ទិវាជាតិអំណានលើកទី៤ ក្រោមប្រធានបទ «ការអានបណ្ដុះវប្បធម៌ការសិក្សាពេញមួយជីវិត» ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩, ១០ និងទី១១ ខែមីនា ឆ្នាំ២០១៩ នេះ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុង។ ទិវាជាតិអំណាន ឆ្នាំនេះ រៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងគោលបំណងបំផុសការអាន ការតែងនិពន្ធ និងលើកកម្ពស់ការប្រើប្រាស់ខេមរភាសាឲ្យបានច្រើន។
តើទិវាជាតិអំណានលើកទី៤ ឆ្នាំនេះ មានអ្វីពិសេសជាងឆ្នាំមុន?
នៅក្នុងព្រឹត្តិការណ៍ទិវាជាតិអំណានលើកទី៤នេះ មានកម្មវិធីគួរឲ្យចាប់អារម្មណ៍ជាច្រើនដូចជា៖
-ការតាំងពិព័រណ៍សៀវភៅ
-សួនអំណាន៖ មានទីកន្លែងផាសុកភាពសម្រាប់អង្គុយអាន និងមានសៀវភៅជាច្រើនសម្រាប់ឲ្យខ្ចីអានផងដែរ
-ការលេងហ្គេមជាក្រុម ជាគូ និងម្នាក់ៗ
-សួនកុមារ៖ មានសកម្មភាពសប្បាយៗសម្រាប់កុមារ ដូចជា គូររូប ផាត់មុខ អានសៀវភៅ និងឆ្លើយសំណួរយករង្វាន់ជាដើម
– ការស្មូតកំណាព្យ
– និងការប្រគំតន្ត្រីជាដើម។
អ្វីដែលកាន់តែពិសេសនោះ គឺមានការចែក ជូនសៀវភៅដោយឥតគិតថ្លៃរាប់ម៉ឺនក្បាល ដូចជាសៀវភៅប្រវត្តិសាស្ត្រ សៀវភៅសម្រាប់កុមារ សៀវភៅប្រលោមលោក សៀវភៅខ្មែរ អង់គ្លេស បារាំង ហើយរឹតតែពិសេស ក៏មានសៀវភៅដែលនិពន្ធដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុង ទៀតផង។
នៅក្នុងការចែកសៀវភៅឥតគិតថ្លៃនេះ គឺមានភ្ជាប់ជាមួយនឹងលក្ខខ័ណ្ឌមួយចំនួន រួមមាន៖
១. លេងហ្គេមជាក្រុម៖ ក្នុងមួយក្រុមតម្រូវឲ្យមានសមាជិកចំនួន១០នាក់ ដើម្បីចូលរួមឆ្លើយសំនួរខ្លីៗ ប្រមាណជា៧សំណួរ ដើម្បីបានសៀវភៅម្នាក់មួយក្បាលៗទាំងអស់គ្នា
២. លេងហ្គេមនៅលើឆាក៖ អ្នកចូលរួមម្នាក់ៗ អាចទទួលបានសៀវភៅ Free ដោយគ្រាន់តែឆ្លើយសំនួរងាយៗ ខ្លីៗ
៣. លេងហ្គេមនៅសួនអំណាន៖ ការប្រកួតចម្លើយខ្លីៗជាមួយក្រុមដទៃទៀត ហើយឈ្នះសៀវភៅជាដើម។
គន្លឹះនៃការឆ្លើយសំណួរយកសៀវភៅFreeនេះ គឺសំណួរភាគច្រើនទាក់ទងនឹងចំណេះដឹងទូទៅអក្សរសិល្ប៍ខ្មែរ ភូមិវិទ្យា (ឧទាហរណ៍ដូចជាផ្ទៃក្រឡាប្រទេសកម្ពុជា) ថ្ងៃបុណ្យជាតិ ក្នុងប្រទេសកម្ពុជាជាដើម។
ទិវាជាតិអំណានលើកទី៤នេះ មានការចូលរួមពីស្ថាប័នចំនួន៥៨ និងមានចំនួនស្តង់សរុប៦៩ ហើយគ្រប់ស្តង់សៀវភៅទាំងអស់ សុទ្ធតែមានការបញ្ចុះតម្លៃចាប់ពី៥% រហូតដល់ ៦០%។
អត្ថបទដោយ៖ ម៉េង សុខហ៊ួយ
Leave a Reply