នៅទីបំផុតទៅ មេដឹកនាំរបបសឹកថៃ លោកប្រាយុទ្ធ ចាន់អូចា ត្រូវបានជ្រើសរើសជានាយករដ្ឋមន្រ្តី ជាថ្មីម្តងទៀត តាមរយៈការ ទទួលបានសម្លេងគាំទ្រយ៉ាងលើសលប់ ពីសំណាក់សមាជិកសភាទាំងពីររបស់ថៃ។ ការទទួលបានសម្លេងគាំទ្រយ៉ាងលើសលប់នេះ នឹងធ្វើឱ្យលោកប្រាយុទ្ធ ចាន់អូចា បន្តដឹកនាំប្រទេស រយៈពេល៤ ឆ្នាំទៀត។
ក្រុមសមាជិកសភា និងសមាជិកព្រឹទ្ធសភាថៃ នៅថ្ងៃពុធ ទី៥ មិថុនា ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំមួយ ដើម្បីជួបជុំគ្នា បោះឆ្នោត ជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តី នៅក្នុងនោះ លោក ប្រាយុទ្ធ ចន្ទអូចា ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីទី២៩ របស់ថៃ ដោយសំឡេងគាំទ្រចំនួន៥០០ ពីសមាជិកសភាទាំងពីរដែលមានចំនួនសរុប៧៥០សំឡេង (ព្រឹទ្ធសភា ចំនួន ២៥០ អាសនៈ) ហើយផ្ដួលគូប្រជែងមកពីសម្ព័ន្ធភាពប្រឆាំងរបបយោធា Thanathorn Juangroongruangkit ដែល ទទួលបានសំឡើងគាំទ្រ ចំនួន២៤៤ សំឡេងដែលជាសមាជិករដ្ឋសភាទាំងអស់។
កិច្ចប្រជុំក្រុមសមាជិកសភា និងសមាជិកព្រឹទ្ធសភាថៃ នាពេលនេះ ធ្វើឡើងក្រោយពី ប្រទេសមួយនេះ បានរៀបចំការបោះឆ្នោតសភាកាលពីថ្ងៃទី២៤ មីនា ឆ្នាំ២០១៩។ គណបក្សចំនួន៣ ដែលទទួលបានប្រជាប្រិយភាពនៅក្នុងការបោះឆ្នោតអាណ្ណត្តិនេះ រួមមាន គណបក្សផាឡាំងប្រាឆារ៉ាត់របស់របបសឹក គណបក្សភឿថៃដែលស្និទ្ធនឹងអតីតនាយករដ្ឋមន្រ្តីលោកថាក់ស៊ីន និងគណបក្សទើបបង្កើតថ្មីថ្មោងឈ្មោះអណាខុតម៉ៃរបស់មហាសេដ្ឋីវ័យ ៤០ឆ្នាំលោកថាណាថន។
ភ្លាមៗក្រោយទទួលបានជ័យជម្នះនេះ លោកប្រាយុទ្ធ ចាន់អូចា មេដឹកនាំរបបសឹកថៃ បានថ្លែងអំណរគុណដល់សមាជិកសភាដែលបានបោះឆ្នោតជូនលោក និងប្តេជ្ញាដឹកនាំប្រទេសឱ្យបានល្អបំផុត។
តាមរយៈលទ្ធផលបោះឆ្នោត ចេញផ្សាយ កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៩ កាលណោះ មានគណបក្សចំនួន ៣ ទទួលបានអាសនៈនាំមុខគេ គឺគណបក្សផាឡាំងប្រាឆារ៉ាត់របស់របបសឹកដែលទទួលបាន ១១៥អាសនៈ គណបក្សភឿថៃដែលស្និទ្ធនឹងអតីតនាយករដ្ឋមន្រ្តីលោកថាក់ស៊ីនទទួលបាន ១៣៦អាសនៈ និងគណបក្ស អណាខុតម៉ៃរបស់លោកថាណាថន ទទួលបាន ៨០អាសនៈ។ តែតំណែងសមាជិកសភាទាំង ៥០០នាក់ត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតដូចដែលបានរៀបចំកាលពីថ្ងៃទី២៤ មីនា។ ចំណែកតំណែងសមាជិកព្រឹទ្ធសភាទាំង ២៥០នាក់ត្រូវជ្រើសរើសតាមរយៈការតែងតាំងដោយរបបសឹកដោយមិនឆ្លងកាត់បោះឆ្នោត។
Leave a Reply