ព័ត៌មានសំណេរ

គណៈអធិបតីកំពុងបើកប្រអប់ កម្រងវីដេអូឯកសារ កម្ពុជាមិនបញ្ចេញយោបល់ (រូបភាព៖ ទំព័រDMC)

ខ្សែ​ភាពយន្ត​ឯកសារ​ខ្នាត​ខ្លី​ចំនួន ៨​រឿង ស្តីពីបញ្ហានៅក្នុងសង្គម ត្រូវបានដាក់បញ្ចាំងលើកដំបូងជាសាធារណៈ​ នៅល្ងាចថ្ងៃសុក្រ ទី២៨ នាបរិវេណដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កម្រងវីដេអូឯកសារនេះ ជាស្នាដៃនិស្សិត ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ជំនាន់ទី១១ ។

dmc2នៅក្នុងពិធីសម្ភោធវីដេអូឯកសារនេះ មានការអញ្ជើញចូលរួមពី លោកស្រីសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាយកដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ លោកគ្រូអ្នកគ្រូសាស្រ្ដចារ្យខ្មែរ និងបរទេស និងអ្នកចូលរួមទស្សនាប្រមាណជា៣០០នាក់។ អ្នកចូលរួមទាំងអស់ បានទស្សនាវីដេអូឯកសារ ការសំដែងខ្សែដៀវរបស់សិល្បៈករខ្មែរ ព្រមទាំងសួរសំនួរទៅកាន់ផលិតករដោយផ្ទាល់។

វីដេអូ​ឯកសារ​ខ្លីទាំងនេះ ឆ្លុះបញ្ចាំងពីតថភាពនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ដោយផលិតករមិនបានបញ្ចូលសម្លេងខ្លួនទៅក្នុងវីដេអូនោះទេ។ វីដេអូទាំងនោះស្តីពីការ​វិនិយោគ​នៅ​តំបន់​អារ៉ែង ជីវិតអ្នកប្រមូលសំរាមស៊ិនទ្រី កង្វះ​ទឹក​ស្អាត​នៅភូមិ​បណ្ដែត​ទឹក បញ្ហាកង្វះអាហារូបត្ថម្ភ ការប្រឈមនឹងការបាត់បង់ឧបករណ៍សាដៀវ ការអភិរក្សសំណង់បុរាណ តុលារប្រជាជន និងសមាគមចាស់ជរានៅកម្ពុជា។

តំណាងឲ្យផលិតករវ័យក្មេងទាំង ២៦ រូប និងជាម្ចាស់វីដែអូឯកសារ “កូរទឹកទន្លេ” កញ្ញា ម៉ៅ ច័ន្ទដាលី បាននិយាយថា ៖“គោលបំណងនៃការចាក់បញ្ចាំងវីដេអូឯកសារកម្ពុជាមិនបញ្ចេញយោបល់ភាគ៣នេះ ដើម្បីផ្ដល់ព័ត៌មានដល់ទស្សនិកដែលពួកគាត់មិនធ្លាប់បានដឹងពីមុន តួយ៉ាងដូចជា រឿង កូរទឹកទន្លេ ដែលរៀបរាប់ពីការរស់នៅរបស់អ្នកភូមិអណ្ដែតទឹក ដែលក្រុមខ្ញុំបានចុះទៅថតផ្ទាល់។”

លោក សោមរតនា ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បាននិយាយថា៖ “យើងចង់និស្សិតរបស់យើងយកទ្រឹស្ដីយកមកភ្ជាប់ជាមួយនឹងការអនុវត្ត ព្រោះតែការរៀនផ្នែកប្រព័ន្ធផ្សព្វផ្សាយនេះ បើយើងគ្រាន់តែរៀនទ្រឹស្ដី គឺមិនអាចទៅរួចនោះទេ”។

dmcលោក គ្រី លីធួ និស្សិតឆ្នាំទី២ នៃវិទ្យាស្ថានភាសាបរទេស បាននិយាយថា “ខ្ញុំសូមសរសើរពួកគាត់ដែលខំផលិត និងបញ្ចាំងរឿងរ៉ាវនៅក្នុងសង្គមពិតៗ។ រឿងខ្លះធ្វើឲ្យខ្ញុំមានអារម្មណ៍ក្តុកក្តួលនៅក្នុងចិត្តណាស់ ពេលដែលមើលវា”។ លីធួ បានបន្ថែមថា លោកស្នើសុំឲ្យផលិតករជំនាន់ក្រោយៗ ខិតខំផលិតវីដេអូឯកសារដែលឆ្លុះបញ្ចាំងពីសង្គមបន្ថែមទៀត។

គំរោងផលិតវីដេអូឯកសារនេះ ត្រូវបានគំាទ្រពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ និងទទួលជំនួយផ្នែកហិរញ្ញវត្ថុពីអង្គការGIZ។

សរសេរ​ដោយ ហេង ហ៊ុយហ៊ួង

កែ​សម្រួល​ដោយ ហ៊ាង ស្រីជា

នៅ​ពេល​ដែល​អាកាស​ធាតុ​កាន់​តែ​ក្ដៅ អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​គិត​ទៅ​ដល់​ភេសជ្ជៈឬ​ក៏បង្អែម​ត្រជាក់ៗ​ដើម្បី​បន្ថយ​កំដៅ​និង​អាការៈ​ស្រ្ដេសបន្ទាប់​ពី​ការ​នឿយហត់​ក្នុង​ការ​សិក្សារ និងការងារ។

នៅ​ថ្ងៃ​ចុង​សប្ដាហ៍​បន្ទាប់​ពី​បញ្ចប់​ការ​ប្រលង​ដ៏តានតឹង​អស់​រយៈពេល​មួយ​សប្តាហ៍ ខ្ញុំ​បាន​ទៅ​ភ្លក់​ការ៉េម​នៅ​ហាង Kane Mochi ដែល​ខ្ញុំ​ស្គាល់​តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក។ ហាង​ការ៉េម​នេះ​មាន​ចំនួន​៤ទីតាំងហើយ​ទីតាំង​ដែល​ខ្ញុំ​ទៅ​នោះ​គឺ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ៣០២ សង្កាត់​បឹងកេងកង១ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ។ ខ្ញុំ​នឹង​ប្រាប់​ដល់​អ្នក​ទាំងអស់​គ្នាពីការយល់​ឃើញ​របស់​ខ្ញុំ​ចំពោះ​ទីនេះ។

“សួស្ដី!” គឺជា​ពាក្យ​ដែល​ខ្ញុំ​ទទួល​បាន​ពី​បុគ្គលិក​ទាំង​ស្រី​ទាំង​ប្រុសបន្ទាប់​ពី​ខ្ញុំ​បើក​ទ្វារ​ហាង​ភ្លាម។ អតិថិជន​ដែល​ចូល​មក​ទីនេះអាច​ជ្រើសរើស​យក​ការ៉េម​ប្រភេទ​ថ្មី​នេះ តាម​ចំនូលចិត្ត​របស់​គេ។ការ៉េម​មាន​រាង​ដូច​ជា​នំប៉ាវ​តូច​មាន​ច្រើន​រសជាតិ​។គេ​បាន​ដាក់​តម្រៀប​គ្នា​ជាជួរ​ស្វាគមន៍​ការ​កម៉្មង់​ទិញ​ពី​អតិថិជន។ ខ្ញុំ​បាន​រើស​យក​នំប៉ាវ​តូច​ទាំងនោះ២ដុំ ពណ៌​ខៀវ រសជាតិ​ទឹកដោះគោ​ និង ពណ៌លឿង​រសជាតិ​វ៉ាន់នីឡាដែល​ពណ៌​ទាំង២​នេះ​ជា​ពណ៌​តំណាង​របស់​សាលារៀន​ខ្ញុំ។បន្ទាប់​ពី​រើស​បាន​ការ៉េម​ដែល​ត្រូវការ​ហើយខ្ញុំ​សុំ​ឲ្យ​បុគ្គលិក​នៅ​ទីនេះ​ជួយ​​សរសេរ​ពាក្យ​ថា DMCpost សម្រាប់​ជា​កាដូ​ជូន​ដល់​សាលា​ខ្ញុំ និង​វេបសាយ​របស់​ពួកយើង។ខ្ញុំ​ចូលចិត្ត​ការ​តុបតែង​នៅ​លើ​ចាន​ការ៉េម​នេះ​ណាស់ វា​មើល​ទៅ​សាមញ្ញ ប៉ុន្តែ​ទាក់​ទាញ។

ទាំង​រសជាតិ​ទឹកដោះគោ និង​រសជាតិ​វ៉ាន់នីឡា​គឺឆ្ងាញ់​សម្រាប់​ខ្ញុំ។ ការ៉េម​នេះ​នាំ​ចូល​ពី​ប្រទេស​ថៃ ដែលមាន​សំបក​ធ្វើពី​ចាហួយ​ស្វិត។ ក្រៅ​ពី​ការ៉េម​ហាង​នេះ​ក៏​មាន​ភេសជ្ជៈ​ផ្សេងៗ​ផងដែរ។ បរិយាកាស​នៅ​ទីនេះល្អ​គួរសម តាម​ជញ្ជាំង​ពណ៌ស​មាន​សរសេរ​ពាក្យ​ផ្សេងៗ ​លំអរ​​ទៅ​ដោយ​អំពូលភ្លើង​ពណ៌​ស្រទន់​។ ជាពិសេសខ្ញុំ​ចូលចិត្ត​សម្លេងចម្រៀង​លឺតិចៗ។ តុ​និង​កៅអី​ឈើ សុទ្ធ​តែ​លាប​ពណ៌សលំអរ​ដោយ​ខ្នើយ​ពណ៌លឿង និងខ្មៅ​ដែល​ជា​ពណ៌​តំណាង​ហាង Kane Mochi។

តាមការ​ឲ្យ​ដឹង​ពី​ម្ចាស់ហាងឈ្មោះ​ហាង​នេះ​ជា​ភាសា​ជប៉ុន មាន​ន័យ​បក​​ប្រែ​ជា​ភាសាខ្មែរ​ថា “មានទ្រព្យ និងរុងរឿង”។ ហាង​នេះ មាន​ដើម​កំនើត​មក​ពី​ប្រទេស​ថៃ ហើយ​សព្វ​ថ្ងៃ​នេះ ហាងនេះ​មាន​នៅក្នុង​ប្រទេស​ថៃឡាវ និង​ប្រទេស​កម្ពុជា។ ជា​រៀង​រាល់​ថ្ងៃ ហាង​នេះ​បើក​បំរើ​ការ ពី​ម៉ោង​៩ព្រឹកដល់​ម៉ោង​៩យប់។

អតិថិជន​ហាងនេះ ភាគ​ច្រើន​ជា​ក្រុម​យុវវ័យ ខ្លះ​ទៀត​មក​ទទួលទាន​ជា​លក្ខណៈ​ក្រុម​គ្រួសារ​ក៏មាន។ ខ្ញុំ​យល់​ថាអតិថិជន​នៅ​ក្នុង​ហាង​នេះ ជា​អ្នក​ដែល​មាន​ជីវភាព​ធូរធារព្រោះថា​គ្រាន់តែ​នំប៉ាវ​ការ៉េម​តូច​មួយ ក៏​មាន​តម្លៃ​១ដុល្លារ​ដែរ។ វា​ដូចជា​មាន​តម្លៃ​ថ្លៃ​បន្តិច​ហើយ សម្រាប់​សិស្ស​ដូច​ជា​រូប​ខ្ញុំ។​

ទាំង​អស់​នេះ​គ្រាន់តែ​ជា​ការ​យល់ឃើញ​របស់​ខ្ញុំចំពោះ​ហាង Kane Mochi នេះ ចំពោះ​ចំនូល​ចិត្ត​របស់​អស់​លោកអ្នក​ប្រហែល​ជា​ខុសៗ​គ្នា។ យ៉ាងណាម៉ិញ លោក​អ្នក​អាច​ជ្រើសរើស​ទីតាំង​ណា​មួយ​ដែល​លោកអ្នក​គិតថា​សាកសម។

សរសេរ​ដោយ ហេង ហ៊ុយហ៊ួង

កែ​សម្រួល​ដោយ ហ៊ាង ស្រីជា

Photo supplied by VTrust

បើទោះ​ជា​មាន​ការ​​ធ្លាក់​ចុះ​​ភ្ញៀវ​​ស្នាក់នៅ​​អាផាតមិន​ ពី ៩០% ទៅ​ ៩៥% ក្នុង​​ឆ្នាំ​​២០១៣ មក​​សល់​ត្រឹម​ ៨៤%​ក្នុង​ពាក់​កណ្តាល​​ឆមាស​ទី១នៃ​ឆ្នាំ​​​២០១៤ក្តី ​ក៍​ចំនួន​​គម្រោង​​​អាផាតមិន​​សរុប​ ​កើន​​ឡើង​ជា​​លំដាប់ ​ក្នុង​កំរិត​៣% ។ នេះ​ជា​តួរ​លេខ​យោង​តាម​របាយការណ៍​បង្ហាញ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​​ស្តី​​អំពី​របាយ​ការណ៍​អាផាតមិន​ ២០១៤ ដែល​​ប្រព្រឹត្ត​ឡើង​​នៅ​​ព្រឹក​​ថ្ងៃទី ២៨ ខែ​ កក្កដា ឆ្នាំ​២០១៤​ នៅ​ឯ​​សណ្ឋាគារ​ Raffle Hotel Le Royal។

ទីផ្សា​រ​​អគារ​ស្នាក់នៅ ឬ អាផាតមិន​​នៅ​​ក្នុង​ទីក្រុង​ភ្នំពេញ​​កើន​​ឡើង​​​យ៉ាង​ឆាប់​​រហ័ស​​ក្នុង​​រយៈពេល​​៣ឆ្នាំ​​ចុង​​ក្រោយ​​នេះ​ ពោល​​គឺ​មាន​​ចំនួន​​អាផាតមិន​​ប្រមាណ​ ​៤៧% ត្រូវ​​បាន​​សាង​សង់​​ឡើង​​ក្នុង​​កំឡុង​​ពេល​​នេះ។ ស្ថាន​ភាព​​ដែល​​គួរ​​ឲ្យ​​កត់​សម្គាល់​នេះ​​កើត​មាន​​ឡើង​​ក្រោយ​​​វិបត្តិ​​ហិរញ្ញ​វត្ថុ​សាកល​ ដែល​​សេដ្ឋកិច្ច​​ទាំង​​មូល​​ចាប់ផ្តើម​​ហក់​​ឡើង​វិញ។ នេះ​​បើ​​តាម​​របាយ​ការ​ណ៍ “​​អាផាតមិន​២០១៤”​ ដែល​សិក្សា​រ​ដោយ​​ក្រុម​ហ៊ុន​​វីត្រាស់។​

​បច្ចុប្បន្ន ក្រុង​​ភ្នំពេញ​​មាន​​ចំនួន​​អគារ​សរុប​​ដល់​ទៅ ៣៧៤អគារ ដោយ​ក្នុង​នោះ​៣% នៃ​​​អាផាតមិន​​សរុបកំពុង​ធ្វើ​ការ​សាង​សង់ ២%បញ្ចប់​ការសាងសង់​តែ​មិន​ទាន់​ដាក់​បម្រើ​សេវាកម្ម និង២%ទៀត​មិន​មាន​ប្រតិបត្តិការទាល់តែ​សោះ។ ដោយឡែក​ ៩២​%នៃអគារទាំងនេះកំពុង​បម្រើ​សេវាកម្មក្នុង​ត្រីមាស​ទី២នៃ​ឆ្នាំ២០១៤នេះ។

បើតាម​ប្រសាសន៍ លោក​ច្រឹក​ សុខនីម​ អគ្គ​នាយក​ក្រុម​ហ៊ុន​ Century 21 VTRUSTអគារស្នាក់នៅ ឬ​អាផាតមិន​ទាំងនោះ​ភាគច្រើន​មាននៅខណ្ឌចំការមន ទួល​គោក ដូនពេញ និងខណ្ឌឬស្សីកែវ។ អគារ​ដែល​មាន​តម្លៃថ្លៃជាងគេ​នោះ គឺនៅម្តុំ​បឹងកេងកង។

Photo supplied by VTrust

ការ​កើន​ឡើង​ចំនួនអាផាតមិននេះ​ នៅតែ​ជា​សញ្ញាល្អសម្រាប់អនាគតវិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ដោយ​គេ​រំពឹងថានឹង​មាន​កំណើន​នៃ​ការហូរ​ចូល​ជនជាតិបរទេស នៅពេល​មាន​​សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។​ ថ្មី​ៗនេះ​ ជន​បរទេស​ប្រមាណ ៦៨% ពោល​គឺ​ ៤៧.០០០នាក់ ទៅ ៥០.០០០​នាក់ កំពុង​តែធ្វើ​ការ​ និង​មាន​ទីលំនៅក្នុង​​ទីក្រុង​ភ្នំពេញ។

បើ​តាម​ប្រសាសន៍លោក​ច្រឹក​ សុខនីម វិនិយោគិន​លើផ្នែក​អាផាតមិន​នៅ​ប្រទេស​កម្ពុជា​ភាគច្រើន​ជាជន​ជាតិ ជប៉ុន ចិន វៀតណាម​ និង​សាំងហ្កាពួរ។

អគ្គ​នាយក​ក្រុម​ហ៊ុន​ វីត្រាស​ លោក​គុយ វ៉ាត​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃលោក​នៅ​មិន​ទាន់​ឃើញមាន​ក្រុមហ៊ុន​គ្រប់គ្រង​​ចាត់ចែង​ និងផ្តល់សេវា​កម្ម​អចលនទ្រព្យច្បាស់លាស់ណា​មួយ​នៅកម្ពុជាឡើយ។

ជាលទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ខាង​លើ អគ្គ​នាយក​ក្រុម​ហ៊ុនVRTUST Appraisal​ លោក​ ឈីត អ៊ុស្ទីវីសូ មាន​ប្រសាសន៍ថា ទិន្នន័យនៃ​របាយ​ការ​ណ៍នេះ ជាជំនួយ​ដល់វិនិយោគិន​ក្នុង​ការប្រើប្រាស់ដើម្បីគណនា តម្លៃ​អចលនទ្រព្យ មុន​​សម្រេចចិត្ត​​ក្នុង​ការ​ទិញដូរ  ហើយ​វា​ក៍ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការស្វែង​ដៃគូវិនិយោក្នុង​វិស័យនេះ។ ឯ​ខាង​ធនាគារ អាច​សម្រេចចិត្ត​កំណត់នូវ​ចំនួន​ណាមួយដែល​អាច​ឲ្យ​វិនិយោគិន​ខ្ចីប្រាក់។

គួរបញ្ជាក់​ផង​ដែរ ថាក្រុម​ហ៊ុន​ វីត្រាស​ បាន​ចេញ​ផ្សាយរបាយ​ការណ៍ស្រាវជា្រវនេះជា​លើកទី៣ហើយ​  ដែល​លើកទី១ និង​ទី២ ក្នុង​ឆ្នាំ​ ២០១៣ និង​ ដើមឆ្នាំ២០១៤ សិក្សាលើ​តម្លៃទីផ្សារ​ អាផាតមិន​។

សរសេរដោយ ខាន់ សុគុំមនោ

កែសម្រួលដោយ ហ៊ាង ស្រីជា

កម្មវិធី ថ្ងៃ​ព័ត៌មាន​ឌីអឹមស៊ី​​(DMC Information Day) ត្រូវបាន​ប្រព្រឹត្តឡើងជា​លើកដំបូង​​​ សម្រាប់​ផ្តល់​ជូន​ព័ត៌មាន​​និង​គន្លឹះ​សំខាន់ៗ​ក្នុង​ការ​ប្រលង​ជាប់​ជា​និស្សិត​អាហា​រូបករណ៍នៃដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​និង​សារគមនាគមន៏។ កម្មវិធីនេះ​ប្រព្រឹត្ត​នៅ​ព្រឹក​ថ្ងៃសៅរ៏​ ទី២៦​ ខែកក្កដា​ កន្លងទៅនេះ។​​

កម្មវិធី​នេះ​​ រៀបចំ​ឡើង​ដោយ​​អតីត​និស្សិត​អាហា​រូបករណ៍​​របស់​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍ ហើយកម្មវិធីនេះក៏បាន​ផ្តល់​ឱកាស​ឲ្យ​សាធាណជន​​ចូលរួម​​ទទួលយក​​នូវ​វិធីសាស្ត្រ​ក្នុង​ការ​ត្រៀម​រៀបចំ​ខ្លួន​ដើម្បី​បាន​អាហាររូបករណ៍​ពី​ស្ថាប័ន​អប់រំ​មួយ​នេះ​។ ​​
លោក​ អាន ​ដាញ់​ស៊ីប៉ូ ដែលជា​អ្នក​រៀបចំ​កម្មវិធី​មួយ​រូប​​​និង​ជា​និស្សិត​ទើប​តែ​បញ្ចប់​ការ​សិក្សា​ពី​ដេប៉ាតឺម៉ង់​នេះ ​​បាន​​ឲ្យ​ដឹង​ថា​កម្មវិធី​​​​ DMC Information Day នឹង​ជំរុញ​ឲ្យ​មាន​ការ​ស្គាល់​កាន់តែ​ច្រើន​ពី​សំណាក់​មហាជន​​ ក៏ដូចជា​ស្ថាប័ន​នានា​ជា​ពិសេស​សិស្ស​និស្សិត​ អំពី​ស្ថាប័ន​អប់រំ​ DMC​ ( Department of Media and Communication)។​​​ លោក​សង្ឃឹម​ថា​​នឹង​មាន​កម្មវិធី​ចែក​រំលែក​បែប​នេះ​ទៀត​នៅ​ឆ្នាំ​ក្រោយ​។​

លោក​បាន​បន្ថែម​ឲ្យ​ដឹង​ថា ​ប្រសិន​បើ​សាធារណជន​ខកខាន​ការ​ចូលរួម​កម្មវិធី​ចែក​រំលែក​នេះ ​ ពួកគាត់​អាច​ចូល​ទៅ​កាន់​វ៉េបសាយ​​ http://dmc-cci.edu.kh/  និង​គេហទំព័រ​ហ្វេសប៊ុក​ https://www.facebook.com/DMC.CCI សម្រាប់​ព័ត៌មាន​បន្ថែម​។

dmc informatin

ជា​អតីត​និស្សិត​អាហារូបករណ៍​​ជំនាន់​ទី៩​​ ដែល​ធ្លាប់​ទទួល​បាន​អាហារូបករណ៍​ទៅ​សហរដ្ឋ​អាមេរិក​ផងនោះ​​ កញ្ញា ឪកអេលីតា​ដែល​ជា​វាគ្មិន​មួយ​រូប ​​បាន​បង្ហាញ​ចំនាប់​អារម្មណ៏​ថា ព្រឹត្តិការណ៏​នេះ​ពិតជា​មាន​អត្ថប្រយោជន៍​ណាស់​។​​ កញ្ញាបន្តថា ការ​អប់រំ​នៅ​DMC មាន​គុណភាព​ដែល​ធ្វើ​ឲ្យ​គាត់​យល់ដឹង​ច្រើន​ពី​ទ្រឹស្តី​ ការ​អនុវត្ត​និង​មាន​សមត្ថភាព​ចេញ​ធ្វើការ​នៅ​ស្ថាប័ន​​សារពត៌មាន​ PHNOM PENH POST​ តាំង​ពី​គាត់រៀន​ឆ្នាំ​ទីមួយ​មក​ម្ល៉េះ។ កញ្ញា​ផ្តល់​ជា​មតិ​យោបល់​ថា​វិធីសាស្រ្ត​ក្នុងការ​ប្រលង​ជាប់​អាហារូបករណ៍​ជាស្ថាពរ​និស្សិត​គួរអាន​ឲ្យ​បាន​ច្រើន។​ លើស​ពីនេះ​ទៅទៀតនិស្សិត​គួរតែ​ពូកែ​ខាង​អក្សរសាស្រ្ត​អង់គ្លេស​​ និង​ដឹង​ពី​គោលបំណង​របស់​ខ្លួន​ក្នុងការ​សិក្សា​នៅ​DMC។

លោក​ មាន រតនា សព្វថ្ងៃ​ជា​និស្សិត​ផ្នែក​ពត៌មានវិទ្យា​ ​នៃ​វិទ្យាស្ថាន​សហប្រតិបត្តិការ​កម្ពុជា បានលើក​ឡើង​ថា តាមរយៈ​ការចូលរួម​ក្នុង​ព្រឹត្តិការណ៏​នេះគាត់​ទទួល​បាន​បទ​ពិសោធន៏​ជាច្រើន​ ពិសេស​វិធីសាស្រ្ត​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ពេល​សម្ភាសន៏។ លោក​បាន​បន្ត​ថា៖ “ខ្ញុំ​ធ្លាប់បាន​ប្រលង​ឆ្នាំមុន​តែ​មិន​បាន​ជោគជ័យ​ក្នុង​ពេល​សម្ភាសន៏ តែ​ឆ្នាំ​នេះខ្ញុំ​នឹង​ប្រលង​ម្តង​ទៀត​ដោយ​មាន​ក្តីសង្ឃឹម​៩០ភាគរយ​។”

យុវតី កុនវុទ្ធមុនីកញ្ចនា ជាសិស្ស​ថ្នាក់ទី១២​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ បាន​និយាយថា​៖ “ព្រឹត្តិការណ៏​ព្រឹកនេះ​គឺល្អ​ហួស​ពីការ​រំពឹងទុក​របស់​ខ្ញុំ​ទៅទៀត​។ ខ្ញុំ​ដឹង​ពត៌មាន​នេះ​តាមរយៈ​មិត្ត​របស់ខ្ញុំ​ម្នាក់​ដែល​សិក្សា​នៅទីនេះ​។” កញ្ញា​បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា  ការ​បង្ហាញ​ព័ត៌មាន​ពីការ​ប្រលង​ចូល ​និងវីដេអូ​មួយ​ចំនួន​ដែល​ជា​ស្នាដៃ​របស់​និស្សិត​DMC បាន​ធ្វើឲ្យ​កញ្ញា​រិតតែ​ចង់​បន្តការ​សិក្សា​នៅ​ទីនេះ ។»​

គួររំលឹក​ផង​ដែរ​ថាកម្មវិធី​ DMC Information Day និង​មាន​វគ្តបន្ត​ទៀត​នៅ​ថ្ងៃទី២៣​ ខែសីហា​ ខាងមុខ​នេះ​ មុន​នឹង​ឈាន​ដល់​ថ្ងៃ​ប្រលង​ចូលរៀន​​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១០​ ខែ​កញ្ញា ឆ្នាំ២០១៤នេះ​៕

សរសេរ​ដោយ​​ ម៉ិច​ សេរីរ័ត្ន
កែ​សម្រួល​ដោយ ហ៊ាង​ ស្រីជា

ភាពយន្តខ្លីដែលឈ្នះរង្វាន់ពីគណកម្មការ

កុនខ្នាតតូច​ចំនួន​៦រឿង​ ត្រូវបានចាក់​បញ្ចាំងនៅឯរោងភាពយន្តPlatinium Cineplex កាលពីល្ងាចថ្ងៃសុក្រ ទី១១ ខែកក្កដា។ រឿងទាំងនេះត្រូវបានផលិតឡើងក្នុងកម្មវិធីប្រកួតរឿងភាគខ្លីៗ ដែលសហការរៀបចំឡើងដោយក្រុមកុនខ្មែរកូនខ្មែរ និង៣៩១​ Production។

លោក​ ស៊ុម​ ស៊ី​ថែន ជាអ្នក​សម្រប​សម្រួល​​ក្នុង​កម្មវិធី​ បាន​ប្រាប់​ឲ្យ​ដឹង​ថា រឿង​ភាគ​ខ្លី​ៗទាំង​នោះ មាន​ចំនួន៦​រឿង ដែលទាក់ទងនឹង​ប្រធាន​បទ​ផ្សេង​ៗពីគ្នា រួមមានរឿង​ខ្មោច កំប្លែង ស្នេហា ដំណើរ​ផ្សង​ព្រេង​  និងរឿងល្ខោន។

លោកបន្តថា៖ “​កម្មវិធី​នេះ ធ្វើ​ឡើង​ក្នុង​បំណង​ចង់​បង្ហាញ​ស្នាដៃ របស់​យុវជន​ដែល​បាន​ទៅ​ចូលរួមថត​នៅ​លើ​កោះ​រ៉ុង។ បើទោះ​​ជា​វា​ខ្លី​ក៏​ដោយ​ តែ​យើង​ចង់​លើ​ក​ទឹក​ចិត្ត​ពួក​គាត់​”។​

កញ្ញា រាជ ចំប៉ារ័ត្ន ដែលជាអ្នកដឹកនាំរឿង “The Last Page” បាននិយាយថា កញ្ញាសប្បាយរីករាយដែលបានចូលរួមក្នុងកម្មវិធីនេះ ហើយប្រសិនបើមានឱកាស កញ្ញានឹងចូលរួមទៀតនៅថ្ងៃមុខ ព្រោះកម្មវិធីនេះបានធ្វើឲ្យកញ្ញាយល់ដឹងកាន់តែច្រើនទាក់ទងនឹងការផលិតខ្សែភាពយន្ត។

នៅក្នុងដំណើរការផលិតខ្សែរភាពយន្តទាំងនេះ យុវជន​ចំនួន២៤​រូប ដែលមិនបានរៀនអំពីការផលិតខ្សែភាពយន្តពីមុនមក បានបែងចែកគ្នា​ជា​៦​ក្រុម ហើយ​ចំណាយ​ពេល​​ថត​នៅទីតាំងកោះ​រ៉ុង ចំនួន​៣​យប់​ ៤​ថ្ងៃ ។ ការចុះថតនោះចាប់​ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា កន្លងទៅនេះ ដែលមានក្រុមការងារកុន​ខ្មែរ កូ​នខ្មែរ 391 Film Production និងក្រុម Klapyahand ជាការបង្ហាត់បង្រៀន និងផ្តល់ជាឧបករណ៍បច្ចេកទេស​។

ក្នុងចំណោមស្នាដៃភាពយន្តទាំង៦នោះ រឿង”The Girl and the Grandma”  ​ជា​រឿង​ដែលបានទទួលជ័យលាភី ជ្រើសរើសដោយគណៈកម្មការ។ រីឯរឿង “Crush”ដែល​ជារឿង​ស្នេហា​​ ទទួលបានជ័យលាភីជ្រើសរើសដោយទស្សនិកជន។

ដើម្បីជ្រើសរើសជ័យលាភី២ ក្នុងចំណោមរឿងទាំង​៦នេះ ​គណៈកម្មការ ចំនួន​៣​រូប ​បានធ្វើការពិនិត្យទៅ​លើប្រធាន​បទ សាច់​រឿង បច្ចេកទេសកាត់​ត​ ជា​ដើម របស់រឿងនីមួយៗ រីឯរឿងភាគមួយទៀតត្រូវបានជ្រើសរើសដោយទស្សនិកជនចំនួនមួយរយនាក់ជាងដែលបានចូលរួមទស្សនាផ្ទាល់តែម្តង។

ដោយសារតែកៅអីនៅក្នុងរោងកុនមានកំណត់ ទស្សនិកជនខ្លះសុខចិត្តអង្គុយនៅតាមជណ្តើរសាលបញ្ចាំងកុន ឬអង្គុយកៅអីមួយពីរនាក់។

កញ្ញា ទេស រ័ត្ននីរ៉ា ទស្សនិកជនម្នាក់ដែលបានចូលរួមពិធីនេះ បានថ្លែងនូវចំណាប់អារម្មណ៍ខ្លួនថា៖ “ខ្ញុំពិតជាសរសើរស្នាដៃរបស់អ្នកផលិតកុនទាំងនេះណាស់។ ខ្ញុំជឿថាពួកគាត់នឹងអាចផលិតកុនល្អៗ និងមានគុណភាពតទៅមុនទៀត។ ហើយកម្មវិធីនេះក៏បានជួយដល់យុវវ័យជំនាន់ក្រោយដែលចូលចិត្តខាងខ្សែភាពយន្តបញ្ចេញ​ទេពកោសល្យរបស់ពួកគាត់ដែរ។”

ថ្លែងនៅក្នុងពិធី លោក ស៊ុម​ ស៊ី​ថែន បាននិយាយថា៖ “នេះក៏នឹងចូលរួមចំណែកនៅក្នុងការជំរុញឲ្យរោងកុនPlaitnium Cineplex ក៏ដូចជាវិស័យរោងភាពយន្តទាំងមូលនៅក្នុងស្រុកខ្មែរមានការរីកចំរើនតទៅមុខ។”

នេះ​លើ​ក​ទី​មួយហើយដែល កុន​ខ្មែរ​ កូន​ខ្មែរ បង្កើត​កម្ម​វិធី​នេះ​ឡើង ដើម្បីបណ្តុះបណ្តាលអ្នកផលិតខ្សែភាពយន្តវ័យក្មេង។​​ បន្ទាប់​ពី​ថ្ងៃ​ ប្រកួត​នេះ​ទៅ រឿង​ទាំង​៦​នេះ នឹង​ត្រូវ​ដាក់​ផ្សាយ​ជា​សារធារណៈ នៅ​ឯ​ Meta House និងមជ្ឃមណ្ឌលបុប្ជាណា ។

សរសេរដោយ ឆាយ គីមហ៊ង និងវិញ សុជាតា

 

និស្សិតខាងផ្នែកសារព័ត៌មាន នឹងឡើងការពារសារណារបស់ខ្លួននៅថ្ងៃស្អែកនេះ

និស្សិត​ចំនួន​ ២៦នាក់​​ មក​ពី​​​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​ និង​សារគមនាគមន៍​ នៃសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​ នឹងឡើងការពារ​​សារណា​របស់ខ្លួន​​ នៅថ្ងៃទី​១៩ ២០​ និង ២១​ ខែមិថុនា​ ខាងមុខ​នេះ​។ និស្សិត​ទាំង​២៦រូប​ បាន​ជ្រើសរើស​យកប្រធានបទ​ផ្សេង​ៗ​គ្នា  រួម​មានការ​ស្រាវជ្រាវ​ ការ​ផលិត​វីដេអូ​ឯកសារ​​ ការផលិត​​កម្មវិធី​ទូរទស្សន៍​ ការ​ផលិត​​វីដេអូ​spot​ដែលទាក់ទង​នឹងសង្គម​​(social spot) ការ​ផលិត​ជាកញ្ចប់​ពហុព័ត៌មាន (Multimedia Package​ & Online) និងការ​ផលិត​ជារឿង​ខ្លី​ ជាដើម​។

ប្រើប្រាស់​​​ប្រព័ន្ធអ៊ីនធឺណែត​​​ដើម្បីរកប្រាក់​​​ចំណូល​​​ / រូបភាពពី​​​Flickr

នៅ​រយៈពេល​​​ប៉ុន្មាន​​​​ឆ្នាំ​ចុង​​ក្រោយ​​នេះ ការ​​ប្រើ​​ប្រាស់​​អ៊ីន​ធឺ​ណែត​ មាន​កំណើន​កាន់​តែ​​ច្រើន​​ឡើង។​ខណៈ​​​ដែល​អ្នក​​​ប្រើប្រាស់​​​មួយ​​​ចំនួន​ធំ​កំពុង​​​តែយក​​​​បច្ចេកវិទ្យា​​​នេះ​​​​ សម្រាប់​​​បម្រើ​​​ឲ្យ​​​ការសិក្សា​​​ ការងារ និង​​​ការកម្សាន្ត​​​ ​មនុស្ស​មួយ​ភាគ​​​ទៀត​​​កំពុង​​​តែប្រមូលយក​​​ប្រាក់ពី​​​ប្រព័ន្ធអ៊ីនធឺណែតនេះ តាមវិធីផ្សេងៗពីគ្នា។

​អ្នក​ខ្លះរកប្រាក់ ​តាម​រយៈ​ការ​ប្រើ​ប្រាស់​បណ្តាញ​ព័ត៌មាន​សង្គម ការ​សរសេរ​ប្លុក​ ឬវែប​សាយ ​ការ​បង្កើត​កម្មវិធី​​ និង​ការ​លក់​ផលិត​ផលអនឡាញជាដើម។

ជាក់​ស្តែង​ ​លោក ភិន​ សង់​តែល​ ដែល​សព្វ​ថ្ងៃ​បុគ្គលិក នៅ​ក្រុម​ហ៊ុន​ឯក​ជន​មួយ​បាន​ប្រាប់​ឲ្យ​ដឹង​​ថាក្នុង​មួយ​ខែ​ៗ លោក​​​​​អាច​រក​ចំណូល​​​​បាន​ប្រហែលជា ​២០០​ទៅ​៤០០​ដុល្លារ ពី​ការ​សរសេរគេហទំព័រ​​​ផ្ទាល់​​​ខ្លួន​​​ (ប្លុក) របស់លោក។ ភាគច្រើន​លោក​​​សរសេរ​​​អត្ថបទ​​​អំពីអ្វី​​​ដែល​​​លោក​​​ចង់​​​ឲ្យ​​​ជនបរទេស​​​ដឹង​​​អំពីប្រទេសកម្ពុជា។ ក្រៅពីនោះ លោក​​​ក៏សរសេរ​​​ទាក់​ទិន​ទៅ​នឹង​ការ​ប្រើប្រាស់​​​បច្ចេក​វិទ្យាសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ​​​​ផងដែរ។ លោកក៏អាចរកប្រាក់បានតាមរយៈ​​​ការ​សរសេរ​​សៀវភៅ​រួចដាក់​​​លក់​​​វា​​​នៅលើ​​​ប្រព័ន្ធ​​​អ៊ីនធើណែត​​​ផងដែរ​​​។​

រូបថតដោយ សីុម យុទ្ធី

កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ថ្នាក់​ពិភពលោក​ដែល​ទើប​នឹង​រៀប​ចំឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ “The Voice Cambodia”

បាន​ចាប់​ផ្តើម​បើក​ការ​ប្រឡង​របស់​ខ្លួន​នៅ​វិមាន​កោះពេជ្រ​ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​ឧសភា​នេះ ដោយ​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពីសំណាក់​បេក្ខជន បេក្ខនារី និង​អ្នក​គាំទ្រ មក​ពី​បណ្តា​ខេត្ត​ក្រុង​នានា​ទូទាំង​ប្រទេស។

20140531_100804

កម្មវីធី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស ក្រោមការ​ឧបត្ថម្ត​ពីក្រុមហ៊ុន​ស្រារបៀរ​កម្ពុជា​។ ចំពោះ​ជ័យលាភី​លេខ១​នឹង​ទទួល​បាន​ប្រាក់​វង្វាន់​ចំនួន​១០០លាន​រៀល ព្រម​ទាំង​កុងត្រា​ជា​តារា​ចម្រៀង​នៅ​ផលិតកម្ម​ហង្សមាស​។ កម្មវិធី​ប្រឡង​ចម្រៀង The Voice Cambodia នេះ មាន​ដំណើរ​ការ​នៃ​ការ​ប្រលង​មិន​ខុស​គ្នា​ពីកម្មវិធី​ The Voice នៅ​ប្រទេស​ដ៏ទៃ​ដែរ គឺ​កម្មវិធី​ជម្រុះ​មាន​៤វគ្គ ដោយ​មាន​គណៈកម្មការ​ចំនួន​៤រូប​ ហើយ​ការប្រកួត​គឺចំរាញ់​យក​តែ​អ្នកឈ្នះ​តែមួយគត់។

លោក អ៊ីង ចាន់ដារ៉ា ជា​និស្សិត​នៅ​សាកល​វិទ្យាល័យ​ពុទ្ធិ​សាស្រ្ត និង​ជា​បេក្ខជន​ចូលរួម​ប្រកួត​បាន​ឲ្យ​ដឹង​ថា​៖ កម្មវិធីនេះ​​ជា​ឱកាស​ដ៏ល្អ​មួយ​ឲ្យ​យុវជន​ខ្មែរ​ដែល​ស្រលាញ់​វិស័យ​សិល្បៈ​អាច​បញ្ចេញ​សមត្ថភាព​ និង​ទទួល​បាន​ប្រាក់​រង្វាន់​ទៀត​ផង​។ ខ្ញុំ​ចូលរួម​ប្រឡង​កម្មវិធី​នេះ ដោយសារ​តែ​ខ្ញុំ​ស្រលាញ់​វា​តាំង​ពី​ក្មេង​

លោក គង់ រចនា អ្នក​សម្រប​សម្រួល​កម្មវិធី​ប្រឡង​ចម្រៀង​នេះ​បាន​ឲ្យ​ដឹង​ថា បេក្ខជន និង បេក្ខនារី​ដែល​បាន​មក​ចូលរួម​ប្រឡង​ក្នុង​ជុំ​ទី១​នេះ មាន​ចំនួន​ប្រហែល​ជា​៣០០០​នាក់ ដែល​ក្នុង​នោះ​កម្មវិធី​តម្រូវ​ឲ្យ​ជ្រើសរើស​តែ​ជាង​១០០នាក់​តែ​ប៉ុណ្ណោះ អ្នក​ឈ្នះ​នឹង​ត្រូវ​ចូលរួម​ប្រកួត​វគ្គ​បន្ត ដែល​គេ​ហៅ​ថា​ការ​ជម្រុះ​កំបាំង​មុខ ឬ “Blind Edition”

កញ្ញា យ៉ា បី ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​ជា​បេក្ខនារី​មួយរូប​ផងដែរ​នោះ បាន​ឲ្យដឹង​ថា៖ ការ​ប្រឡងចម្រៀង​គឺជា​ក្តីស្រមៃ​របស់ខ្ញុំ​តាំងពីតូច ដូច្នេះ​ហើយ​នៅ​ពេល​ដែល​ដឹង​ថា ​កម្មវិធី​ប្រឡង​ចម្រៀង​នេះចាប់​ផ្តើម​ជ្រើសរើស​បេក្ខជន ខ្ញុំ​ក៏មក​ចុះឈ្មោះ​ភ្លាម​។ កញ្ញា​បានបន្ត​ទៀត​ថា​៖ កម្មវិធីនេះ​ជាកម្មវិធី​អន្តរជាតិ ហើយ​វា​មិនធ្លាប់​មានទេ​នៅស្រុកខ្មែរ ដូច្នេះ​ហើយ​ខ្ញុំ​ពិតជា​មាន​ចិត្ត​សប្បាយ​រីករាយ​នឹង​ចូលរួម​ប្រឡង ហើយ​មួយ​វិញ​ទៀត​ខ្ញុំ​ក៏ចង់​ល្បី​ចេញ​តាម​កញ្ចក់​ទួរទស្សន៍

គួរបញ្ជាក់​ផង​ដែរ​ថា កម្មវិធី​នេះ​ត្រូវបានបង្កើត​ឡើង​មុនដំបូង​គេបង្អស់​នៅ​សហរដ្ឋអាមេរិច​ ក្នុង​ខែ​មេសា ឆ្នាំ២០១១ ដែល​មាន​ប្រាក់វង្វាន់​ចំនួន​១សែន​ដុល្លា​អាមេរិច ហើយ​កម្មវិធីនេះ​ផងដែរ​ត្រូវបាន​ផ្សាយផ្តាច់​មុខ​ដោយស្ថានីយ​ទូរទស្សន៍ NBC។ ការប្រឡងនេះ​ធ្វើឡើង​ដោយមាន គណៈកម្មការ​ចំនួន​៤រូប ដែល​ក្នុង​នោះ​គណៈកម្មការ​ម្នាក់ៗ​មាន​តួនាទី​ជ្រើស​យក​បេក្ខជន១​ក្រុមដែល​ខ្លួន​ពេញចិត្ត រួច​បណ្តុះបណ្តាល​ដើម្បី​ធ្វើការ​ប្រឡង​ជម្រុះ​ក្នុងវគ្គ​បន្ត រហួត​ដល់រក​ឃើញ​អ្នកឈ្នះ។

សរសេរ​ដោយ៖ ជា សឹង្ហ​តារា​ឬទ្ធិ និង ស៊ីម យុទ្ធី

ពិធី​​បើក​​សម្ពោធ​មហោ​ស្រព​បេតិកភណ្ឌ​ភាពយន្ត​អន្តរជាតិ ការ​ចងចាំ​លើក​ទី២​ ត្រូវបាន​ធ្វើឡើង​នា​ល្ងាច​​ថ្ងៃ​ទី​​៣១​ខែ​ឧសភា​​នេះ នៅ​សាលមហោស្រព​ចតុមុខ​ ដោយ​មាន​​ការ​​ចាក់​ផ្សាយ​ស្នាដៃ​​ផលិត​​ខ្សែ​ភាព​យន្ត​ដែល​​កម្រ​នឹង​បាន​​ឃើញ​​។​

កម្មវិធី​​នេះ​​ប្រព្រឹត្តិ​​ទៅ​​ក្រោម​​អធិបតី​ភាព​​ដ៏​ខ្ពង់​ខ្ពស់​​ពី​​ព្រះ​​ករុណា​ ព្រះបាទ​សម្តេច​​ព្រះ​​បរម​នាថ​​ នរោត្តម​សីហ​មុនី ព្រះ​មហាក្សត្រ​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។ ដោយឡែក គេ​ក៏​សង្កេត​ឃើញ​មានការ​ចូលរួម​ពី​​បណ្តា​រាជទូត​ក្នុង​ស្រុក​ ​អ្នក​​ផលិត​​ខ្សែ​​ភាព​យន្ត​​ល្បី​ៗ​ ​និង​តារា​​សម្តែង​គឺ​ កញ្ញា​Catherine Deneuve​ផង​​ដែរ។​

អ្នក​សម្របសម្រួល​កម្មវិធី​លោក​ស៊ុម​ ស៊ី​ថែន​​​បាន​ឲ្យ​ដឹង​ថា​៖​ ​​គោលបំណង​ចំបង​របស់​កម្មវិធី​នេះ​គឺចង់​គាស់កកាយ​​ និង​បង្ហាញ​ពី​សា្នដៃ​ខ្សែ​ភាពយន្ត​ចាស់ៗ ដែល​​ផលិត​​មុន​​ទសវត្សរ៍​​ទី​៨០ ហើយ​​ចងក្រង​​វា​​ទុក​​ជា​​ការ​ចង​ចាំ​មួយ។​

ប្រធានបទរបស់ មហោស្រពភាពយន្ត​“ការចងចាំ​”ឆ្នាំនេះគឺពី​ “សំណើច” ដែល​​បាន​​ប្រមូល​ផ្តុំ​​នូវ​​ខ្សែ​ភាព​យន្ត​​ ដែល​មាន​​លក្ខណៈ​កំប្លុក​កំប្លែង​ចំនួន​​៥០​រឿង​​មក​​ពី​បណ្តា​​ប្រទេស​​ចំនួន​២០។  កម្មវិធី​ក៏បាន​​ចាក់​បញ្ចាំង​ខ្សែភាពយន្ត The circus របស់​លោក Charlie Chaplin ដើម្បី​ប្រារព្ធ​ខួបលើកទី​១០០ឆ្នាំ នៃ​ការ​បង្កើត​តួ​សាក់ឡូ។​

យ៉ាង​ណា​មិញ ​ក្នុង​ប្រទេស​ក​ម្ពុជា​​មានការ​ប្រារព្ធ​មហោស្រពភាព​យន្តធំៗ​ចំនួន២ គឺ​មហោស្រព​ភាពយន្ត​ការ​ចងចាំ​ និង​កម្មវិធី​ភាពយន្ត​អន្តរជាតិ​កម្ពុជា។ លោក​ ស៊ី​ថែន ​បាន​បញ្ជាក់​​ពី​ភាពខុស​​បែ្លក​​គ្នា​​ថា​៖” កម្មវិធី​ភាពយន្ត​អន្តរជាតិ​កម្ពុជា​​ប្រមូលផ្តុំ​រឿង​​មិនថា​ទើប​ផលិតថ្មី​ឬចាស់​ទេ​ប្រសិនណា​បើ​សុំ​សិទិ្ធ​បាន​នឹង​​អាច​បញ្ចាំង​បាន​តែម្តង​​។ ម៉្យាងទៀត​ រឿង​ទាំងអស់​ត្រូវបាន​ដាក់​ចម្រុះ​ដោយ​មិនគិត​ពី​ប្រធានបទ​ទេ។ ចំណែក​​ឯមហោ​ស្រព​ភាព​យន្ត​ការ​ចង​​ចាំ គឺ​​ប្រមូល​ផ្តុំ​​តែ​រឿង​​ណា​ដែល​​ទាក់​ទិន​ទៅ​​នឹង​​ប្រធាន​បទ​ហើយ​​ជា​​រឿង​​ចាស់ៗ។​

លោក សិរី​​វុធ​ អ្នកស្ម័គ្រ​ចិត្ត​ក្នុងកម្មវិធី​នេះបានបង្ហាញ​ពី​ចំណាប់​អារម្មណ៍របស់​លោក​ថា​៖ កម្មវិធី​​​នេះ​​ពិត​ជា​​បាន​​ផ្តល់​​ប្រយោជន៍​​ឲ្យ​​ខ្ញុំ​។ ទីមួយ​ ​ខ្ញុំ​​មាន​ឱកាស​​បាន​រៀន​​ពី​ការ​​រៀប​ចំ​​កម្មវិធី​ ទី​ពីរ​​ដោយ​សារ​​តែ​​កម្មវីធី​​នេះ​ធំ ហើយ​​ទាក់​ទង​​នឹង​​​ភាព​យន្ត​ វា​​ធ្វើ​​ឲ្យ​​ខ្ញុំ​​បាន​ជួប​ជាមួយ​​នឹង​​អ្នក​មាន​​ទេពកោសល្យ​​ជា​ច្រើន​ ដើម្បី​​ផ្លាស់​​ប្តូរ​បទ​​ពិសោធន៍។​

​មហោ​ស្រព​ភាពយន្ត ការ​ចងចាំ​​នេះ​ មាន​​បី​ស្ថាប័ន​​ធំៗ​ដែល​​ជា​អ្នក​​រៀប​ចំ គឺ​មជ្ឈមណ្ឌល​បុប្ជាណា រោង​ភាពយន្ត​ម៉េន​ម៉ូរី​ និងតិចនិច​កូល័រហ្វោនដេសិន​។​លោក​ ស៊ី​ថែន​​បាន​បង្ហាញ​​កា​រ​រំពឹង​​ទុក​​ថា ឆ្នាំក្រោយ​នឹង​អាច​មានការ​ប្រារព្ធកម្មវិធី​បែប​នេះ​ម្តង​ទៀត​ ​ព្រោះអ្នក​រៀបចំ​ឃើញថា​ប្រទេសកម្ពុជា​សឹងតែ​បាត់បង់​បេតិកភណ្ឌ​ភាពយន្ត​ទៅហើយ​។ ដូច្នេះ​​ទើប​ពួកគេ​ចង់យក​ប្រទេសកម្ពុជា​ធ្វើជា​តំណាង​ដើម្បីបង្ហាញ​ដល់ប្រទេស​ដទៃ។

គួរបញ្ជាក់​ផង​ដែរ​ថា កាល​ពី​ឆ្នាំ ២០១៣ មហោស្រពភាពយន្ត​ការចងចាំ​បាន​​ប្រារព្ធ​​ជា​លើក​​ដំបូង​​ក្នុង​ប្រទេស​​កម្ពុជា​ ​​ក្រោម​​ប្រធាន​បទ របាំដែល​បាន​​ប្រមួល​​នូវ​​ខ្សែ​ភាព​យន្ត​​ប្រមាណ​​៤០​ មកពី​បណ្តាប្រទេស​ចំនួន១០ មក​​ចាក់​បញ្ចាំង៕

សរសេរដោយ ៖ ឆាយ គីម​​ហ៊ង​ ​និង​​ឡូ​ លីដា

ខណ:​​​ដែល​​​ទូរស័ព្ទ​​​របស់​​​អ្នក​​​ត្រូវ​​​បាន​​​គេ​​​លួច​​​​ ឬ​​​បាត់បង់​​​ អ្នក​​​តែង​​​តែ​​​មាន​​​អារម្មណ៍​​​សោកស្តាយ​​​​​​។ អ្នកមិន​​​ចង់​​​​​​ឲ្យ​​​រឿង​​​​​​នេះ​​​កើតមាន​​​ឡើង​​​នោះ​​​ទេ​​​។  នៅ​​​ពេល​​​នេះ​​​ អ្នក​​​នឹង​​​អស់​​​ក្តីបារម្មណ៍​​​ អំពី​​​បញ្ហា​​​ទាំងនោះ​​​ ព្រោះថា​​​លោក​​​អ្នក​​​អាច​​​បញ្ជា​​​ គ្រប់គ្រង​​​ និងស្វែង​​​រក​​​ទូរស័ព្ទ​​​ Smart phone ដែល​​​បាត់​​​បង់​​​បាន ដោយ​​​គ្រាន់​​​តែ​​​ទាញ​​​យក​​​ Apps​​​ ទាំង​​​នេះ​​​ពី​​​ទូរស័ព្ទ​​​របស់​​​លោកអ្នក​​​៖

  1. Motion Alarm

ឧបករណ៍តាមដានSmart Phone ដ៏កំពូលទាំង៥Motion Alarm ជាប្រភេទ​​​​​​កម្មវិធី​​​របស់​​​ទូរសព្ទ័​​​ Smart Phone សំរាប់​​​ប្រើប្រាស់​​​​​​ដើម្បី​​​​​​តាមដាន​​​​​​ទូរស័ព្ទ​​​​​​ដែល​​​​​​បាន​​​​​​បាត់បង់ ​​​ឬត្រូវ​​​​​​ចោរលួច​​​​​​។ វា​​​ជា​​​កម្មវិធី​​​​​​ដែល​​​អាច​​​បន្លំភ្នែក​​​ចោរ​​​បានព្រោះ វាមានពណ៌ស្រអាប់​​​និង​​​រូបរាង​​​ស្រដៀង​​​គ្នា​​​ទៅនឹង​​​កម្មវិធី​​​ធម្មតា​​​។ នៅពេល​​​​​​ដែល​​​កម្មវិធី​​​នេះ​​​ទទួល​​​បាន​​​សញ្ញា​​​សង្ស័យ​​​ វា​​​នឹង​​​បញ្ចេញ​​​សំឡេងរោទ៍ និង​​​រាយការណ៍​​​អោយ​​​ម្ចាស់​​​ទូរស័ព្ទ​​​ តាមរយ:​​​ការ​​​តេទូរស័ព្ទ​​​ ឬ​​​បញ្ចេញសញ្ញា​​​តាម​​​GPS។ ដូច្នេះ​​​អ្នក​​​អាច​​​តាមដាន​​​វា​​​ពីចម្ងាយ​​​បាន ដោយប្រើប្រាស់​​​ Sending text messages ជាមួយ​​​នឹង​​​ការណែនាំ​​​។

  1. iHound

ឧបករណ៍តាមដានSmart Phone ដ៏កំពូលទាំង៥

កម្មវិធី​​​នេះ​​​អាចប្រើប្រាស់​​​ទីតាំង​​​ភូមិ​​​សាស្រ្ត​​​ដើម្បី​​​ស្វែង​​​រក​​​ឧបករណ៍​​​ ដូចជា​​​iphone ipad​​​​​ ឬ Samsung ដែល​​​បាន​​​បាត់​​​នៅកន្លែង​​​ជាក់លាក់​​​ណាមួយ​​​។ ចំពោះ​​​ប្រព័ន្ធ Android វា​​​ក៏អាច​​​ចាក់សោរ​​​ និងលុប​​​ឯកសារ​​​សំខាន់ៗ​​​បានផងដែរ។ ដូច្នេះ​​​បើធ្លាក់​​​ទៅ​​​ក្នុង​​​ដៃ​​​អ្នកផ្សេង​​​ គេ​​​នឹង​​​មិនអាច​​​យកឯកសារ​​​របស់អ្នក​​​បាននោះឡើយ ។រីឯ​​​ម្ចាស់​​​ទូរស័ព្ទ​​​ក៏អាច​​​គ្រប់គ្រង​​​ទូរស័ព្ទ​​​របស់ខ្លួន​​​បាន​​​ដែរ​​​ ដោយ​​​អោយ​​​វាបញ្ចេញ​​​នូវសំឡេងរោទ៍​​​ខ្លាំងៗ​​​។​ ជាពិសេស គេ​​​ក៏​​​អាចធ្វើ​​​ការឆ្លងឆ្លើយ​​​ជាមួយ​​​នឹងអ្នក​​​ដែល​​​រើសបាន​​​ទូរស័ព្ទ​​​របស់ខ្លួន​​​ផងដែរ​​​​​។

  1. GadgetTrak

ឧបករណ៍តាមដានSmart Phone ដ៏កំពូលទាំង៥

វាជា​​​កម្មវិធី​​​ដែល​​​អាចផ្តល់​​​អោយ​​​អ្នកប្រើប្រាស់​​​នូវ​​​​គុណសម្បត្តិ​​​ជាច្រើន​​​ ដូចជា ​ផ្តល់ជាសំឡេងរោទ៍​​​ និងការពារ​​​ឯកសារ​​​នៅក្នុងទូរស័ព្ទ​​​។ ចំពោះឧបករណ៍​​​ Apple កម្មវិធី GadgetTrak អាច​​​ថត​​​រូប​​​ជន​​​ដែល​​​បាន​​​លួច​​​ទូរស័ព្ទ​​​ និងស្វែ​​​ងរក​​​ទីតាំង​​​របស់អ្នកនោះបាន​​​​​​។

  1. Prey

ឧបករណ៍តាមដានSmart Phone ដ៏កំពូលទាំង៥

Prey​ មាន​​​ឯកទត្តកម្ម​​​ក្នុង​​​ការស្វែងរក​​​ទូរស័ព្ទ​​​ដែលបាន​​​បាត់បង់​​​យកមកវិញ​​​។ នៅពេល​​​ដែល​​​ម្ចាស់ទូរស័ព្ទ​​​ទទួលបាន​​​រលកសញ្ញា​​​ពីវា​​​ ពេលនោះ​​​ប៉ូលីស​​​នឹងអាច​​​ចាប់បាន​​​ចោរនោះ​​​ ក្នុងពេល​​​ប៉ុន្មាន​​​ម៉ោងក្រោយដែរ​​​។ Prey អាចធ្វើ​​​ការ​​​ត្រួតពិនិត្យ​​​ទីតាំងភូមិសាស្ត្រ កាម៉េរ៉ា​​​បើក​​​ស្វ័យ​​​ប្រវត្តិ​​​ និង​​​ការការពារ​​​ឯកសា​​​រ​​​។បើសិនជាអ្នកចង់អោយមានការការពារប្រសើងជាងនេះអ្នកអាចជ្រើសរើស​ Pro Package។

  1. Snuko

វាជាកម្មវិធី​​​ ដែលធ្វើអោយ​​​ទូរស័ព្ទ​​​របស់​​​អ្នក​​​មានសុវត្ថិភាព​​​ក្នុងករណី​​​វាត្រូវបានគេលួច​​​។ កម្មវិធីនេះ​​​នឹង​​​ធ្វើការ​​​ចាក់សោរ​​​ទូរស័ព្ទ​​​ ក្នុងករណី​​​មាន​​​ការបញ្ជា​​​តាម​​​រយ:​​​ការផ្ញើរសារ​​​ ឬ E-mail។ Snuko ក៏អាចរក្សាទុក និងលុបចោល​​​នូវ​​​ទិន្ន័យសំខាន់ៗ​​​ដែលមាន​​​នៅក្នុង​​​ទូរស័ព្ទរបស់​​​អ្នក​​​បាន​​​ផងដែរ​​​។ វាអាចធ្វើប្រតិបត្តិ​​​ការ​​​បាន​​​លើ​​​ទូរស័ព្ទ Smart Phone ដូចជា​​​ Blackberry​​​ iPhone​​​ និង Android ជាដើម​​​។

កម្មវិធី​​​ទាំងអស់នេះ​​​ លោក​​​អាចទាញ​​​យកបាន​​​ពី App store ចំពោះ​​​ឧបករណ៍iphone  និងGoogle play ចំពោះឧបករណ៍ Android។ ដូច្នេះ​​​ដើម្បីការពារសុវត្ថិភាពទូរស័ព្ទ អ្នកគួរតែមានកម្មវិធី​​​ទាំងនេះ​​​នៅក្នុងទូរស័ព្​​​ទ។

បកប្រែ និងកែសម្រួល​​​​​ : ម៉ៅមង្គលរង្សី

ប្រភព: ​​​​​​​​http://www.wix.com/blog/2012/11/5-apps-that-protect-your-phone-from-theft/

STAY CONNECTED

List10Product