សម្រាប់ខែមីនានេះ អ្នកអាចចូលរួមកម្មវិធីសំខាន់ៗ ជាច្រើនដូចខាងក្រោម៖
១. ពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិ
ពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិដំបូង និងធំបំផុត ប្រចាំឆ្នាំ នឹងប្រព្រឹត្តិឡើងនៅថ្ងៃទី១៥ ដល់១៧ ខែមីនា ឆ្នាំ២០១៩ នៅសាលពិព័រណ៍កោះពេជ្រ។ ពិព័រណ៍នេះ មានសន្និសីទ និងការតាំងពិព័រណ៍ទាក់ទងទៅនឹងបចេ្ចកវិទ្យា ក្នុងគោលបំណងជំរុញសហគ្រិនភាពប្រកបដោយចីរភាពនៅកម្ពុជា ក៏ដូចជាជួយជំរុញនូវការបង្កើតថ្មី។ អ្នកទាំងអស់គ្នាអាចចូលរួមបានដោយសេរី!
ព័ត៌មានលម្អិត៖http://bit.ly/2VE4wpk
២. ទិវាជាតិអំណានលើកទី៤
នេះជាលើកទី៤ហើយដែលមានការរៀបចំទិវាអំណានជាតិ។ ឆ្នាំនេះ ទិវាជាតិអំណាន មានកម្មវិធីនានាដូចជាការចែកសៀវភៅឥតគិតថ្លៃ ការតាំងពិព័រណ៍សៀវភៅ និង កម្មវិធីកម្សាន្តជាច្រើនផ្សេងទៀតដើម្បីបង្កើនចំណេះដឹង។ ទិវាជាតិអំណានលើកទី៤ មានរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី៩ ដល់១១ ខែមីនា ឆ្នាំ២០១៩ នៅក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC)។
សម្រាប់ព័ត៌មានបន្ថែម៖https://www.facebook.com/events/947674172289646/
៣. មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី៩
មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី៩ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែមីនា ខាងមុខនេះ ហើយអាចចូលរួមដោយសេរី។ មហោស្រពនេះមានចាក់បញ្ចាំងនូវខ្សែភាពយន្តជាង១៣០ចំណងជើង មកពី៣៧ប្រទេស នៅទូទាំងពិភពលោក។ ខ្សែភាពយន្តទាំងនោះ រួមមានភាពយន្តខ្នាតខ្លី ភាពយន្តខ្នាតធំ ភាពយន្តឯកសារ ព្រមទាំងគំនូរជីវចល។ ចំណែក ទីតាំងចាក់បញ្ចាំងគឺមាននៅតាមរោងភាពយន្តធំៗមួយចំនួនក្នុងរាជធានីភ្នំពេញ ក្នុងនោះរួមមាន រោងភាពយន្តលេជេន, រោងភាពយន្តម៉េជ័រស៊ីណេផ្លិច, រោងភាពយន្តប្រែមស៊ីណេផ្លិច, មជ្ឈមណ្ឌលបុប្ផាណា, សាលមហោស្រពចតុម្មុខ, និងសណ្ឋាគាររ៉ូសវូដ។
អ្នកអាចទាញយកកម្មវិធីទាំងមូលបានតាមរយៈតំណភ្ជាប់៖ https://goo.gl/RkJyBY
ព័ត៌មានបន្ថែម៖https://www.facebook.com/events/260451784870393/
៤. ការសម្ដែងសម្ពោធរោងដោយសមាគមសិល្បករគោកធ្លក
នៅថ្ងៃទី១០ ខែមីនា ខាងមុខនេះ សមាគមសិល្បករគោកធ្លកនឹងសម្ដែងល្ខោនស្បែកតូច ស្បែកធំ
យីកេរដំកង់ សម្ពោធរោងនៅក្នុងបរិវេណបណ្ណាល័យជាតិ។ អ្នកចូលរួមអាចចូលទស្សនាបានដោយឥតគិតថ្លៃចាប់ពីម៉ោង ១៨:៣០ ដល់ម៉ោង ១៩:៣០។ ប៉ុន្តែ អ្នកដែលមានបំណងចូលទស្សនា ត្រូវកក់កន្លែងជាមុនតាមរយៈលេខទូរស័ព្ទទំនាក់ទំនង។
ព័ត៌មានលម្អិត៖https://www.facebook.com/events/593821954377885/
៥. ពិព័រណ៌អាហារស្លាបព្រា
តើអ្នកធ្លាប់បានភ្លក្សឬបរិភោគអាហារប្រភេទអ្វីខ្លះ? ពិព័រណ៌អាហារស្លាបព្រាមានស្ដង់លក់អាហារប្រមាណ១៥០ ដែលក្នុងនោះមានម្ហូបខ្មែរ អ៊ីតាលី បារាំង ឥណ្ឌាជាដើម។ លើសពីនេះទៅទៀត ក្នុងពិរព័រណ៍នេះមានការលេងល្បែងកម្សាន្ត ការប្រកួតញ៉ាំអាហារ និងកម្មវិធីផ្សេងៗទៀតផងដែរ។ អ្នកទាំងអស់គ្នាអាចចូលរួមពិព័រណ៌អាហារស្លាបព្រានេះ បានដោយសេរី នៅថ្ងៃទី៣០ និង៣១ ខែមីនា ឆ្នាំ២០១៩ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។
ព័ត៌មានលម្អិត៖ https://www.facebook.com/pg/SlapreaKH/
អត្ថបទដោយ៖ ទី កញ្ញា
Leave a Reply