ដើម្បីអបអរ និងស្វាគមន៍ការឈានមកដល់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ជារៀងរាល់ឆ្នាំ ប្រជាជនខ្មែរ និងអាជា្ញធរ នៅតាមបណ្ដាខេត្តនីមួយៗ បានរៀបចំបង្កើតកម្មវិធីពិសេសៗប្រចាំខេត្តរបស់ខ្លួន នោះគឺសង្ក្រាន្តឆ្នាំថ្មី។ ដោយឡែក ក្រុមយុវជន ស្ម័គ្រចិត្តមួយក្រុមមានឈ្មោះថា “និស្ស័យ” ក៏បានផ្ដួចផ្ដើមបង្កើតឱ្យមានកម្មវិធីសង្រ្កាន្តវិទ្យាល័យដើម្បីជំរុញ និងលើកស្ទួយ កម្មវិធីប្រពៃណីខ្មែរនៅតាមបណ្ដាវិទ្យាល័យ។
សង្រ្កាន្តវិទ្យាល័យ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ នៅឯវិទ្យាល័យឥន្រ្ទទេវី។ នេះជាលើកទី៤ហើយដែលកម្មវិធីជួបជុំនេះត្រូវបានរៀបចំដោយសិស្សនិស្សិត ក្រោយពីការបង្កើតឡើងដំបូងនៅឆ្នាំ២០១៦។
អ្នកគ្រប់គ្រងកម្មវិធីទូទៅ លោក ឯម ស៊ីដា បានប្រាប់ DMC ប៉ុស្តិ៍ នៅក្នុងកម្មវិធីសន្និសីទកាសែតសង្ក្រាន្តវិទ្យាល័យថា ប្រធានបទ សំខាន់សម្រាប់សង្ក្រាន្តឆ្នាំនេះគឺ “សិល្បៈប្រជាប្រិយ យុវជនសម័យថ្មី ស្មារតីតែមួយ” ដែលវានឹងផ្ដោតសំខាន់លើគោលដៅ៣គឺ បំណិនជីវិត ទេពកោសល្យសិល្បៈ និងការច្នៃប្រឌិត។ ដើម្បីសម្រេចបាននូវគោលបំណងទាំង៣នោះ វិទ្យាល័យចំនួន ៧ នៅក្នុងរាជធានីភ្នំពេញគឺវិទ្យាល័យភ្នំពេញថ្មី វិទ្យាល័យហ៊ុនសែនជម្ពូវ័ន្ត វិទ្យាល័យសាមគ្គី វិទ្យាល័សន្ធរម៉ុក វិទ្យាល័យស៊ីសុវត្ថិ វិទ្យាល័យទួលទំពូង និងវិទ្យាល័យច្បារអំពៅត្រូវបានអញ្ជើញមកចូលរួមដើម្បីប្រកួតប្រជែងស្នាដៃ និងពង្រឹង សមត្ថភាព ការងារក្រុម នឹងម្ចាស់ផ្ទះដែលជាវិទ្យាល័យឥន្ទ្រទេវីផ្ទាល់។
យុវជនស្ម័គ្រចិត្តវ័យ២៩ឆ្នាំរូបនេះ ក៏បានបន្តថា វិញ្ញាសាបំណិនជិវិតនេះនឹងតម្រូវឱ្យបេក្ខជនមកពីវិទ្យាល័យនីមួយៗចូលរួមប្រកូតក្នុងវិញ្ញាសាចុងភៅវ័យក្មេង។ បេក្ខភាពចូលរួមតម្រូវឱ្យចម្អិនម្ហូប ក្នុងគោលបំណងជំរុញ និងបង្កើតឱ្យមានសាមគ្កីភាពក្នុងក្រុម និងការសហការគ្នា ជាពិសេសជំនាញក្នុងការចម្អិនម្ហូប។ ចំណែកវិញ្ញាសាទេពកោសល្យសិល្បៈវិញ គ្រប់បេក្ខជន ចូលរួម ទាំង៨វិទ្យាល័យ នឹងត្រូវសម្ដែងសមត្ថភាពច្រៀង ក្នុងកម្មវិធី “ម្ចាស់សំនៀងវិទ្យាល័យ” (The Voice of High School)។ វិញ្ញាសានេះ តម្រូវឱ្យអ្នកចូលរួមគ្រប់រូប ច្រៀងចម្រៀងប្រពៃណីខ្មែរ ដែលមានចង្វាក់រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ជាដើម និងដើម្បី លើកទឹកចិត្តបណ្ដាសិស្សវិទ្យាល័យរូបណាដែលមានទេពកោសល្យសិល្បៈផ្នែកប្រពៃណីបានបញ្ចេញសមត្ថភាពរៀងៗខ្លួន។
លោក ស៊ីដា ក៏បានបន្តថា កម្មវិធីទី៣នៃសង្រ្កាន្តវិទ្យាល័យលើកទី៤នេះ គឺការច្នៃប្រឌិត ដែលត្រូវបានបែងចែកជាពីរ គឺយុវទូត វិទ្យាល័យ និងភូមិវិទ្យាសាស្ត្រ។ លោកបានបកស្រាយថាចំពោះចំណុចពិសេសនៃភូមិវិទ្យាសាស្ត្រ គឺត្រូវតម្រូវឱ្យបណ្ដាសាលា ដែលចូលរួមទាំងឡាយដាក់បង្ហាញស្នាដៃច្នៃប្រឌិតរបស់ខ្លួនដែលទាក់ទងនឹងបច្ចេកវិទ្យាអោយបានមួយក្នុងពិព័ណ៌សង្ក្រាន្តនេះ។ ចំណែកឯកម្មវិធីយុវទូតវិទ្យាល័យវិញ គឺបង្កើតឡើងសម្រាប់យុវជនរូបណាដែលចូលចិត្តការច្នៃម៉ូដ ធ្វើការបង្ហាញស្នាដៃ របស់ខ្លួន តាមរយៈការកែច្នៃកាកសំណល់ផ្សេងៗដែលត្រូវបានបោះចោលមកធ្វើជាសម្លៀកបំពាក់។ គោលបំណងសំខាន់ក្នុងកម្មវិធី យុវទូតវិទ្យាល័យនេះគឺជម្រុញអោយយុវជនស្រឡាញ់បរិស្ថាន និងមានគំនិតច្នៃប្រឌិត ក្នុងការប្រើប្រាស់ របស់របរឱ្យអស់ពីលទ្ធភាព។
កម្មវិធីសង្រ្កាន្តវិទ្យាល័យ នឹងប្រព្រឹត្តឡើងរយៈពេល៣ថ្ងៃនេះ នឹងមានការតាំងបង្ហាញចំនួន ៣០ ស្ដង់ និងមានភូមិខ្មែរដែលរៀបចំឡើងដោយក្រុម I Love Cambodia។ នៅក្នុងបរិវេណភូមិខ្មែរ ក្រុមយុវជនស្ម័គ្រចិត្តទាំងអស់ និងការតុបតែងនៅក្នុងនោះគឺធ្វើទៅតាមសម័យកាលលង្វែកដែលបង្កើតអោយមានភាពប្លែកដល់អ្នកដែលចូលរួម។ ក្រៅពីនេះ ក៏មានការសម្ដែងពីក្រុមនិស្សិតមកពីសាកលវិទ្យាល័យមួយចំនួនក្នុងការសម្ដែងរបាំប្រណៃណី និងការសម្ដែងពីសិល្បកករ សិល្បការិនីមួយចំនួនផងដែរ។
យុវជន ឯម ស៊ីដា ក៏សង្ឃឹមថាគ្រប់បណ្ដាវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា នឹងផ្ដួចផ្ដើម ជម្រុញ លើកទឹកចិត្តឱ្យសិស្សានុសិស្សនៅតាមវិទ្យាល័យរបស់ខ្លួនចេះសាមគ្គីគ្នា នឹងសហការគ្នាក្នុងការធ្វើអ្វីមួយ៕
អត្ថបទដោយ៖ ម៉ៅ ធានី
Leave a Reply