ធ ជាប់ឆ្នោតជានាយករដ្ឋមន្រ្តីថៃ ជាថ្មីម្តងទៀត
  • អាហារូបករណ៍ថ្នាក់វិទ្យាសាស្រ្តទៅក្រៅប្រទេស ដែលកំពុងបើកទទួលពាក្យ

ផ្នែកនៃអត្តបទ

  • campus new
  • គន្លឹះផ្សេងៗ
  • បទយកការណ៍/សម្ភាស
  • ព័ត៏មានជាតិ
  • ព្រឹត្តិការណ៍អន្តរជាតិ

Copyright © 2021

Develop by Arunreasey