ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងរៀបចំពិធីសម្ពោធពិព័រណ៍រូបថតដំបូងជាលើកទី១ ក្រោមប្រធានបទ «ពីក្រោយការពិត ឬ BEHIND THE REALITY» នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ពិព័រណ៍រូបថតដំបូងបង្អស់ ក្រោមប្រធានបទ «ពីក្រោយការពិត ឬ BEHIND THE REALITY»នេះ ត្រូវបានរៀបចំឡើងដោយនិស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ដោយមានការណែនាំពីសំណាក់ លោកគ្រូ ផន ភារិទ្ធ (Miller) ។
គម្រោងនេះ រៀបចំឡើងក្នុងគោលបំណង បណ្តុះគំនិត និងទាញចំណាប់អារម្មណ៍របស់សាធារណជនឲ្យយកចិត្តទុកដាក់ចូលរួមដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជា រួមមាន បរិស្ថាន សិល្បៈបុរាណខ្មែរ និងការស្រលាញ់ភេទដូចគ្នា។
ប្រធានបទទី១ មានឈ្មោះថា “គ្មានទេពិភពលោកទី២” គឺបង្ហាញពីការព្រួយបារម្ភចំពោះបរិស្ថានសព្វថ្ងៃ ដែលមិនសូវទទួលបានការយកចិត្តទុកដាក់ពីប្រជាពលរដ្ឋ ក្នុងបញ្ហាការប្រើប្រាស់ និងចោលសំរាម ជាពិសេសកាកសំណល់ដែលមិនរលាយ ជាមូលហេតុបណ្តាលឱ្យមានគ្រោះថា្នក់ប្រឈមជាច្រើននៅថ្ងៃខាងមុខ។ គោលបំណងមួយទៀតគឺបណ្តុះទឹកចិត្តឱ្យពលរដ្ឋខ្មែរ ចូលរួមកាត់បន្ថយការប្រើប្រាស់កាកសំណល់មិនរលាយដូចជាប្លាស្ទិច និងថែរក្សារបរិស្ថានសម្រាប់ភាពប្រសើរឡើងនៅថ្ងៃមុខ។
ប្រធានបទទី២ មានចំណងជើងថា “ដំណក់ញើស”។ ជាទូទៅ យើងតែងឃើញការសម្តែងសិល្បៈរបាំបុរាណខ្មែរ នៅលើឆាកក្នុងផ្ទាំងទស្សនីយភាពស្ទើរតែល្អឥតខ្ចោះ។ ប៉ុន្តែបើក្រលេកទៅមើលរឿងរ៉ាវក្រោយភាពស្រស់ស្អាតនោះ ទើបយើងដឹងថា ការហ្វឺកហាត់ និងខិតខំព្យាយាម របស់សិល្បករវិញ គឺស្ទើរតែមិនបានទទួលការចាប់អារម្មណ៏ទាល់តែសោះ។ ដូចនេះ ដំណក់ញើស នឹងឆ្លុះបញ្ចាំងពីសកម្មភាពនៃការតស៊ូព្យាយាម និងបង្ហាញពីឆន្ទៈខ្ពស់របស់សិល្បករ ពីការហ្វឹកហាត់រហូតដល់ការសម្ដែង ក្នុងន័យថែរក្សាសិល្បៈខ្មែរក្នុងទម្រង់របាំបុរាណនេះផងដែរ។
ប្រធានបទចុងក្រោយឈ្មោះថា “ក្រមប្រតិព័ទ្ធ”។ ចំណងជើងនេះ គឺបានមកពីការបូកបញ្ចូលរវាងពាក្យ ក្រម ឬ ច្បាប់ ជាមួយ ប្រតិព័ទ្ធ ឬ ស្នេហា ពោលគឺ ច្បាប់របស់សេចក្តីស្រលាញ់។ ប្រធានបទនេះបង្កើតឡើងក្នុងគោលបំណងបង្ហាញ នូវសេចក្តីស្រលាញ់ធម្មជាតិមួយបែបរវាងមនុស្សដែលមានភេទដូចគ្នា នឹងដើម្បីផ្សព្វផ្សាយនូវសេ្នហាពួកគាត់ ដែលសាកសមនឹងទទួលបានការគាំទ្រ មិនមែនរើសអើងនោះទេ។ ក្នុងរូបថតបានបង្ហាញដោយឃើញថា អ្នកទាំងពីបានយកវត្ថុផ្សេងៗមកបាំងមុខ ដោយវត្ថុទាំងនោះគឺតំណាងសាច់រឿងនៃគូនីមួយៗ។ សេ្នហាគ្មានព្រំដែន គ្មានលក្ខខណ្ឌ មិនប្រកាន់ពូជសាសន៍ ឬភេទនោះទេ សេ្នហាគឺទូលំទូលាយ។
នៅក្នុងពិធីសម្ពោធពិព័រណ៍រូបថតនេះ ក៏មានការសម្តែងផ្ទាល់ ក្នុងផ្ទាំងទស្សនីយភាពបែបសិល្បៈ ដែលទាក់ទងទៅនឹងប្រធានបទនីមួយៗ។
អត្ថបទដោយ៖ ទី កញ្ញ
Leave a Reply