• Skip to primary navigation
  • Skip to content
  • Skip to primary sidebar

DMC Post

ការផ្សាយរបស់និស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍

Main navigation

  • ទំព័រដើម
  • ព័ត៌មាន
    • កម្រងរូបភាព
    • វីដេអូ
    • ​បទយកការណ៍
    • គន្លឹះផ្សេងៗ
  • ព័ត៌មានអន្តរជាតិ
  • Campus News
    • អាហារូបករណ៍/ កម្មវិធីផ្លាស់ប្តរការសិក្សា
    • ព័ត៌មានទាក់ទងនឹងដេប៉ាតឺម៉ង់
      • ព័ត៌មានទាក់ទងនឹងសាកលវិទ្យាល័យ
  • Book Reviews
  • អំពីយើង
  • ស្វែងរក
  • Show Search
Hide Search

ការប្រែប្រួលអាកាសធាតុ ចាប់ផ្តើមជះឥទ្ធិលដល់ជីវិតលើភពផែនដី

July 8, 2019

អ្នកគ្រប់គ្នាតែងប្រាថ្នាចង់បានពិភពលោកមានខ្យល់អាកាសបរិសុទ្ធ គ្មានផ្សែងពុល គ្មានកំណើនកម្ដៅ និងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ជាដើម។ យ៉ាងណាមិញ ដំណោះស្រាយដើម្បីសម្រេចនូវសេចក្ដីប្រាថ្នាមួយនេះ គឺជាបញ្ហាប្រឈមដ៏ស្មុគស្មាញបំផុត រហូតដល់អ្នកខ្លះព្រមទទួលយកថាវាជាបញ្ហាដែលមិនអាចដោះស្រាយបានឡើយ។ ការយល់ឃើញដូចនេះ មិនត្រឹមតែមិនអាចជួយស្រោចស្រង់ស្ថានការណ៍ឲ្យបានប្រសើរទេ ហើយថែមទាំងបានរុញច្រានឲ្យបញ្ហាមួយនេះចេះតែបណ្ដែតបណ្ដោយកាន់តែយ៉ាប់ទៅៗ ទៅតាមពេលវេលា។

មហន្តរាយរលកកម្ដៅនៅទ្វីបអឺរ៉ុប
ជាក់ស្ដែង នៅចុងខែមិថុនា ក្នុងឆ្នាំ២០១៩នេះ នៅខាងទ្វីបអឺរ៉ុប បានទទួលរងគ្រោះមហន្តរាយរលកកម្ដៅដែលមិនធ្លាប់មានពីមុនក្នុងកំណត់ត្រាប្រវត្តិសាស្ត្រ។ រលកកម្ដៅមួយនេះ បានប៉ះពាល់ដល់ផ្នែកធំនៃទ្វីបអឺរ៉ុប ពោលគឺចាប់ពីអឺរ៉ុបប៉ែកនិរតី រហូតដល់អឺរ៉ុបកណ្ដាល។
បើតាមក្រុមឧតុនិយម បានឱ្យដឹងថា ហេតុដែលបង្កឲ្យមានសីតុណ្ហភាពក្ដៅខ្លាំងបំផុតក្នុងកំណត់ត្រាប្រវត្តិសាស្ត្រនេះ គឺមកពីសម្ពាធខ្ពស់និងខ្យល់បក់ពីវាលខ្សាច់សាហារ៉ា។ បុព្វហេតុនេះ បានបណ្ដាលឲ្យប៉ះពាល់ដល់ប្រទេសមួយចំនួននៅទ្វីបអឺរ៉ុប រួមមាន ប្រទេសបារាំង ស្វីស អូទ្រីស អាល្លឺម៉ង់ សាធារណរដ្ឋឆេក និងអេស្ប៉ាញ។

តួយ៉ាង នៅប្រទេសបារាំងមានសីតុណ្ហភាពឡើងកម្ដៅខ្លាំងរហូតលើសពី ៤៥ អង្សា ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
តាមកំណត់ត្រាតាមដានសីតុណ្ហភាពនៅស្ថានីយប្រចាំប្រទេសបារាំង បានបង្ហាញថា នៅថ្ងៃទី២៨ ខែមិថុនា នៅតំបន់ Conqueyrac មានសីតុណ្ហភាពក្ដៅខ្លាំងរហូតដល់ ៤៥,៩ អង្សា។

ផលវិបាកនៃរលកកម្ដៅ

មហន្តរាយនៃរលកកម្ដៅនេះ បានធ្វើឲ្យមានមនុស្សយ៉ាងហោចណាស់១៣នាក់ បាត់បង់ជីវិត រួមមាន៖ នៅប្រទេសបារាំងស្លាប់៥នាក់ នៅអាល្លឺម៉ង់ស្លាប់៤នាក់ នៅអេស្ប៉ាញស្លាប់២នាក់ នៅអ៊ីតាលីស្លាប់១នាក់ និងនៅចក្រភពអង់គ្លេសស្លាប់១នាក់។ ជាមួយគ្នានេះដែរ មានមនុស្សប្រមាណ ៣២១ លាននាក់រងគ្រោះពីសីតុណ្ហភាពក្ដៅខ្លាំងនៅបណ្ដាប្រទេសខាងលើនេះផងដែរ។

តាមពិតទៅ រលកកម្ដៅគឺមិនមែនជាប្រធានបទថ្មីសម្រាប់អឺរ៉ុបឡើយ។ កាលពីឆ្នាំ២០១៨កន្លងទៅនេះ អឺរ៉ុបក៏ប្រឈមនឹងរលកកម្ដៅខុសធម្មតាដែលក្ដៅខ្លាំងមិនធ្លាប់ជួបប្រទះ ក្នុងកំណត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួនពីមុនមកដែរ។ យ៉ាងណាមិញ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺកម្រិតរលកកម្ដៅនៅចុងខែមិថុនានេះ គឺមានកម្រិតក្ដៅខ្លាំងចម្លែកលើសពីកំណត់ត្រាក្នុងឆ្នាំ២០១៨នេះទៅទៀត រហូតដល់បំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីនៅអឺរ៉ុបតែម្ដង។

ដើមចមបង្កឲ្យមានវិបត្តិនេះ
បើតាមការវិភាគរបស់ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ World Weather Attribution (WWA) បានបង្ហាញថា ហានិភ័យនេះបានកើតឡើងដោយសារបម្រែបម្រួលអាកាសធាតុ និងកត្តាបង្កឡើងដោយមនុស្សដូចជា កំណើនមនុស្សចាស់ នគរោបនីយកម្ម ការផ្លាស់ប្ដូររចនាសម្ព័ន្ធសង្គម និងការត្រៀមខ្លួនទប់ទល់នឹងហានិភ័យនៅមានកម្រិត។

ជាមួយគ្នានេះដែរ ខាងសារព័ត៌មាន The Guardian បានឲ្យដឹងបន្ថែមទៀតថា វាជាលទ្ធផលនៃកំណើនកាបូនឌីស៊ីតនៅក្នុងបរិយាកាស។
របាយការណ៍ពីក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ World Weather Attribution (WWA) ក៏បានឱ្យដឹងថាមនុស្សនៅតែបន្តសកម្មភាពដដែលដូចសព្វថ្ងៃ នោះរលកកម្ដៅទូទាំងអឺរ៉ុបអាចនឹងកើតមានឡើងជារៀងរាល់ឆ្នាំនៅទសវត្សឆ្នាំ២០៤០ ហើយនៅឆ្នាំ២១០០ សីតុណ្ហភាពអាចកើនឡើងពី ៣-៥ អង្សា។

កង្វះទឹកស្អាតយ៉ាងធ្ងន់ធ្ងរនៅអាស៊ីខាងត្បូង-“ប្រទេសឥណ្ឌា”
រីឯនៅឯប្រទេសឥណ្ឌាវិញ ក៏បាននិងកំពុងរងគ្រោះពីវិបត្តិទឹកយ៉ាងធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយមានមនុស្សរាប់លាននាក់នៅក្នុងប្រទេសនេះកំពុងស្ថិតក្នុងការគំរាមកំហែងពីកង្វះទឹកនេះ។ ជាក់ស្ដែង ៧០%នៃទឹកនៅក្នុងប្រទេសនេះ គឺសុទ្ធសឹងតែប្រែក្លាយជាទឹកកខ្វក់ ដែលជាហេតុធ្វើឲ្យប្រទេសមួយនេះ ឈរនៅចំណាត់ថ្នាក់សន្ទស្សន៍គុណភាពទឹកទី១២០ ក្នុងចំណោមប្រទេស១២២ ។ នេះបើយោងតាមរបាយការណ៍ពីស្ថាប័នជាតិសម្រាប់ការផ្លាស់ប្ដូរប្រទេសឥណ្ឌា នៃរដ្ឋាភិបាលប្រទេសឥណ្ឌា។

របាយការណ៍ដដែលនេះ បានឲ្យបន្ថែមថា ប្រជាជន ៦០០ លាននាក់នៅក្នុងប្រទេសនេះ កំពុងប្រឈមនឹងខ្វះខាតទឹកប្រើប្រាស់ និងបរិភោគយ៉ាងធ្ងន់ធ្ងរ។ ប្រមាណជាបីភាគបួននៃគ្រួសារនៅក្នុងប្រទេសឥណ្ឌាមិនមានទឹកផឹកគ្រប់គ្រាន់ឡើយ។

ផលវិបាកនៃកង្វះទឹក
ចំពោះផលវិបាកនៃវិបត្តិទឹកនេះ បើតាមក្រុមទីប្រឹក្សារដ្ឋាភិបាលនៃប្រទេសឥណ្ឌា បានឲ្យដឹងនៅក្នុងសារព័ត៌មាន Independent ថា៖ “ប្រជាជនប្រមាណជា ២០០.០០០ នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែមិនមានទឹកស្អាតគ្រប់គ្រាន់ ហើយវិបត្តិនេះនឹង«កាន់តែយ៉ាប់ទៅ ៗ » ខណៈដែលទីក្រុងចំនួន ២១ អាចអស់ទឹកក្រោមដីនៅត្រឹមឆ្នាំ២០២០” ។

ជាមួយគ្នានេះដែរ តាមរបាយការណ៍ពីធនាគារពិភពលោក (World Bank) បានប៉ាន់ប្រមាណថា ២១% នៃជំងឺឆ្លងនៅក្នុងប្រទេសឥណ្ឌា គឺមានទាក់ទងនឹងវិបត្តិទឹកមិនស្អាត និង កង្វះការអនុវត្តអនាម័យ។
មិនត្រឹមតែប៉ុណ្ណោះ បញ្ហាកង្វះខាតទឹកនេះ ត្រូវគេប៉ាន់ប្រមាណថានឹងធ្វើឱ្យសេដ្ឋកិច្ចផលិតផលក្នុងស្រុក (GDP)របស់ប្រទេសនេះ មានការខាតបង់រហូតដល់៦%។

ដើមចមនាំឲ្យមានវិបត្តិនេះ
បើតាមសារព័ត៌មាន MyIndia មូលហេតុដែលបណ្ដាលឲ្យមានវិបត្តិកង្វះខាតទឹកយ៉ាងធ្ងន់ធ្ងរគឺ មួយផ្នែកធំបណ្ដាលមកពីសកម្មភាពរបស់មនុស្សដូចជា៖
· ការប្រើប្រាស់ទឹកមិនមានប្រសិទ្ធភាពនៅក្នុងវិស័យកសិកម្ម
· ការបាត់បង់តំបន់ប្រពន្ធបញ្ចូលទឹកពីបុរាណដែលមានប្រពន្ធសំខាន់ប្រទាក់គ្នានឹងប្រពន្ធទឹកក្រោមដី ព្រោះតែការរីករាលដាលនៃកំណើនសំណង់ថ្មីៗ មិនបានយកចិត្តទុកដាក់លើប្រពន្ធទឹកពីបុរាណ
· ការបង្ហូរទឹកកខ្វក់ កាកសំណល់ និងសារធាតុគីមីទៅក្នុងប្រព័ន្ធទឹក
· កង្វះការគ្រប់គ្រងទឹកនិងការចែកចាយទឹកដែលមានប្រសិទ្ធភាពរវាងអ្នកប្រើប្រាស់ទីក្រុងវិស័យកសិកម្ម និងឧស្សាហកម្ម។

កង្វក់ខ្យល់នៅអាស៊ីអាគ្នេយ៍-“ប្រទេសថៃ”
នៅដើមឆ្នាំនេះ នៅទីក្រុងបាងកក និងឈៀងមៃនៃប្រទេសថៃក៏មានហានិភ័យខ្យល់កខ្វក់យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមកដែរ។ តាមការវាស់ស្ទង់គុណភាពខ្យល់លើភាគល្អិតនិចលPM២.៥ កម្រិតគុណភាពខ្យល់បានឡើងដល់ ៦៤ មីក្រូក្រាមក្នុងមួយម៉ែត្រគួបខ្យល់។ នេះបើយោងតាមសារព័ត៌មានថៃ The Nation។ គួរបញ្ជាក់ផងដែរ កម្រិតខ្យល់សុវត្ថិភាពមិនប៉ះពាល់ដល់សុខភាព គឺមានកម្រិតអតិបរមា៥០មីក្រូក្រាមក្នុងមួយម៉ែត្រគួបខ្យល់។
ម្យ៉ាងវិញទៀត បើគិតតាមការវាស់សន្ទស្សន៍គុណភាពខ្យល់ (The Air Quality Index ឬ AQI)វិញ ខ្យល់អ័ព្ទនៅប្រទេសថៃគឺ បានឡើងដល់ទៅកម្រិត១៧៥ ដែលយោងតាមអង្គការសុខភាពពិភពលោក (WHO) បង្ហាញថាសន្ទស្សន៍គុណភាពខ្យល់ (The Air Quality Index ឬ AQI) មានសុវត្ថិភាពមិនប៉ះពាល់ដល់សុខភាព គឺកម្រិតអតិបរមាត្រឹមតែ២៥ ប៉ុណ្ណោះ។

ផលវិបាកនៃកង្វក់ខ្យល់
ដោយសារឥទ្ធិពលនៃខ្យល់អ័ព្ទកខ្វក់នេះ បានធ្វើឲ្យសាលារៀនជាច្រើនត្រូវបង្ខំចិត្តបិទទ្វារ វិស័យទេសចរណ៍បានធ្លាក់ចុះ ហើយមនុស្សមានផលប៉ះពាល់ផ្ទាល់ដោយមានការឈឺបំពង់ក រលាកភ្នែក និងពិបាកដកដង្ហើមជាដើម។ នេះបើយោងតាមសារព័ត៌មានថៃ Bangkok Post។
ស្របគ្នានេះដែរ យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក(WHO) នៅចុងឆ្នាំ២០១៨កន្លងទៅនេះ បានបង្ហាញថាខ្យល់ដែលយើងដកដង្ហើមគឺមានផ្ទុកសារធាតុបំពុលយ៉ាងធ្ងន់ធ្ងរ ហើយបច្ចុប្បន្ននេះ មានមនុស្ស៩ក្នុងចំណោម១០នាក់កំពុងដកដង្ហើមខ្យល់បំពុលនេះ។ ក្នុងរបាយការណ៍នេះ បានគូសបញ្ជាក់ថា ខ្យល់កខ្វក់នេះសម្លាប់មនុស្ស៧លាននាក់ជារៀងរាល់ឆ្នាំ ដោយវាបង្កជាជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺមហារីកសួត និងជំងឺបេះដូង។

ដើមចមនាំឲ្យមានវិបត្តិនេះ
កត្តាដែលបណ្ដាលឲ្យមានខ្យល់អ័ព្ទកខ្វក់នេះ តាមសារព័ត៌មានBBC បានឲ្យដឹងថា វាកើតចេញពីសកម្មភាពរបស់មនុស្ស រួមមាន៖ ការកើនឡើងនៃយានយន្ត និងកកស្ទះចរាចរណ៍ កំណើនសំណង់ស្ថាបត្យកម្ម សកម្មភាពកសិករប្រើវិធីបុរាណដុតព្រៃយកដីដំណាំ និងការបំពុលចេញពីរោងចក្រ។
តាមពិតទៅ បញ្ហាខ្យល់អ័ព្ទកខ្វក់បង្កពីយានយន្ត រោងចក្រ និងការដុតព្រៃយកដីដំណាំនោះ គឺមិនមែនជាបញ្ហាថ្មីនៅអាស៊ានឡើយ ពោលគឺបញ្ហានេះមានតាំងពី២០ឆ្នាំមុនមកម្ល៉េះ។

ទាក់ទិននឹងបញ្ហាខ្យល់អ័ព្ទកខ្វក់នេះ លោក Apichai Sunchindah អ្នកឯកទេសអភិវឌ្ឍន៍ឯករាជ្យនិងជាអតីតនាយកប្រតិបត្តិនៃមូលនិធិអាស៊ានបានឲ្យដឹងក្នុងសារព័ត៌មានថៃ Bangkok Post៖ កាលពីឆ្នាំ២០១៦ មេដឹកនាំ(ក្នុងសមាគមអាស៊ាន) បានបង្ហាញពីការប្ដេជ្ញាចិត្តជាទ្រង់ទ្រាយធំក្នុងតំបន់ថាស្រាយបញ្ហាប្រឈមនេះដោយកំណត់ទិសដៅប្រកបដោយមហិច្ឆតាមួយ ”ប្រែក្លាយអាស៊ានតំបន់គ្មានផ្សែងអ័ព្ទពុលនៅឆ្នាំ២០២០” ។

ក្រៅពីមានការប្ដេជ្ញានៅក្នុងតំបន់ គេក៏ឃើញមានកិច្ចព្រមព្រៀងសកលជាច្រើនបានធ្វើឡើងក្នុងគោលបំណងកាត់បន្ថយបញ្ហាបម្រែបម្រួលអាកាសធាតុនេះដែរ រួមមានអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) កិច្ចព្រមព្រៀងទីក្រុងប៉ារីស (Paris Agreement) និងសន្ធិសញ្ញាអន្តរជាតិ (Kyoto Protocol) ជាដើម។

យ៉ាងណាមិញ តាមការអង្កេតជាទូទៅឃើញថា បញ្ហាបម្រែបម្រួលអាកាសធាតុនៅតែបន្តកើតមាន ហើយឥទ្ធិពលរបស់វាគឺកាន់តែអាក្រក់យ៉ាប់ទៅ ៗ៕

 

អត្ថបទដោយម៉េង សុខហ៊ួយ

July 8, 2019

Reader Interactions

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Primary Sidebar

អត្តបទថ្មីៗ

  • ដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ចាប់ផ្តើមប្រើប្រាស់កម្មវិធី Office 365 សម្រាប់ជាជំនួយដល់ការរៀន និងការបង្រៀន
  • កង់មួយជួយក្មេងឱ្យបានចូលរៀនវិញ
  • គន្លឹះនៅក្នុងការប្រើប្រាស់កាម៉េរ៉ា DSLR ថ្នាក់មូលដ្ឋាន
  • សង្ខេបព្រឹត្តិការណ៍សំខាន់ៗក្នុងសប្តាហ៏នេះ ជាមួយនឹងបណ្តាលកាសែតក្នុងស្រុក
  • បណ្តុំកម្មវិធីផ្លាស់ប្តូរកម្មវិធីសិក្សាសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ
  • បណ្តុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត
  • ការប្រែប្រួលអាកាសធាតុ ចាប់ផ្តើមជះឥទ្ធិលដល់ជីវិតលើភពផែនដី
  • ពិព័រណ៍រូបថត ឆ្លុះបញ្ចាំងទិដ្ឋភាពក្នុងសង្គម បន្តតាំងបង្ហាញ រហូតដល់ពាក់កណ្តាលខែក្រោយ
  • មេដឹកនាំរបបសឹកថៃលោកប្រាយុទ្ធ ជាប់ឆ្នោតជានាយករដ្ឋមន្រ្តីថៃ ជាថ្មីម្តងទៀត
  • អាហារូបករណ៍ថ្នាក់វិទ្យាសាស្រ្តទៅក្រៅប្រទេស ដែលកំពុងបើកទទួលពាក្យ

ផ្នែកនៃអត្តបទ

  • campus new
  • គន្លឹះផ្សេងៗ
  • បទយកការណ៍/សម្ភាស
  • ព័ត៏មានជាតិ
  • ព្រឹត្តិការណ៍អន្តរជាតិ

Copyright © 2021

Develop by Arunreasey